ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត៖ វត្តមានសេះសមុទ្របាញ់ទឹកនៅក្នុងខេត្តកំពត កំពង់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

២៦ មេសា ២០២៤ | សេដ្ឋកិច្ច

 

ខេត្តកំពត គឺជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និងស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត និងមានប្រជាជន ៧០ម៉ឺននាក់។ ប្រកបដោយស្រុក និងក្រុងចំនួន៨ ដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ ភូមិ។ ខេត្តកំពតមានសំណង់ប្រវត្តិសាស្រ្តជាច្រើនដូចជា ផ្ទះ ផ្សារលក់ទំនិញ រោងភាពយន្ត សាលារៀន ផ្លូវគមនាគមន៏ មន្ទីរពេទ្យជាដើម សុទ្ធសឹងជាភស្ដុតាងបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំងទៅលើទឹកដីខ្មែរខេត្តកំពតមួយនេះ។ ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។

 


ជាក់ស្តែងខេត្តកំពតបានអភិវឌ្ឍន៍បន្ថែមនៅរូបសំណាកសេះសមុទ្របាញ់ទឹកកម្ពស់ ៨ ម៉ែត្រ ស្ថិតនៅក្នុងភូមិមួយឧសភា សង្កាត់កំពង់កណ្ដាល នៅតាមបណ្ដោយព្រែកនៃខេត្តកំពតកំពុងជះសម្រស់ បង្ហាញភាពទាក់ទាញឱ្យភ្ញៀវទេសចរដែលមកកម្សាន្តក្នុងតំបន់ទទួលបានអារម្មណ៍ប្លែក និងអាចផ្ដិតយករូបភាពស្អាតៗផងដែរ។ ទោះបីមិនទាន់បានសម្ពោធជាផ្លូវការក្តី ទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក គឺជាគោលដៅចម្បងរបស់ភ្ញៀវដែលធ្វើដំណើរឆ្ពោះមកកម្សាន្តក្នុងក្រុងកំពត។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងតាមរយះទូរស័ព្ទដៃថា ចំនួនភ្ញៀវទេសចរណ៍ ចាប់គិតពីរយះពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបានបញ្ចប់ទៅ ខេត្តកំពតទទួលបានភ្ញៀវជាតិ និងអន្តរជាតិ ១លាន៤សែននាក់ ជាចំនួនមួយមានការកើនឡើង៦០% បើប្រៀបធៀបទៅនឹង២ឆ្នាំមុន។

 

 

ដោយឡែកភ្ញៀវទេសចរណ៍ដែលបន្តដើរកំសាន្តនៅតាមរមណីដ្ឋាននានា មានចំនួន២៨ម៉ឺននាក់ ដែលមានដើរកំសាន្តតាមសហគមន៍ទេសចរណ៍ ភាគច្រើនទៅលេងកម្សាន្តនៅរមណីយដ្ឋានតំបន់ភូមិកំពត រមណីយដ្ឋានតំបន់ដូងទេ ឧទ្យានជាតិព្រះមុនីវង្សបូកគោ តំបន់កោះស្មៅ រមណីយដ្ឋានតំបន់ទឹកឈូ និងតំបន់រមណីយដ្ឋានច្រើនផ្សេងទៀនៃខេត្តកំពត។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបន្តថា ការដាក់រូបសំណាកសេះសមុទ្រនៅខេត្តកំពតនេះ កំពុងតែជួយទាក់ទាញនូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ពិសេសប្រទេសជាតិខាងតែម្តងក៏ចាប់អារម្មណ៍ និងមកលេងកំសាន្តនៅខេត្តកំពតផងដែល។ ខណះក្នុង១សប្តាហ៍ចំនួនភ្ញៀវដែលមកបន្តលេងកំសាន្តនៅថ្ងៃឈប់សំរាកមានជាង១ម៉ឺននាក់។

 


លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានលើកឡើងថា បច្ចុប្បន្ននេះក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេសយកចិត្តទុកដាក់ក្នុងការបង្កើតកន្លែងកម្សាន្តថ្មីៗ អភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងខេត្តឱ្យមានភាពទាក់ទាញ ក្នុងន័យបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងតំបន់ទេសចរណ៍។

 

 

ជាក់ស្តែងមកដល់ពេលនេះ ទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគជាតិ និងអន្តរជាតិ បានចាប់ផ្តើមវិលត្រឡប់មកខេត្តកំពតវិញយ៉ាងច្រើនដោយមិននឹកស្មានដល់ ម៉្យាងទៀតខេត្តនេះសំបូរទៅដោយធនធានធម្មជាតិជាច្រើនដែលបម្រើឱ្យវិស័យទេសចណ៍ ខណះអាជ្ញាធរខេត្តបានខិតខំ កែច្នៃ កែលម្អ តំបន់ដែលមានធនធានធម្មជាតិ និងមានសក្តានុពលទេសចរណ៍ទាំងនោះឱ្យដំណើរការ ក្នុងន័យជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រោះពេលណាដែលមានទេសចរមកលេងកម្សាន្តច្រើន នោះពលរដ្ឋនិងទទួលបានចំណូលពីវិស័យទេសចរណ៍ក៏ច្រើន។

