ថ្ងៃអង្គារ៍ ទី១៩ ខែមីនា ឆ្នាំ២០២៤

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ ស.ស.យ.ក. មានភារកិច្ចចម្បង បំផុសយុវជនឲ្យមានស្មារតីសាមគ្គីភាព ចូលរួមអភិវឌ្ឍប្រទេសជាតិ

នាយករដ្ឋមន្ត្រី ៖ ស.ស.យ.ក. មានភារកិច្ចចម្បង បំផុសយុវជនឲ្យមានស្មារតីសាមគ្គីភាព ចូលរួមអភិវឌ្ឍប្រទេសជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក មានភារកិច្ចចម្បង ក្នុងការបង្កើតវិធីសាស្ត្រ ទាក់ទាញសមានចិត្ត ភាពច្នៃប្រតិដ្ឋ និងបត់បែន ដើម្បីអាចបំផុសយុវជន ឱ្យចូលរួមក្នុងបុព្វហេតុជាតិ។ ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បែបនេះ ដោយសារយុវជន បាន និងកំពុង ដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនលើគ្រប់វិស័យ។  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា មានភារកិច្ចចម្បងក្នុងការបង្កើតវិធីសាស្ត្រទាក់ទាញសមានចិត្ត ភាពច្នៃប្រតិដ្ឋ និងបត់បែន ដើម្បីអាចបំផុសយុវជនឱ្យចូលរួមក្នុងបុព្វហេតុជាតិ ក្នុងស្មារតីសាមគ្គីភាពរឹងមាំនៃមហាគ្រួសារយុវជនកម្ពុជា ព្រមទាំងកសាងសង្គមទំនើបមួយដ៏រឹងមាំ មានឯករាជ្យ សន្តិភាព សេរីភាព សមភាព ប្រជាធិបតេយ្យ និងមានផលិតភាពការងារខ្ពស់ ដែលជាគន្លឹះក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិ ។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដូចនេះបានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ ២០២៤ នាព្រឹកថ្ងៃទី១៤  ខែមីនា នៅសណ្ឋាគារសុខាភ្នំពេញ  ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា យុវជនបាន និង កំពុងដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបន្តថែរក្សាសមិទ្ធផលយុវជនជំនាន់មុនបន្សល់ទុក កសាងសមិទ្ធផលវិជ្ជមានបន្ថែម ព្រមទាំងរៀបចំមូលដ្ឋានរឹងម៉ាំសម្រាប់ជំនាន់ក្រោយទៀត ។ ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏ជំរុញឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា បន្តស្មារតីឆន្ទៈ និង សកម្មភាពដ៏ថ្លៃថ្លានេះ ដែលជាមូលដ្ឋានប្រកបដោយឥទ្ធិពលជាវិជ្ជមាន ក្នុងការអប់រំផ្នត់គំនិត និងឥរិយាបថរបស់យុវជន នៅគ្រប់មជ្ឈដ្ឋានឱ្យចូលរួមបន្តពូនជ្រំ និងកសាងប្រទេសជាតិ ស្រឡាញ់ទឹកដី និងមាតុភូមិ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ‐ដំណាក់កាលទី ១ ដោយរួមបញ្ចូលនូវ «កម្មវិធីគោលនយោបាយ» និង «វិធានការគន្លឹះ» សំខាន់ៗ ដែលបានកំណត់ទិសដៅ និងជាអាទិភាព ក្នុងការដឹកនាំ សំដៅឈានឆ្ពោះទៅដល់ការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់ ។ គួរបញ្ជាក់ថា  សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា "ស.ស.យ.ក." បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដោយឈរលើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ពិសេសធ្វើការបូកសរុបលទ្ធផលការងារសម្រេចបាន និងដាក់ទិសដៅអនុវត្តភារកិច្ចបន្ត ដើម្បីចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជាតិ និងប្រជាជនកម្ពុជា ។ កិច្ចប្រជុំក៏បានធ្វើការបោះឆ្នោតជ្រើសរើស សមាជិក គណៈកម្មាធិការកណ្តាលថ្មីចំនួន ១១៣ រូប ,បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ចំនួន ៥ និងបោះឆ្នោតជ្រើសរើសអនុប្រធានចំនួន ១រូប ផងដែរ៕  អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ក្រុមការងារនាយករដ្ឋមន្រ្តី   

១៥ មីនា ២០២៤
រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ បន្តគិតពីឧត្តមប្រយោជន៍ សម្រាប់ជនមានពិការភាព នៅកម្ពុជា

រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ បន្តគិតពីឧត្តមប្រយោជន៍ សម្រាប់ជនមានពិការភាព នៅកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយជាបន្តបន្ទាប់ ក្នុងការធានាការរស់នៅរបស់ជនមានពិការភាព ប្រកបដោយបរិយាបន្ន ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។ ទន្ទឹមនេះ ក៏មានការចូលរួមពីអង្គការមែនរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីសម្រេចបាននូវឧត្តមប្រយោជន៍សម្រាប់ជនមានពិការភាពនៅកម្ពុជាផងដែរ។ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ដរបស់មូលនិធិជនពិការ នៅថ្ងៃទី១៤ ខែមីនានេះ ឯកឧត្ដម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ បានថ្លែងថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់វិស័យពិការភាព ជាការងារអាទិភាព ហើយរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលគ្របដណ្តប់ទៅលើការងារអាទិភាពជាច្រើន ក្នុងនោះ វិស័យពិការភាព ក៏ត្រូវបានចាត់ទុកជាចក្ខុវិស័យរយៈពេលវែង សម្រាប់អភិវឌ្ឍន៍ ដែលជាផ្នែកមួយនៃប្រព័ន្ធគាំពារសង្គម។       ក្នុងវិស័យពិការភាពនេះ សប្បុរសជន និងសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ក៏បានរួមចំណេកទាំងធនធានថវិកា និងធនធានមនុស្ស ដើម្បីសម្រេចបាននូវឧត្តមប្រយោជន៍សម្រាប់ជនមានពិការភាពនៅកម្ពុជាផងដែរ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ នៅតែបន្តគិតពីឧត្តមប្រយោជន៍សម្រាប់ជនមានពិការភាពនៅកម្ពុជា ខណៈដែលអត្រាជនមានពិការភាពនៅកម្ពុជា នៅតែជាកង្វល់ដែលត្រូវបានដោះស្រាយជាបន្តបន្ទាប់។  ផ្អែកតាមរបាយការរណ៍ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានបង្ហាញឱ្យឃើញថា អត្រាជនមានពិការភាពនៅកម្ពុជា ដោយគិតត្រឹមអាយុ៥ឆ្នាំឡើងសរុប៦៨៩.៤៥៧នាក់ ស្មើ នឹង៤.៩% នៃប្រជាជនសរុប។ អត្រានេះ មានការកើនឡើង បើប្រៀបធៀបទៅនឹងការអង្កេតសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤ ដែលមានអត្រាជនមានពិការភាព ចំនួន៥២៤.០០០ នាក់ ស្មើ នឹង៤%។ មូលហេតុចម្បងៗ ដែលនាំឱ្យជនមានពិការនៅកម្ពុជា មានការកើនឡើង គឺ បណ្តាលមកពីជំងឺខ្វះអាហារូបត្ថម្ភ ដំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អំពើហឹង្សា គ្រោះមហន្តរាយ ចាស់ជរា និងមូលហេតុផ្សេងៗទៀត។ តាមរយៈសន្និបាតនេះ ឯកឧត្តមស្នើឱ្យសមាជិក សមាជិកានៃអង្គពិធីទាំងមូល ត្រូវលើកឡើងនូវសំណូមពរ បញ្ហាប្រឈមនានាដែលធ្លាប់ជួបប្រទះ និងឆ្លុះបញ្ចាំងពីបទពិសោធន៍ការងារ ដែលសម្រេចបានជោគជ័យកន្លងមក ក្នុងទស្សនវិស័យវែងឆ្ងាយ ដើម្បីឱ្យមូលនិធិជនពិការមានមូលដ្ឋានគ្រឺះច្បាស់លាស់ ជាគន្លឹះក្នុងការដោះស្រាយ និងដាក់ជាធាតុចូល ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤-២០២៨  ក្នុងទិសដៅជំរុញការអនុវត្តការងាររបស់ខ្លួន ឱ្យសម្រេចបានជោគជ័យ ធានានិរន្តភាព ក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទ ជូនជនមានពិការភាពប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។  ឯកឧត្តមក៏មានជំនឿថា អង្គការមែនរដ្ឋាភិបាល វិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលមានកិច្ចសហប្រតិបត្តិការល្អ និងគាំទ្រចំពោះមូលនិធិជនពិការ នឹងបន្តគាំទ្រកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ទាំងក្របខ័ណ្ឌបច្ចេកទេស និងធនធាននានា៕    អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឆិល សុភ័ស្ត និងឯកសារ    

