ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រសួងការបរទេស បានជួយសង្រ្គោះ និងសម្របសម្រួល ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាពលរដ្ឋខ្មែរ ចំនួនជិត ៨០០០នាក់ មកកាន់កម្ពុជាវិញ ក្នុងឆ្នាំ២០២៣

២៩ មីនា ២០២៤ | ព័ត៌មានជាតិ


ក្រសួងការបរទេស បានប្រកាសថា នៅក្នុងឆ្នាំ២០២៣ ក្រសួង បានជួយសង្រ្គោះ និងសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាពលរដ្ឋខ្មែរ ចំនួនជិត ៨០០០នាក់ មកកាន់ប្រទេសកម្ពុជាវិញ។

 


នាពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ា កុសល រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ក្នុងស្មារតីការពារផលប្រយោជន៍ពលរដ្ឋខ្មែរ និងបរទេស ក្រសួងបានជួយសង្រ្គោះ និងសម្របសម្រួល ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាពលរដ្ឋខ្មែរ ចំនួន៧៩៥៣នាក់មកកាន់ប្រទេសកម្ពុជាវិញ នៅក្នុងឆ្នាំ២០២៣។

 


ឯកឧត្តម បានបន្ថែមថា ក្រសួងបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពពលរដ្ឋខ្មែរដែលកំពុងស្នាក់ក្នុងប្រទេសដែលជួបគ្រោះមហន្តរាយនិងសង្រ្គាម ដូចជាករណីសង្រ្គោះនៅអ៊ីស្រាអែល តួគី និងជប៉ុនជាដើម។ នៅក្នុងឆ្នាំ២០២៣ ក្រសួងក៏បានសម្រេចបង្កើនស្ថានអគ្គកុងស៊ុលនៅខេត្តសុងក្លា ដើម្បីជួយសម្រួដល់កិច្ចគាំពាររបស់រាជរដ្ឋាភិបាលចំពោះពលរដ្ឋខ្មែរនៅភាគខាងត្បូងប្រទេសថៃផងដែរ។

 


ចំពោះបញ្ហាស្ថានភាពភូមិសាស្រ្តនយោបាយវិញ ឯកឧត្តម បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៣ ស្ថានភាពភូមិសាស្រ្តនយោបាយសកលនៅតែបន្តមានភាពតានតឹង និងផុយស្រួយខ្លាំងណាស់ ដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តឆេះសន្ធោសន្ធៅ ខណៈដែលតំបន់ផ្សេងទៀតក៏បានជួបប្រទះនូវភាពចលាចលនយោបាយដូចជា រដ្ឋប្រហារយោធាជាបន្តបន្ទាប់នៅអាហ្រ្វិក, និងបញ្ហាអស្ថិរភាពនៅសមុទ្រក្រហមជាដើម។ការប្រកួតប្រជែងរវាងអាមេរិកនិងចិន កាន់តែមានលក្ខណៈកាន់តែស្រួចស្រាលស្ទើគ្រប់វិស័យ ទាំងសមរភូមិការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង ។

 


បែបនេះក្តី ឯកឧត្តម នៅតែមានសុទិដ្ឋនិយមថា ឆ្លើយតបនិងបញ្ហាប្រឈមទាំងនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាន់ខ្ជាបើឥតងាករេ នូវគោលនយោបាយការបរទេសឯករាជ្យ ដោយខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយភាពស្វាហាប់ បុរេសកម្ម ថ្លឹងថ្លែងនិងឈ្លាសវៃ។ ជាមួយគ្នានោះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងរបាយការណ៍ក្នុងឆ្នាំ២០២៣ ជាស្នាដៃដែលក្រសួងសម្រេចបាន ប្រកបដោយផ្លែផ្កា ដែលបានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានរបស់មន្រ្តីការទូតកម្ពុជា។

 


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា វាបានឆ្លុះបញ្ចាំងពីការបន្តពង្រឹងទំនាក់ទំនងការទូត តាមរយៈការសកម្មភាពទំនាក់ទំនងជាប្រពៃណី ជាមួយមិត្តចាស់ ការបង្កើនភាពជាដៃគូជាមួយមិត្តថ្មី និងការជំរុញការអភិវឌ្ឍការទូតសេដ្ឋកិច្ច ព្រមទាំងសមិទ្ធផលទាំងឡាយដែលសម្រេចក្នុងការកែទម្រង់ស្ថាប័ន៕
 

 

 

 

អត្ថបទ៖ ហំ ផានិត  រូបភាព៖ ឆិល សុភ័ស្ត 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024