 

 

បន្ថែមពីលើនេះ អ្នកប្រកបរបររកស៊ីលើវិស័យទេសចរណ៍ក្នុងខេត្តកំពត ក៏បានបើកដំណើរការអាជីវកម្មឡើងវិញយ៉ាងពេញលេញទាំងស្រុក និងមានចំនួនច្រើនជាងមុនកូនវីដ១៩។ ទៀតសោត ក្នុងរយៈពេលចុងក្រោយនេះ ក្រុមអ្នករកស៊ីទូកដឹកភ្ញៀវទេសចរណ៍ក្នុងក្រុងកំពត ទទួលបានទីតាំងចំណតឆ្នេរខ្សាច់ថ្មីស្អាត និងទាក់ទាញ ធ្វើឱ្យភ្ញៀវមកជិះទូកលេងកម្សាន្តកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

 


វិស័យផ្សេងៗនៅក្នុងខេត្ត ពិសេសវិស័យទេសចរណ៍ មានការអភិវឌ្ឍរីកចម្រើនគួរឱ្យគាត់សម្គាល់ ធ្វើឱ្យកំណើនភ្ញៀវជាតិ និងអន្តរជាតិ មានការកើនឡើង តាមរយៈការកែលម្អសោភ័ណភាពក្រុង និងការបង្កើតសមទ្ធិផលថ្មីៗគួរឱ្យទាក់ទាញជាច្រើន ដូចជា ការរៀបចំទីតាំងចំណតទូកទេសចរណ៍នៅឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង ឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានថ្មី និងស្ពានឥន្ទធនូ សួនកម្សាន្តរូបសំណាកត្រីសេះសមុទ្របាញ់ទឹក កែលម្អសួនច្បារ និងផ្លូវតាមបណ្តោយមាត់ព្រែក(សួនត្រីផ្សោត) រួមទាំងឆ្នេខ្សាចកម្សាន្តកោះស្មៅ ជាដើម។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរណ៍ដែលបានទៅលេងកម្សាន្តក្នុងខេត្តកំពត ក៏បានលើកឡើងពីភាពរីកចម្រើន របស់ខេត្តកំពតផងដែរ។

 


ចំពោះរូបសំណាកសេះសមុទ្រ(ត្រីសេះសមុទ្រ) ត្រូវបានអាជ្ញាធរខេត្តកំពតរៀបចំសាងសង់ឡើងក្នុងន័យដើម្បីបង្កើនសោភ័ណភាពក្នុងក្រុងកំពត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើន រូបសំណាកសេះសមុទ្រនេះ សាងសង់ឡើងដោយមានការបាញ់ទឹកចេញពីមាត់ រួមទាំងការបំពាក់ភ្លើងពណ៌ដ៏ស្រស់ស្អាតនាពេលយប់។ ការសាងសង់រូបសំណាកនេះឡើង ដោយសារខេត្តកំពត គឺជាខេត្តមួយដែលជាប់តំបន់សមុទ្រ ហើយសេះសមុទ្រ ក៏ជាប្រភេទសត្វក្នុងទឹកសមុទ្រមួយប្រភេទផងដែរ ដែលប្រជានេសាទខ្លះហៅថាត្រីសេះ។ ចំពោះរូបសំណាក សេះសមុទ្រនេះ គឺត្រូវបានធ្វើឡើងទៅតាមរូបរាង ត្រីសេះសមុទ្រពិតប្រាកដ ហើយការរៀបចំឱ្យរូបសេះសមុទ្រនេះ មានបាញ់ទឹកតាមមាត់ ព្រោះសេះសមុទ្រជាធម្មតា តាមធម្មជាតិរបស់វាត្រូវតែព្រោះទឹកចេញពីមាត់។

 


សូមជម្រាបថា ខេត្តកំពត ជាគោលដៅទេសចរណ៍ដែលមានរហូតដល់ទៅ ៣៩កន្លែង រាប់ទាំងរមណីយដ្ឋានកែច្នៃ វប្បធម៌ វប្បធម៌ប្រវត្តិសាស្ត្រ ជាពិសេសរមណីយដ្ឋានធម្មជាតិ និងកសិ-ទេសចរណ៍។ លើសពីផលិតផលទេសចរណ៍ទាំងនេះ ខេត្តកំពត មានកំណើនខ្លាំងគួរកត់សម្គាល់នូវសេវាកម្មស្នាក់នៅសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ។ បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត មុនវិបត្តិកូវីដ-១៩ សេវាកម្មស្នាក់នៅក្នុងខេត្តកំពតមានត្រឹម២០០០បន្ទប់ប៉ុណ្ណោះ។ ប៉ុន្តែ បច្ចុប្បន្នសេវាកម្មស្នាក់នៅនេះបានកើនរហូតដល់ជាង៥០០០បន្ទប់៕

 

 

អត្ថបទ: ថុន សុកេតុមាលា រូបភាព: ឯកសារនិងក្រុមការងារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024