១៥ មីនា ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យតេជោសែន កោះធំ តម្លៃជាង ១០លានដុលា្លរ

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យតេជោសែន កោះធំ តម្លៃជាង ១០លានដុលា្លរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យ «តេជោសែន កោះធំ» នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនានេះ។       ក្នុងពិធីសម្ពោធនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកមន្ទីរពេទ្យ ដែលជាសមិទ្ធផលដ៏ថ្មីសន្លាង សម្រាប់ជូនដល់ប្រជាជន ក្នុងខេត្តកណ្តាល ក៏ដូចជា ទូទាំងប្រទេស ក្រោមគោលដៅបង្ខិតសេវាសុខាភិបាល ដើម្បីលើកកម្ពស់សេវាពិនិត្យ ព្យាបាល និងការពារអាយុជីវិតប្រជាជន ឱ្យកាន់តែល្អប្រសើរ។    រាយការណ៍៖ សន រដ្ឋា  រូបភាព៖ ញិល សុជា   

១៤ មីនា ២០២៤
អភិបាលរាជធានីភ្នំពេញ ប្រាប់ឲ្យមន្ត្រីមូលដ្ឋានពង្រឹងការទប់ស្កាត់បទល្មើសគ្រឿងញៀន និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ

អភិបាលរាជធានីភ្នំពេញ ប្រាប់ឲ្យមន្ត្រីមូលដ្ឋានពង្រឹងការទប់ស្កាត់បទល្មើសគ្រឿងញៀន និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ

អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ត្រីមូលដ្ឋានខណ្ឌសង្កាត់ ចូលរួមពង្រឹងទប់ស្កាត់បទល្មើសគ្រឿងញៀន និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗ មួយចំនួន នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ការណែនាំនេះ បានធ្វើឡើង នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខណ្ឌឫស្សី កាលពីរសៀលថ្ងៃទី១២ មីនា។   ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខណ្ឌឬស្សី  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យ អភិបាលខណ្ឌទើបឡើងកាន់តំណែង និងមន្ត្រីមូលដ្ឋានខណ្ឌ សង្កាត់ ត្រូវចូលរួមទប់ស្កាត់ការជួញដូរគ្រឿងញៀន និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗមួយចំនួននៅក្នុងមូលដ្ឋាន របស់ខ្លួន។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការរៀបចំសណ្តាប់ធ្នាប់ត្រូវតែធ្វើឲ្យបានល្អ ពោលគឺប្រជាពលរដ្ឋអាចលក់ដូរបាន ហើយសណ្តាប់ធ្នាប់សាធារណៈត្រូវតែធានាថា មានលក្ខណល្អប្រសើរ មិនមានការកកស្ទះចរាចរណ៍។ បន្ថែមលើពីនេះ ឯកឧត្តម ក៏ណែនាំឱ្យអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខិតខំដោះស្រាយបញ្ហាជូនពលរដ្ឋ និងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ អោយកាន់តែល្អថែមទៀត។ គួរបញ្ជាក់ថា ពាក់ព័ន្ធលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនអាជ្ញាធររាជធានីភ្នំពេញ ធ្លាប់បានណែនាំគ្រឹះស្ថានសិក្សា និងសាលារៀន ត្រូវចូលរួមមានទប់ស្កាត់បញ្ហាគ្រឿងញៀន នៅក្នុងសាលារៀន ដោយភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច។  អាជ្ញាររាជធានីភ្នំពេញ ក៏តម្រូវឲ្យ អាជ្ញាធរខណ្ឌ និងកម្លាំងសមត្ថកិច្ចរបស់ខណ្ឌនីមួយៗ ចូលរួមក្នុងការគោរពទង់ជាតិ នៅតាមសាលារៀន ដែលធ្វើឡើង១សប្ដាហ៍២ដង ។ ការចូលរួមគោរពទង់ជាតិនេះ  អាចឲ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ច បានផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចំរើននៅក្នុងមូលដ្ឋាន ក៏ដូចជាអប់រំសិស្សពីបញ្ហាគ្រឿងញៀន និងបញ្ហាសន្តិសុខផងដែរ៕    អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ញិល សុជា    

១៤ មីនា ២០២៤
ក្មេងស្រី នៅតែងាយរងគ្រោះច្រើនជាងក្មេងប្រុស ពីការរៀបអាពាហ៍ពិពាហ៍វ័យកុមារ

