ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤

សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ខេត្តកំពង់ធំ មានសមត្ថភាពរឹងមាំក្នុងការកែច្នៃ និងការនាំចេញ ខណះនៅឆ្នាំ២០២៤នេះ

០៥ ឧសភា ២០២៤ | សេដ្ឋកិច្ច

ស្វាយចន្ទី គឺជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ បច្ចុប្បន្នស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី៕ កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៧០ម៉ឺនហិកតា និងអាចផលិតបាន ១លានតោនក្នុងមួយឆ្នាំៗ ទោះបីបរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទី (មិនទាន់កែច្នៃ) ទៅក្រៅប្រទេសកាលពីឆ្នាំ ២០២៣ បានធ្លាក់ចុះជិត ១០ភាគរយ ប៉ុន្តែអ្នកនៅក្នុងផលិតកម្មដំណាំស្វាយចន្ទី មានសុទិដ្ឋិនិយមថា កម្ពុជានឹងទាញបានផលវិជ្ជមានកាន់តែច្រើនពីសង្វាក់ផលិតកម្មកែច្នៃស្វាយចន្ទីក្នុងស្រុក។

 

នៅឯឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ម្ចាស់សិប្បកម្មកែច្នៃស្វាយចន្ទីមួយរូបគឺអ្នកស្រី អ៊ិន ឡៃហួត បានបង្កើនការកែច្នៃគ្រាប់ស្វាយចន្ទីជាលក្ខណៈប្រពៃណី មកជាសិប្បកម្ម ដែលមានការបំពាក់ម៉ាស៊ីនកែច្នៃដើរដោយស្វ័យប្រវត្តិ ដែលអាចជំរុញផលិតភាព និងពង្រីកការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ អ្នកស្រី បានឲ្យសេដ្ឋកិច្ចភីអិនអិនដឹងតាមរយះទូរស័ព្ទដៃថា ការពីចាប់ផ្ដើមបើកសិប្បកម្មនេះដំបូង កម្មករបានធ្វើការបកសំបងគ្រាប់ស្វាយចន្ទីដោយដៃ និងបកបានត្រឹមតែ៣០គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ សម្រាប់មនុស្សម្នាក់ ប៉ុន្ដៃបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃកម្មករ១៥នាក់ អាចបកគ្រាប់ស្វាយចន្ទីស្រស់បានចំនួន២តោន។ រយៈពេល៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០២០មក សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ បានសហការជាមួយដៃគូរនៅក្នុងប្រទេសជប៉ុន ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីបានប្រមាណ៧០តោន និងលក់នៅក្នុងស្រុកបានប្រមាណជា៣០តោន។

 

 

 

ចំពោះស្ថានភាពបច្ចុប្បន្ននេះ ការកែច្នៃមានការចែកចេញជាពីរ ទី១ គឺបកលក់សម្រាប់ខ្លួនឯង និងទី២ ជួលបកគ្រាប់ឲ្យគេ ប្រសិនជាធៀបនិងចំណូលទទួលបានតម្លៃទាបជាងការបកលក់ខ្លួនឯង។ ខណៈដែលការផលិតនាពេលបច្ចុប្បន្ននេះ នៅមានកម្រិតនៅឡើយដោយសារតែទីតាំងសិប្បកម្មមានទំហំតូច និងការខ្វះខាតទុនក្នុងការប្រមូលទិញវត្ថុធាតុដើម ស្របពេលដែលតម្លៃគ្រាប់ស្វាយចន្ទីនាប៉ុន្មានខែមកនេះកំពុងតែហក់ឡើងថ្លៃ។ អ្នកស្រីអ៊ិន ឡៃហួត នៅតែមានក្តីរំពឹងថា នៅក្នុងឆ្នាំ២០២៤នេះ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ នឹងពង្រីកខ្លួនឱ្យកាន់តែធំជាងមុន ពោលគឺធ្វើយ៉ាងណាដើម្បីឱ្យការកែច្នៃគ្រាប់ស្វាយចន្ទីបានចំនួន ៣តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារបរទេស និងក្នុងប្រទេស។

 