ក្មេងស្រី នៅតែងាយរងគ្រោះច្រើនជាងក្មេងប្រុស ពីការរៀបអាពាហ៍ពិពាហ៍វ័យកុមារ

អង្គការភ្លែនអន្តរជាតិ បានដឹកនាំក្រុមអ្នកសារព័ត៌មាន ទៅកាន់ខេត្តរតនគិរី ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្នុងគោលបំណង បង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិនៃការរៀបអាពាហ៍ពិពាហ៍វ័យក្មេងរបស់ក្មេងស្រី។ ការរៀបអាពាហ៍ពិពាហ៍វ័យកុមាររបស់ក្មេងស្រី នៅតែមានអត្រាខ្ពស់ នៅតាមខេត្តមួយចំនួន ហើយក្មេងស្រី ក៏នៅតែជាគោលដៅងាយរងគ្រោះពីការរៀបអាពាហ៍ពិពាហ៍វ័យក្មេង ជាងក្មេងប្រុសដែរ។  បញ្ហានៃការរៀបអាពាហ៍ពិពាហ៍វ័យកុមារនៅតែបន្តកើតមានឡើង និងជាបញ្ហាប្រឈម ពិសេសនៅតំបន់ជនបទ និងដាច់ស្រយាល ដែលការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារនេះ គឺបង្កជាផលប៉ះពាល់ដល់សុខភាព រាងកាយ ការមានផ្ទៃពោះវ័យក្មេង ករណីអំពើហិង្សា និងបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារជាដើម។  ថ្លែងនៅក្នុងដំណើរទស្សនកិច្ចសិក្សារបស់អង្គការ ភ្លែនអន្តរជាតិកម្ពុជា ដែលដឹកនាំក្រុមអ្នកសារព័ត៌មានទៅកាន់ខេត្តរតនៈគិរី ក្នុងគោលបំណបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិនៃការរៀបអាពាហ៍ពិពាហ៍វ័យក្មេងរបស់ក្មេងស្រី ពីថ្ងៃទី  ១១ ដល់ថ្ងៃទី ១៥ខែមីនា ឆ្នាំ២០២៤  លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា គោលដៅរបស់អង្គការ ភ្លែនអន្តរជាតិកម្ពុជា គឺផ្តោតសំខាន់ទៅលើក្មេងស្រីជាងក្មេងប្រុស ខណៈក្មេងស្រីងាយរងគ្រោះពីការរៀបអាពាហ៍ពិពាហ៍វ័យកុមារជាងក្មេងប្រុស។   លោកបន្ថែមថា អង្គការភ្លែន គឺធ្វើការទៅលើសមភាពយេនឌ័រ ដែលគិតគូរទាំងក្មេងស្រី និងក្មេងប្រុស ប៉ុន្តែក្មេងស្រីគឺជាក្រុមគោលដៅ ដែលងាយរងគ្រោះច្រើនជាង និងចង់ពង្រឹងសិទ្ធិអំណាច ក្នុងការសម្រេចចិត្តផ្សេងៗរបស់ក្មេងស្រីឱ្យប្រហាក់ប្រហែលជាមួយក្មេងប្រុសដែរ។ លោកក៏បានបន្ថែមថា ការរៀបអាពាហ៍ពិពាហ៍វ័យកុមារដែលនៅតែកើតមានឡើងនេះ ក៏បណ្តាលមកពីទស្សនៈចាស់គំរិលមួយចំនួន ដែលតែងតែត្រូវបានលើកឡើងនៅតាមសហគមន៍នីមួយៗ ពិសេសគឺទស្សនៈដែលលើកឡើងថា កូនស្រីមិនគួរត្រូវបានរៀនខ្ពង់ខ្ពស់ និងមិនគួរដើរហើរឆ្ងាយនោះទេ ដែលទាំងនេះ នៅតែជារនាំងក្នុងការបណ្តាលឱ្យមានការរៀបអាពាហ៍ពិពាហ៍វ័យកុមារនេះ។  យោងតាមការសិក្សាស្រាវជ្រាវដើមគ្រារបស់អង្គការភ្លែនអន្តរជាតិ សហការជាមួយក្រសួងកិច្ចការនារីនៅក្នុងឆ្នាំ ២០២៤នេះ ទៅលើខេត្តគោលដៅចំនួន ៩នៅទូទាំងប្រទេស ខេត្តរតនៈគិរីមានអត្រានៃស្ត្រីដែលរៀបអាពាហ៍ពិពាហ៍មុនអាយុ ១៨ឆ្នាំខ្ពស់ជាងគេ រហូតដល់ ៣៧.៣% ខណៈខេត្តព្រះវិហារមានចំនួន ១៦.៧% ខេត្តស្ទឹងត្រែង ១៤.៧% ខេត្តកំពត ១៤% ខេត្តសៀមរាប ១២% ខេត្តព្រៃវែង ១០.៧% ក្រុងព្រះសីហនុ ៩.៣% ខេត្តបាត់ដំបង ៨% និងខេត្តតាកែវមានចំនួន ៧.៣%៕   អត្ថបទ៖ អ៊ីសា ហាសាណះ,រូបភាព៖ ហ៊ុន សុជាតា   

១៣ មីនា ២០២៤
មន្ត្រីសង្ឃផ្ញើសារថា នឹងពុំមានការបន្ធូរបន្ថយ ក្នុងការប្រឡងពុទ្ធិកសិក្សាឡើយ

មន្ត្រីសង្ឃផ្ញើសារថា នឹងពុំមានការបន្ធូរបន្ថយ ក្នុងការប្រឡងពុទ្ធិកសិក្សាឡើយ

ជាថ្មីម្ដងទៀត មន្ត្រីសង្ឃ បានមានព្រះថេរដីកា ផ្ញើសារដល់សមណសិស្ស សិស្ស បេក្ខសមណៈ និងបេក្ខជនទាំងអស់ថា ចាប់ពីពេលនេះតទៅ រាល់ការប្រឡងទាំងអស់ នៅក្នុងក្របខណ្ឌពុទ្ធិកសិក្សា នឹងពុំមានការបន្ធូរបន្ថយឡើយ។ ជាគោលការណ៍ផង ជាផែនការផង ជាការណែនាំរបស់សម្តេចកិត្តិបណ្ឌិ អំ លឹមហេង ព្រះអគ្គាធិការ នៃពុទ្ធិកសិក្សាជាតិ ក្នុងការពង្រឹងគុណភាពអប់រំវិស័យពុទ្ធិកសិក្សា ដើម្បីសម្រិតសម្រាំង និងចម្រាញ់ផលិតបាននូវមូលធនមនុស្សផង ទើបរាល់ការប្រឡងទាំងអស់ក្នុងក្របខណ្ឌពុទ្ធិកសិក្សា ត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់ ។ហេតុនេះ ចាប់ពីពេលនេះតទៅរាល់ការប្រឡងទាំងអស់ក្នុងក្របខណ្ឌពុទ្ធិកសិក្សានឹងពុំមានការបន្ធូរបន្ថយឡើយ ។  នេះគឺជាព្រះថេរដីកាផ្ញើសាររបស់ភិក្ខុព្រះលង្ការមុនី បណ្ឌិត យ៉ន កុសល ព្រះប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា នៅក្នុងពិធីកាត់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឬ ប្រឡងចូលរៀនអនុវិទ្យាល័យសាលាបាលី នាព្រឹកថ្ងែទី១២ ខែមីនា ឆ្នាំ២០២៤ នេះ នៅឯមណ្ឌលប្រឡងពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត ក្នុងរាជធានីភ្នំពេញ ។ គួរបញ្ជាក់ឡើងវិញថា ពុំមែនតែការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឬ អនុវិទ្យាល័យសាលាបាលី នាពេលនេះទេ ដែលត្រូវបានរឹតបន្តឹង ពោលគឺរាល់ការប្រឡងគ្រប់ប្រភេទទាំងអស់ នៃក្របខណ្ឌពុទ្ធិកសិក្សា ដែលបានធ្វើកន្លងមកនៅក្នុងឆ្នាំ២០២៤ នេះ ត្រូវបានរឹតបន្តឹងគួរឱ្យកត់សម្គាល់ពិតមែន ។ ក៏គួរជម្រាបជូនផងដែរថាការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ នាពេលនេះ មានបេក្ខសមណៈ និងបក្ខជនសរុប ២ ៩៥៧ អង្គ និងនាក់ គឺបានកើនឡើង ១១៣ អង្គ និងនាក់ បើធៀបទៅនឹងបេក្ខសមណៈ និងបេក្ខជនកាលពីឆ្នាំ២០២៣ ដែលមាន ២ ៨៤៤ អង្គ និងនាក់ ហើយឆ្នាំនេះ ចែកចេញជា ១៣ មណ្ឌល នៅទូទាំងប្រទេស ។ ចំណែកវិញ្ញាសា នៃការប្រឡងលើកនេះ មានចំនួន ៤ គឺ ភាសាបាលី សរសេរតាមអាន ព្រះវិន័យ និងគណិតវិទ្យា ។ ចំពោះបញ្ញត្តិ នៃការប្រឡងវិញ មានបម្រាមប្រហាក់ប្រហែលគ្នាទៅនឹងការប្រឡង នៅក្នុងក្របខណ្ឌសាលាចំណេះទូទៅដែរ ដែលក្នុងនោះ សំណៅឯកសារ ឬ ព្រីយ៉ុង ការលួចមើល លួចចម្លង ការប្រព្រឹត្តសំណូកគ្រប់ទម្រង់ ឧបករណ៍អេឡិចត្រូនិក ដូចជាទូរសព្ទដៃ និងម៉ាស៊ីនគិតលេខជាដើម ត្រូវបានហាមឃាត់ដាច់ខាត ប្រសិនបើត្រូវបានរកឃើញថាបានបំពានលើបម្រាមណាមួយ ទាំងបេក្ខសមណៈ បេក្ខជន ក៏ដូចជាមន្ត្រីប្រឡងគ្រប់លំដាប់ថ្នាក់ នឹងពុំមានការលើកលែងឡើយ ៕  អត្ថបទ៖ ខឿន សសាឃាង  រូបភាព៖ សែត ប៊ុនថាន់   

១៣ មីនា ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មជាថ្មី ចំពោះការផ្សាយលាបពណ៌អវិជ្ជមាន លើគម្រោងព្រែកជីក ហ្វូណន តេជោ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មជាថ្មី ចំពោះការផ្សាយលាបពណ៌អវិជ្ជមាន លើគម្រោងព្រែកជីក ហ្វូណន តេជោ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចេញប្រតិកម្មជាថ្មី ចំពោះការផ្សាយលាបពណ៌អវិជ្ជមាន ពីគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនខ្ចីប្រាក់ពីបរទេស មកធ្វើការអភិវឌ្ឍនោះទេ គឺធ្វើឡើងតាមរយៈ BOT ហើយព្រែកជីកភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញ ទៅកាន់សមុទ្រនេះ នឹងផ្តល់ផលប្រយោជន៍ ដល់សេដ្ឋកិច្ចជាតិ។ មិនមែនជារឿងថ្មីនោះ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មចំពោះការផ្សាយលាបពណ៌អវិជ្ជមាន ពីគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ។ នៅក្នុងពិធីជួបសំណេះសំណាលនិងត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ នៅខេត្តកណ្តាល នាថ្ងៃទី១២ ខែមីនា នៅតែបញ្ជាក់ដដែលថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនខ្ចីប្រាក់ពីបរទេសមកធ្វើការអភិវឌ្ឍនោះទេ គឺធ្វើឡើងតាមរយៈBOT ហើយព្រែកជីកនេះនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងតភ្ជាប់ផ្លូវទឹកពីទន្លេរហូតដល់សមុទ្រនៅកម្ពុជា ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងជួយស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលមានចក្ខុវិស័យខ្ពស់ក្នុងគម្រោងអភិវឌ្ឍន៍នានា ទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា គម្រោងផ្លូវទឹកព្រែកជីកហ្វូណន-តេជោ គឺមានប្រវែង ១៨០គីឡូម៉ែត្រ គិតចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ គម្រោងព្រែកជីកនេះជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន ការកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕     អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ញិល សុជា    

១៣ មីនា ២០២៤
វគ្គបណ្តុះបណ្តាល សម្រាប់ក្រុមគោលដៅ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១.៥លាននាក់ មិនរើសអើងអាយុនោះទេ

វគ្គបណ្តុះបណ្តាល សម្រាប់ក្រុមគោលដៅ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១.៥លាននាក់ មិនរើសអើងអាយុនោះទេ

ស្ថិតនៅក្រោមកម្មវិធីបណ្តុះបណ្តាល សម្រាប់ក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១.៥លាននាក់ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ស្វាគមន៍សិក្ខាកាមគ្រប់វ័យ ដើម្បីចូលសិក្សា ចាប់យកជំនាញមួយ ដែលអាចប្រើការបាន សម្រាប់ចិញ្ចឹមជីវិត។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) តាមរយៈកម្មវិធីបណ្តុះបណ្តាលសម្រាប់ក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១,៥លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសដល់សិក្ខាកាមមួយចំនួន ដែលមានអាយុចន្លោះពី៤៥ឆ្នាំទៅជាង៥០ឆ្នាំ ឱ្យបានចូលសិក្សាវគ្គខ្លី លើមុខជំនាញដែលខ្លួនពេញចិត្ត ដើម្បីអាចយកទៅប្រើប្រាស់បាន ក្នុងការប្រកបកិច្ចការងារ ឬបើកអាជីវកម្មដោយខ្លួនឯង។ លោក គឹម សុខសាន្ត មានវ័យ៤៩ឆ្នាំហើយ នៅឆ្នាំនេះ ។លោក មិនមានការងារឬមុខរបរច្បាស់លាស់នោះទេ ទើបលោកសម្រេចចុះចូលរៀនវគ្គបណ្តុះបណ្តាលសម្រាប់ក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ របស់រាជរដ្ឋាភិបាល លើជំនាញអគ្គិសនីនិងថាមពល។ ថ្វីត្បិតតែ លោកត្រូវសិក្សា ជាមួយយុវជនក្មេងៗ ដែលមានវ័យស្របាលនឹងកូនរបស់លោក ប៉ុន្តែលោក សុខសាន្ត មិនអារម្មណ៍អៀនខ្មាស ឬធុញទ្រាន់នោះទេ ដោយលោកយល់ថា ការសិក្សារៀនសូត្រ លើជំនាញអ្វីមួយ មិនមានការរើសអើងអាយុនោះទេ។  សិក្ខាកាមសិក្សាវគ្គខ្លីនេះ មួយរូបទៀត គឺអ្នកស្រី រស់ បុប្ផា មានវ័យ៤៥ ឆ្នាំហើយ ដោយអ្នកស្រីជាសិក្ខាកាមទទួលការបណ្តុះបណ្តាលជំនាញផលិតនំ រយៈពេលជាង១ខែមកហើយ ។ អ្នកស្រី បុប្ផា មានគោលបំណង បើកអាជីវកម្មមួយដោយខ្លួនឯង ដើម្បីជាមុខរបរប្រចាំជីវិត។ សូមជម្រាបថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ក្រោមកម្មវិធីបណ្តុះបណ្តាលសម្រាប់ក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១,៥លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា បានបណ្តុះបណ្តាលទៅលើវិស័យ ដូចជា វិស័យសំណង់,វិស័យអគ្គិសនី និងថាមពល,វិស័យមេកានិករថយន្ត,វិស័យកម្មន្តសាល, វិស័យសេវាកម្មធុរកិច្ច និងព័ត៌មានវិទ្យា,វិស័យអេឡិចត្រូនិក ,វិស័យបរិក្ខាត្រជាក់ និងកម្តៅ, វិស័យសេវាកម្ម ,វិស័យទេសចរណ៍ និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៕  អត្ថបទ៖ ហំ ផានិត  រូបភាព៖ ឆិល សុភ័ស្ត   