ម្ចាស់សិប្បកម្មកែច្នៃស្វាយចន្ទីជ័យ សំបូរ ខេត្តកំពង់ធំ អ្នកស្រី អ៊ិន ឡៃហួត បានបន្តឲ្យដឹងថា អំឡុងឆ្នាំ២០២៣ ខ្សែសង្វាក់ក្នុងការផលិតរបស់សិប្បកម្មអ្នកស្រី មានសមត្ថភាពក្នុងការផលិតគ្រាប់ស្វាយចន្ទីបានចំនួន២តោនក្នុងមួយថ្ងៃ នៃផលិតផលវត្ថុធាតុដើមមិនទាន់កែច្នៃ។ រីឯ សព្វថ្ងៃនេះ កំលាំងសមត្ថភាពនៅក្នុងការផលិតក្នុង១ថ្ងៃអាចធ្វើបាន ៦តោននៃគ្រាប់ស្ងួត និងផលិតផលសម្រេចធ្វើបាន១តោនកន្លះ។ អ្នកស្រី បន្តថា នៅក្នុងឆ្នាំ២០២៤នេះ កាលពីដើមខែមីនា អ្នកស្រីបាននាំចេញស្វាយចន្ទី ទៅកាន់ប្រទេសអង់គ្លេសចំនួន១តោន តាមរយះគិរីរម្យហ្វូត និងប្រទេសជប៉ុនផ្គត់ផ្គង់បាន៦លើក ស្មើរនិង៧០តោន និងផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក៧០%។

 

 

អ្នកស្រី បានបន្ថែមថា កញ្ចប់ថវិការដែលបម្រុងទុកសម្រាប់ទិញវត្ថុធាតុដើម អាចទិញបាន២០០តោននៃគ្រាប់ស្វាយចន្ទី ដែលកន្លងមក អ្នកស្រី មានទុនខ្លួនឯងតែ១០% និងស្មើរសុំកម្ចីពីធនាគាបន្ថែម២០% និង៧០%ទៀតពីដៃគូរសហការណ៍។ ម្ចាស់សិប្បកម្មកែច្នៃស្វាយចន្ទី ជ័យ សំបូរ ស្នើសុំដល់អ្នកពាក់ព័ន្ធពិនិត្យលទ្ធិភាព ឬគោលនយោបាយជាតិស្វាយចន្ទី និងការវិភាគលើប្រភពហិរញ្ញវត្ថុ និងកម្ចីនានា ដើម្បីគាំទ្រការប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្នុងដំណាក់កាលនេះ ដើម្បីជួយរក្សាលំនឹងថ្លៃផង ក៏ដូចជាដើម្បីបន្តរក្សាខ្សែ ច្រវាក់ផលិតកម្ម កែច្នៃក្នុងស្រុកផង។

 


នៅក្នុងគោលនយោបាយនេះ រដ្ឋាភិបាលបានសម្រេចកំណត់យុទ្ធសាស្ត្រសម្រាប់បង្កើនតម្លៃបន្ថែមដល់ផលិតផលស្វាយចន្ទី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដោយប្រែក្លាយពីកសិករទៅជាពាណិជ្ជករ តាមរយៈការបង្កើនផលិតភាព ការកាត់បន្ថយថ្លៃ ដើម្បីផលិតកម្ម ការអនុវត្តបច្ចេកវិទ្យាទំនើបសមស្រប និងផលិតផលមានគុណភាពប្រកបដោយឧត្តមភាពប្រកួតប្រជែង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។ នៅពេលអនុវត្តយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលបានកំណត់គោលការណ៍សំខាន់ៗមួយចំនួន ដូចជាការជំរុញការកៀរគរវិនិយោគ ជំនួយបច្ចេកទេស និងធនធានទាំងក្នុងនិងក្រៅប្រទេស ដើម្បីជំរុញវិស័យស្វាយចន្ទីកម្ពុជាឲ្យមាននិរន្តរភាពនិងអភិវឌ្ឍន៍។

 


បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមន៍ស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ផលិតកម្មស្វាយចន្ទី៣ខែ ឆ្នាំ២០២៤ (មករា-មិនា ២០២៤) កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ ៤៧៤ ០០០ តោន (៤សែន ៧ម៉ឺន ៤ពាន់តោន) ក្នុងនោះនាំចេញទៅវៀតណាមសរុបបាន ៤២៤ ០០០ តោន (៤សែន ២ម៉ឺន៤ពាន់ តោន) ស្មើទឹកប្រាក់ ៥៤៣ លានដុល្លា។ តម្លៃមធ្យមគ្រាប់សើម $១២០០$ (មួយពាន់ពីររយដុល្លា) ក្នុង១តោន។ សម្រាប់ខែមេសាគ្រាប់សើមតម្លៃ ៥០០០៛ ក្នុង១រគីឡូក្រាម ជាតម្លៃខ្ពស់ជាង់គេក្នុងរយៈពេល១៥ឆ្នាំនេះ។ ការឡើងថ្លៃនេះដោយសារសមាជិក សមាគមស្វាយចន្ទីកម្ពុជា បាននាំគ្នាហាលទុក តាមការអំពាវនាវរបស់សមាគម ស្របពេលដែលតម្លៃគ្រាប់ចន្ទីបានធ្លាក់ចុះខ្លាំង ក្នុងខែកុម្ភៈ និងដើមខែមីនា ដល់៤០០០រៀលក្នុងមួយគីឡូក្រាម ដែលធ្វើឲ្យលំហូរគ្រាប់ឆៅស្រស់ថយចុះយ៉ាងខ្លាំងលើទីផ្សារ។

 

 

ជាមួយគ្នានេះ ការនាំចេញទៅវៀតណាម នាខែកុម្ភៈធ្លាក់បានធ្លាក់ចុះរហូត ៣២% និងបន្តធ្លាក់ចុះនៅខែមីនាទៀត ដែលធ្វើឲ្យតម្លៃគ្រាប់ឆៅងើបឡើងវិញ នៅពាក់កណ្តាលខែមីនា ហើយឈានដល់ ៥០០០រៀល ក្នុងមួយគីឡូក្រាមក្នុងខែមេសានេះ។ បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីស្រស់ មានតម្លៃទាបបំផុតក្នុងរង្វង់ ៤ពាន់រៀល ក្នុង១គីឡូក្រាម និងតម្លៃខ្ពស់បំផុតជិត ៦ពាន់រៀល ក្នុង១គីឡូក្រាម។ និងសម្រាប់តម្លៃគ្រាប់ស្ងួតវិញជាមធ្យម ១២០០ដុល្លារក្នុង១តោន។កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង ១០ ដែលផលិតគ្រាប់ស្វាយចន្ទី នៅលើពិភពលោក ប៉ុន្តែបានកែច្នៃប្រមាណតែ១០% នៃទិន្នផលរបស់ខ្លួនតែប៉ុណ្ណោះ។ ចំណែកឯ៩០% ដែលនៅសល់ ត្រូវបាននាំចេញ ជាផលិតផលស្រស់ទៅកាន់ប្រទេសផ្សេងទៀត ជាពិសេសទៅកាន់ប្រទេសវៀតណាម ជាកន្លែងកែច្នៃផលិតផលស្រស់ និងលក់ក្នុងតម្លៃខ្ពស់ទៅកាន់ទីផ្សារនាំចេញ។

 


ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២៣ នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសក្នុងបរិមាណជាង ៤២ ម៉ឺនតោន គឺថយជាង ១០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២២ ខណៈការនាំទំនិញកសិកម្មផ្សេងក៏បានថយចុះ ដោយសារវិបត្តិសាកលមួយចំនួនក្នុងនោះគឺជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស់ដែលមានឥទ្ធិពលយ៉ាងធំធេងលើលំហូរពាណិជ្ជកម្មសាកលដែលបានចុះខ្សោយរួចទៅហើយនោះ និងវិបត្តិផ្សេងៗទៀត។

 

 

នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម។ ទោះបីស្ថានការណ៍នៅក្រៅប្រទេសបង្កផលប៉ះពាល់ខ្លះៗទៅលើការនាំចេញផលិតផលកសិឧស្សាហកម្មរបស់កម្ពុជាយ៉ាងណាក្តី ក៏ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីក្នុងប្រទេសកម្ពុជានៅកំពុងបន្តការពង្រឹងសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឲ្យមានគុណភាពខ្ពស់ ដើម្បីនាំចេញ។ សូមបញ្ជាក់ថា តាមការវិភាគនៅក្នុងឆ្នាំ២០២៤នេះ ស្វាយចន្ទីកម្ពុជាមានគុណភាព និងបរិមាណផលទាបជាងឆ្នាំ២០២៣ ដោយសារតែស្ថានភាពអែលនីណូ (El Nino) ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់តម្លៃគ្រាប់ស្វាយចន្ទីសើម។

 

 

អត្ថបទ: ថុន សុកេតុមាលា រូបភាព: ឯកសារនិងក្រុមការងារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024