១៣ មីនា ២០២៤
រដ្ឋមន្រ្តីសង្គមកិច្ច ជំរុញឱ្យបង្កើនការវិនិយោគទៅលើសមភាពយេនឌ័រ និងធានានូវការការពារ និងការលើកកម្ពស់ការចូលរួមរបស់ស្ត្រី

រដ្ឋមន្រ្តីសង្គមកិច្ច ជំរុញឱ្យបង្កើនការវិនិយោគទៅលើសមភាពយេនឌ័រ និងធានានូវការការពារ និងការលើកកម្ពស់ការចូលរួមរបស់ស្ត្រី

 ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធ បង្កើនការវិនិយោគ ទៅលើសមភាពយេនឌ័រ និងធានានូវការការពារ និងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីគ្រប់កម្មវិធីក្នុងសង្គម។ នៅក្នុងទិវាអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា នៅក្នុងយុគសម័យឌីជីថលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារ:គោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ តាមរយ:ការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះ ស្រ្តីគឺជាស្នូល។ ឯកឧត្តមបានបន្ថែមថា នៅក្នុងវិស័យសង្គមកិច្ច នៅមានបញ្ហាប្រឈមមួយចំនួនដែលកើតមានចំពោះស្រ្តី រួមមានការផ្សព្វផ្សាយ អនុសញ្ញាស៊ី-ដ (CEDAW) មិនទាន់បានទូលំទូលាយ ,ការវិភាជន៍ថវិកាយេនឌ័រសម្រាប់ការអនុវត្តថវិកាឆ្លើយតបនឹងយេនឌ័រនៅមានកម្រិត, សមត្ថភាព និងតួនាទីស្ត្រីក្នុងសេចក្តីសម្រេចចិត្តនៅមានកម្រិត, ចំនួនស្ត្រីចូលរួមនៅក្នុងការបណ្តុះបណ្តាលនៅមានចំនួនតិច និងតម្រូវការបណ្តុះបណ្តាលនៅតែមានច្រើនលើមុខជំនាញបច្ចេកទេសក្នុងការបញ្ជ្រាបយេនឌ័រដល់មន្ត្រី។ សូមជម្រាបថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានមន្ត្រីរាជការជាស្ត្រី សរុប ៧៨៥នាក់ ក្នុងនោះមន្ត្រីក្របខ័ណ្ឌចំនួន ៤៦៨នាក់ ដែលមានចាប់ពីមន្ត្រីរហូតដល់រដ្ឋលេខាធិការ និងមន្ត្រី ជាប់កិច្ចសន្យាជាស្ត្រីចំនួន ៣១៧នាក់ កំពុងបម្រើការងារជូនក្រសួងផងដែរ៕    អត្ថបទ៖ ហំ ផានិត  រូបភាព៖ ឆិល សុភ័ស្ត    

០៧ មីនា ២០២៤
ប្រធានសមាគមនារីកម្ពុជា មានមោទកភាព ចំពោះនារីទូទាំងប្រទេស ដែលលះបង់កម្លាំងកាយ-ចិត្ត ក្នុងកិច្ចការពារ ស្តារ និងអភិវឌ្ឍន៍ជាតិ

ប្រធានសមាគមនារីកម្ពុជា មានមោទកភាព ចំពោះនារីទូទាំងប្រទេស ដែលលះបង់កម្លាំងកាយ-ចិត្ត ក្នុងកិច្ចការពារ ស្តារ និងអភិវឌ្ឍន៍ជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា សមាគម ពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះការលះបង់កម្លាំងកាយចិត្តសម្ភារៈរបស់នារី នៅទូទាំងប្រទេស ក្នុងការការពារស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា សមាគមន ពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះការលះបង់កម្លាំងកាយចិត្តសម្ភារៈរបស់នារីនៅទូទាំងប្រទេសក្នុងការការពារស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ការថ្លែងរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអននេះ បានធ្វើឡើងនៅក្នុងពីធីប្រកាសេសចក្តីសម្រចទទួលស្គាល់ការកែសម្រួល និងបំពេញសមាសភាពគណៈកម្មាការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិតបានបន្ថែមថា ការកែសម្រួលសមាសភាពនេះ ក៏មានគោលបំណងពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហការ ចែករំលែកនូវព័ត៌មានបទពិសោធន៍ល្អៗ ក្នុង ការបំពេញភារកិច្ច បញ្ហាប្រឈម និងរួមគ្នាដោះស្រាយបញ្ហា ព្រមទាំងការប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវ ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី។ ជាមួយគ្នានោះដែរឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងដែរថា ផ្អែកលើកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ការលើកកម្ពស់ស្ថានភាពស្ត្រី នៅតែបន្តយកចិត្តទុកដាក់លើកស្ទួយតម្លៃស្ត្រីខ្មែរនៅក្នុងសង្គម លើកកម្ពស់ស្ថានភាព តួនាទី និងសិទ្ធិស្ត្រី និងលុបបំបាត់នូវរាល់ទស្សនៈ ឬឥរិយាបថរើសអើងស្រ្តី និងជនងាយរងគ្រោះ ជំរុញស្រ្តីឲ្យចូលរួម ការងារសង្គម ដើម្បីបង្កើនចំនួនស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចចិត្តទាំងខាងនយោបាយ និងសង្គម សេដ្ឋកិច្ច។   សូមជម្រាបថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍បានបន្តវេនពីសមាគមនារីសង្គ្រោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ គឺ ជាអង្គការមហាជនមួយស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងទទួលខុសត្រូវលើការងារនារី និងកុមារនៅទូទាំងប្រទេស។  សមាគមនារីមានរចនាសម្ព័ន្ធ ៤ថ្នាក់គឺ ថ្នាក់កណ្តាល, ក្រសួង-ស្ថាប័ន-រាជធានី- ខេត្ត, ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់។នៅឆ្នាំ១៩៩១ សមាគមនារីបានប្រែក្លាយខ្លួនទៅជាសមាគមមិនមែនរដ្ឋ ភិបាល ធ្វើសកម្មភាពគាំទ្រកម្មវិធីគោលនយោបាយ គោលការណ៍ដឹកនាំរបស់គណបក្សប្រជាជន និងមានទំនាក់ ទំនងជាមួយអង្គការសមាគមដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ ដើម្បីពិគ្រោះយោបល់ និងស្វែងរកការគាំទ្រចំពោះគម្រោងស្ត្រីដើម្បីអភិវឌ្ឍន៍សម្រាប់លើកកម្ពស់ជីវភាពសុខុមាលភាពរបស់ប្រជាពលរដ្ឋជាពិសេសស្ត្រីនិងកុមារ៕     អត្ថបទ៖ ហំ ផានិត  រូបភាព៖ សុខ ពិសិដ្ឋ  

០៧ មីនា ២០២៤
ក្រសួងសាធារណការ បានចុះបញ្ជីយានយន្តជាង ៦០ម៉ឺនគ្រឿង ក្នុងឆ្នាំ២០២៣

ក្រសួងសាធារណការ បានចុះបញ្ជីយានយន្តជាង ៦០ម៉ឺនគ្រឿង ក្នុងឆ្នាំ២០២៣

នៅឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីយានយន្តជាង ៦០ម៉ឺនគ្រឿង។ ក្នុងនោះ មានរថយន្តអគ្គិសនី ចំនួន ៦០៤គ្រឿង។ ដោយឡែក ចំពោះយានយន្ត ដែលបានចុះបញ្ជីផ្លាកលេខពិសេស និងផ្លាកលេខពិសេសផ្ទាល់ខ្លួន មានជាង ២ម៉ឺនគ្រឿង ខណៈក្រសួងអាចរកចំណូលបានពីការលក់ផ្លាកលេខនេះ បានជាង ១៦លានដុល្លារអាមេរិក។  ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីយានយន្តសរុបចំនួន ៦៥២ ១៦៣គ្រឿង ដោយរួមបញ្ចូល ទាំងយានយន្តដើរដោយថាមពលអគ្គិសនី(EV)ចំនួន ៦០៤គ្រឿង នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងនៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។    តាមរយៈនេះ ឯកឧត្តមក៏បានបន្ថែមថា យានយន្តដែលបានចុះបញ្ជីផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន មានចំនួន ២៦ ៦៥៩គ្រឿង ហើយទទួលបានចំណូលសរុបប្រមាណ ១៦ លានដុល្លារអាម៉េរិក។ ចំណែកយានយន្តដែលត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬឆៀក មានចំនួន ៦៥៦ ៩១៦គ្រឿងផងដែរ។  បើតាមការលើកឡើងរបស់ឯកឧត្តមដដែល គិតចាប់ពីឆ្នាំ១៩៩០ ដល់ត្រឹមខែធ្នូ ឆ្នាំ២០២៣ យានយន្ដបានចុះបញ្ជីសរុបមានចំនួន ៧ ៥៦៣ ៣៩៥ គ្រឿង ក្នុងនោះមានយានយន្តអគ្គិសនី (EV) បានចុះបញ្ជីមានចំនួនសរុប ១ ៣៣៥គ្រឿង។ ហើយទន្ទឹមនឹងគ្នានេះ ក្រសួងក៏បានសាងសង់ និងដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តដើរដោយថាមពលអគ្គិសនី (EV) មានចំនួន ១៨ទីតាំងផងដែរ។   ជាមួយនឹងលទ្ធផលទទួលបានក្នុងឆ្នាំ ២០២៣កន្លងទៅនេះ ឯកឧត្តម ក៏បានដាក់ចេញនូវទិសដៅការងារអាទិភាពចំនួន ៥ ដែលជាទិសដៅក្នុងការអនុវត្តក្នុងឆ្នាំ២០២៤ ស្របជាមួយយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងរួមមាន៖ទី១៖ ពង្រឹងការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រី ទី២៖ ការពង្រឹងលើគុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន ផ្លូវទឹក ផ្លូវដែក និងការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ចូន ទី៣៖ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យ សាធារណការ និងដឹកជញ្ជូន ទី៤៖ ការពង្រឹងលើការផ្តល់សេវាសាធារណៈ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព និង ទី៥៖ ការពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថល ក្នុងការផ្តល់សេវាសាធារណៈ ព្រមទាំងការគ្រប់គ្រងស្ថាប័ន ដែលក្នុងនោះជំរុញផងដែរ ឱ្យមានការប្រើប្រាស់ឧបករណ៍ថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបសម្រាប់ ការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រកបដោយគុណភាព៕     អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា   

២៩ កុម្ភៈ ២០២៤
កម្ពុជា ស្វាគមន៍ចំពោះការចូលរួមរបស់វិស័យឯកជន ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

កម្ពុជា ស្វាគមន៍ចំពោះការចូលរួមរបស់វិស័យឯកជន ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុនអាមេរិក Jones Group International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា តែងតែបើកទ្វារស្វាគមន៍ ជានិច្ចចំពោះការចូលរួមរបស់វិស័យឯកជន ដោយកម្ពុជា បានចាត់ទុកថា វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ក្នុងជំនួបដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបើកទ្វារស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់វិស័យឯកជន ដោយកម្ពុជាបាន ចាត់ទុកថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយវិស័យឯកជន ក៏ដើរតួជាការទូតនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន និងជាអ្នកជួយផ្សព្វផ្សាយអំពីការពិតនៅកម្ពុជា។  សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ ក្រុមហ៊ុន Jones Group International ឲ្យបន្តកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែងក្នុងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជននៅកម្ពុជាផងដែរ ។ ក្នុងឱកាសនៃជំនួបនេះ លោក Jim Jones នាយកប្រតិបត្តិ នៃក្រុមហ៊ុន Jones Group International ក៏បានគូសបញ្ជាក់ថា គោលបំណងនៃទស្សនកិច្ចនាឱកាសនេះ គឺដើម្បីជួបពិភាក្សាជាមួយដៃគូ និងភាគីពាក់ព័ន្ធ អំពីការងារនៃការជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន ដែលតាមរយៈជំនួបនេះ នឹងជំរុញនិងប្រែក្លាយទំនាក់ទំនងវិស័យឯកជននៃប្រទេសកម្ពុជានិងអាមេរិក  ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង និងប្រកបដោយលទ្ធផលផ្លែផ្កា។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងវិស័យឯកជនកម្ពុជា-សហរដ្ឋអាមេរិកផងដែរ ៕  អត្ថបទ៖ សន រដ្ឋា, រូបភាព៖ ញិល សុជា    

២៩ កុម្ភៈ ២០២៤
កុមារនៅក្នុងបន្ទុកសមាជិកប.ស.ស ជិត ២ម៉ឺននាក់ហើយ បានចុះបញ្ជី ដើម្បីទទួលបានអត្ថប្រយោជន៍ពីបណ្ណនេះ

កុមារនៅក្នុងបន្ទុកសមាជិកប.ស.ស ជិត ២ម៉ឺននាក់ហើយ បានចុះបញ្ជី ដើម្បីទទួលបានអត្ថប្រយោជន៍ពីបណ្ណនេះ

មានកុមារ កាន់តែច្រើន បានចុះឈ្មោះប្រើបណ្ណប.ស.ស ចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យដំណើរការ។ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស បានលើកឡើងថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ សមាជិកប.ស.ស ជាកុមារ មានចំនួនជាង ១ម៉ឺន ៩ពាន់នាក់ ដែលបានចុះបញ្ជីតាមរយៈឪពុកម្តាយ ជាសមាជិកប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍។ អ្នកមានបណ្ណប.ស.ស ប្រៀបបានដូចមានការធានារ៉ាប់រងផ្នែកសុខភាពដែរ។  បច្ចុប្បន្នប្រជាជនមានការយល់ដឹងកាន់តែទូលំទូលាយពីអត្ថប្រយោជន៍នៃប័ណ្ណ ប.ស.ស ខណៈកំណើននៃការទៅចុះឈ្មោះចូលជាសមាជិក មានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង បច្ចុប្បន្នយើងសង្កេតឃើញថា ការចុះឈ្មោះចូលជាសមាជិកសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស មានការកើនឡើងច្រើន។   ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ការទៅចុះឈ្មោះចូលជាសមាជិក មានការកើនឡើងច្រើនក្នុងពេលថ្មីៗនេះពិសេសចំពោះប្រជាពលរដ្ឋអ្នកលក់ដូរ និងការចុះឈ្មោះសម្រាប់អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស។ អ្វីដែលកាន់តែពិសេស ឯកឧត្តមថា ឪពុកម្តាយមួយចំនួនបាននាំកូនៗរបស់ពួកគេមកទទួលយកប័ណ្ណនេះច្រើន ដែលគិតត្រឹមថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួនកុមារដែលបានចុះឈ្មោះមានចំនួនជាង ១ម៉ឺន ៩ពាន់នាក់ហើយ។    ឯកឧត្តមបន្តថា នៅគ្រប់សាខារបស់បេឡាជាតិសន្តិសុខសង្គមទាំងអស់នៅទូទាំងប្រទេស គឺមានប្រជាពលរដ្ឋច្រើនដែលបានអញ្ជើញទៅចុះឈ្មោះ ដែលចំនួននៃអ្នកទៅចុះឈ្មោះជាសមាជិកមានច្រើន បង្កជាភាពយឺតយ៉ាវបន្តិចបន្តួច តែទោះជាយ៉ាងណា ឯកឧត្តមថា ក្រុមការងារនៅតែបន្តព្យាយាមពន្លឿននីតិវិធីនៃការធ្វើប័ណ្ណនេះ។   ឯកឧត្តមក៏បានអំពាវនាវដល់ម្ចាស់រោងចក្រ និងសហគ្រាសទាំងអស់ ត្រូវចុះបញ្ជីកម្មកររបស់ខ្លួនឱ្យបានគ្រប់ៗគ្នា ជៀសវាងមានបញ្ហាកើតឡើងជាយថាហេតុណាមួយដែលបង្កភាពស្មុគស្មាញ និងមិនទទួលបានអត្ថប្រយោជន៍ណាមួយនោះទេ។ ចំពោះបុគ្គលស្វ័យនិយោជន៍ ឯឧត្តមក៏ជំរុញ និងលើកទឹកចិត្តឱ្យចុះបញ្ជីឱ្យបានគ្រប់ៗគ្នា ព្រមទាំងចុះបញ្ជីសម្រាប់កូនៗដែឡនៅក្នុងបន្ទុករបស់ពួកគេផង ដើម្បីបង្ការភាពចៃដន្យណាមួយដែលពួកគេមានបញ្ហាសុខភាព។  ឯកឧត្តមក៏បានបន្ថែមទៀតថា ការដែលមានប័ណ្ណ ប.ស.ស នេះ ប្រៀបបានដូចជាការសន្សំថវិការទុក សម្រាប់ប្រើប្រាស់នៅពេលមានបញ្ហាសុខភាពណាមូយកើតមានឡើងយ៉ាងដូច្នេះដែរ៕     អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា    

២៨ កុម្ភៈ ២០២៤
រដ្ឋមន្ត្រីការពារជាតិកម្ពុជា ជំរុញឲ្យបង្កើនចំនួនស្ត្រី ក្នុងតួនាទីដឹកនាំបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ

រដ្ឋមន្ត្រីការពារជាតិកម្ពុជា ជំរុញឲ្យបង្កើនចំនួនស្ត្រី ក្នុងតួនាទីដឹកនាំបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ

ប្រមុខការពារជាតិកម្ពុជា បានជំរុញឲ្យបង្កើនចំនួនស្ត្រី ក្នុងតួនាទីដឹកនាំចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅគ្រប់កម្រិត។ ការជំរុញនេះ ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបន្តទៀត។ ការជំរុញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដូចនេះ បានធ្វើឡើងនៅក្នុងពិធីទទួលដំណើរកងអនុសេនាធំវិស្វកម្មលេខ៨២៧ និងកងកម្ទេចគ្រាប់គ្រឿងផ្ទុះលេខ៩៨ ដែលបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ការចូលរួមរបស់ ស្ត្រីក្នុងយុគសម័យឌីជីថលនេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងឆ្ពោះទៅសម្រេចចក្ខុវិស័យតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកខិតខំប្រឹងប្រែងអនុវត្តតាមកំណែ ទម្រង់ប្រតិបត្តិការរក្សាសន្តិភាព ក្នុងការបង្កើនការចូលរួមរបស់ស្ត្រីឱ្យបាន២០ភាគរយ នៅគ្រប់តំបន់បេសកកម្មទាំង ក្នុងកងទីបញ្ជាការ ពិសេស តួនាទីជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។  ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរដល់គម្រូវីរភាពរបស់ស្ត្រីកម្ពុជាចំពោះការចូលរួមចំណែកដល់បុព្វហេតុសន្តិភាព តាមរយៈបេសក កម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងបណ្តាប្រទេសដែលកំពុងជួបវិបត្តិ ដែលបច្ចុប្បន្នកម្ពុជាមានកងកម្លាំងស្ត្រីជាង១៧ភាគរយ បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន ១០ រួចមកហើយ។ ទន្ទឹមនឹងនេះ ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា ការអនុវត្តភារកិច្ចនៅប្រទេសលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាលពិតជាមានការលំបាកយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែកងកម្លាំងទ័ពមួកខៀវកម្ពុជា នៅតែបង្ហាញពីភាពក្លាហាន កិត្តិយស ក្នុងស្មារតីជាកងរក្សាសន្តិភាពកម្ពុជា និងក្រមសីលធម៌របស់អង្គការសហប្រជាជាតិ។  ការចូលរួមរបស់កងទ័ពមួកខៀវកម្ពុជា គឺបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាចំពោះការប្រកាន់ខ្ជាប់នូវស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងចូលរួមនៅក្នុងសហគមន៍នៃបណ្តាជាតិសាសន៍រួមគ្នាដើម្បីសន្តិភាពនិងអនាគតដ៏ប្រសើរសម្រាប់ទាំងអស់គ្នា។  គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៦ មកដល់ដើមឆ្នាំ២០២៤ កម្ពុជា បានចូលរួមបញ្ជូនកងកម្លាំងទៅបំពេញប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សរុបចំនួនជាង៩០០០នាក់ នៅក្នុងប្រទេសចំនួន១០ ដូចជា សាធារណរដ្ឋស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន សាយប្រឺស ស៊ីរី និងសាធារណរដ្ឋកុងហ្គោ៕  អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ញិល សុជា    

២៨ កុម្ភៈ ២០២៤
ការរៀបចំវាយតម្លៃនូវការផ្តល់សេវាសាធារណៈ ជាការផ្តល់ឱកាសបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ

ការរៀបចំវាយតម្លៃនូវការផ្តល់សេវាសាធារណៈ ជាការផ្តល់ឱកាសបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើង នៅក្នុងនៅក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈនៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល កាលពីរសៀលថ្ងៃទី២១កុម្ភៈម្សិលមិញនេះថា ការរៀបចំយន្តការ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ គឺជាការផ្តល់ឱកាសទៅដល់អង្គភាពទាំងអស់ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងបំពេញនូវតួនាទីការងាររបស់ខ្លួន។  ការរៀបចំយន្តការ និងវាយតំលៃអង្គភាពផ្តល់សេវាសាធារណៈ គឺជាការផ្តល់ឱកាសទៅដល់នាយក នាយិកា ក៏ដូចជា មន្រ្តីរាជការស៊ីវិល ព្រមទាំងអង្គភាព ដែលបានខិតខំប្រឹងប្រែង លះបង់ តស៊ូ ពុះពារ ដើម្បីអភិវឌ្ឍន៍ទៅលើអ្វី ដែលជាសមត្ថភាពនៅក្នុងការផ្តល់សេវាសាធារណៈ នៅក្នុងអង្គភាពរបស់ខ្លួន។  នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ កាលពីររសៀលថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ នៅក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈនៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។  ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមថា ប្រសិនបើមិនមានវេទិការ នៃការផ្តល់ការវាយតំលៃនេះទេ  នាយក នាយិកា ក៏ដូចជាមន្រ្តី រាជការស៊ីវិល ព្រមទាំងអង្គភាពទាំងអស់ មិនអាចបង្ហាញនូវសមត្ថភាព និងការខិតខំប្រឹងប្រែង ទៅលើកិច្ចការងាររបស់ពួកគេនោះទេ ។  ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តទៀតថា ចលនាប្រឡងប្រណាំងតាមរយៈការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូនេះ ក៏បានឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការគន្លឹះទី២ ក្នុងការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន  ក៏ដូចជាវិធានការគន្លឹះទី៣ ក្នុងការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដែលជាវិធានការគន្លឹះចំពោះមុខ ក្នុងការឈានឆ្ពោះទៅ សម្រេចបាននូវស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ ដែលផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏លើកទឹកចិត្តដល់បណ្តាអង្គភាពទាំងអស់ ទាំងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលបាន ឬមិនបានចូលរួមក្នុងដំណើរការនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ឬមិនទទួលបានចំណាត់ថ្នាក់ល្អ សូមបន្តកិច្ចខិតខំប្រឹងប្រែង ប្រើប្រាស់ធនធាន និងសមត្ថភាពឱ្យអស់សក្តានុពលប្រកបដោយនវានុវត្តន៍ ព្រមជាមួយនឹងការប្រឹងប្រែងរួមគ្នារវាងថ្នាក់ដឹកនាំ និងមន្រ្តី ព្រមទាំងអាជ្ញាធរមូលដ្ឋាន សហគមន៍ និងអង្គការដៃគូអភិវឌ្ឍនានា ក្នុងគោលដៅកែលម្អ ពង្រឹង និងពង្រីកគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន៕   អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា    

២៣ កុម្ភៈ ២០២៤
យុវជនរៀនជំនាញសេវាកម្មសម្អាងកាយ តាមរយៈកម្មវិធី ១លាន ៥សែននាក់របស់រាជរដ្ឋាភិបាល សម្តែងភាពរីករាយ ចំពោះឱកាសរៀនសូត្រនេះ

យុវជនរៀនជំនាញសេវាកម្មសម្អាងកាយ តាមរយៈកម្មវិធី ១លាន ៥សែននាក់របស់រាជរដ្ឋាភិបាល សម្តែងភាពរីករាយ ចំពោះឱកាសរៀនសូត្រនេះ

យុវជនរៀនជំនាញសេវាកម្មសម្អាងកាយ សម្តែងភាពរីករាយ ដែលមានឱកាសចូលរៀន តាមរយៈយន្តការ ១លាន ៥សែននាក់ របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែក ធ្វើយ៉ាងណាឱ្យយុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានលទ្ធភាព អាចរៀនជំនាញ ដែលខ្លួនស្រឡាញ់ ដោយសិក្សាឥតគិតថ្លៃ និងមានការងារធ្វើគ្រប់ៗគ្នា។  ចាប់តាំងពីបើកបវេសនកាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងមក នូវវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដែលបានប្រកាសដាក់ចេញឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ដោយសម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចមក ជំនាញជាច្រើន ទទួលបានការចុះឈ្មោះចូលរៀនកាន់តែច្រើនពីសំណាក់ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ខណៈពួកគេថា វាជាកម្មវិធីមួយដ៏ល្អបំផុត ដែលបានផ្តល់ឱកាសឱ្យពួកគេអាចរៀនចំណេះ ជំនាញ និងមានការងារធ្វើ។  កញ្ញា អ៊ី លក្ខិណា ជាយុវជនមួយរូបកំពុងសិក្សាជំនាញ សេវាកម្មសម្អាងកាយ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្តែងភាពរីករាយ ដែលបានឱកាសចូលរៀនតាមរយៈកម្មវិធី ១លាន ៥សែននាក់របស់រាជរដ្ឋាភិបាលនេះ និងបានផ្តល់ឱកាសឱ្យកញ្ញារៀនបានជំនាញមួយដែលខ្លួនស្រលាញ់ដោយមិនអស់ថវិការ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត។  ជាមួយគ្នានេះ លោកស្រី ព្រំ យ៉ារូ ជាគ្រូបង្រៀនផ្នែកសេវាកម្មសម្អាងកាយនេះ ក៏បានឱ្យដឹងដែរថា ជំនាញនេះមានសំទុះកើនឡើងច្រើនចាប់តាំងពីមានការកម្មវិធី ១លាន ៥សែននាក់របស់រាជរដ្ឋាភិបាលមក។  សូមបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ បានដាក់ឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន ៥ សែននាក់ សិក្សាដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ២៨ម៉ឺនរៀល រយៈពេល ៤ខែ។  វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងជំនាញ វិជ្ជាជីវៈនេះ  ជាកម្មវិធីមួយ ដែលផ្តួចផ្តើមឡើងក្នុងគោលបំណង រួមចំណែក ធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចកម្ពុជា គិតគូដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសាររងហានិភ័យ ដោយសិក្សាឥតគិតថ្លៃ និងធ្វើយ៉ាងណាឱ្យពួកគេមានការងារធ្វើគ្រប់ៗគ្នា៕  អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា  

២១ កុម្ភៈ ២០២៤
ព័ត៌មានជាតិផ្សេងទៀត

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024