ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងសាធារណការអះអាងថា ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ-កំពត បានបំពាក់កាមេរ៉ាចាប់ល្បឿនចំនួន ១០កន្លែង

៣០ កក្កដា ២០២០ | ព័ត៌មានជាតិ

នៅពេលនេះ កាមេរ៉ាចាប់ល្បឿនយានយន្តត្រូវបានបំពាក់នៅតាមផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ទៅខេត្តកំពតចំនួន ១០កន្លែង។ ក្រៅពីកាមេរ៉ាសុវត្ថិភាពអចល័តទាំងនេះ ក៏នៅមានកាមេរ៉ាចាប់ល្បឿនចល័ត របស់មន្ត្រីនគរបាលចរាចរណ៍ នៅតាមបណ្តាផ្លូវជាតិមួយចំនួនទៀតដែរ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។

 


ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងបែបនេះ ក្នុងពិធីប្រគល់-ទទួល ផ្ទាំងសញ្ញាចរាចរណ៍សម្រាប់គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ៣០០រនាំង ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែកក្កដានេះ។


ឆ្លៀតឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាក់ថា នៅពេលកាមេរ៉ាសុវត្ថិភាពទាំងនោះ ត្រូវបានបំពាក់រួចរាល់ មន្ត្រីនគរបាលចរាចរណ៍ នឹងអនុវត្តសាកល្បង ទៅលើការចាប់ល្បឿនយានយន្ត ដែលបើកបរលើសល្បឿនកំណត់។

 


គួរបញ្ជាក់ថា យោងតាមអនុក្រឹត្យស្តីពី ការពិន័យអន្តរកាលចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក បានកំណត់ការបើកបរក្នុងទីប្រជុំជន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងក្រៅទីប្រជុំជន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ 


ក្នុងករណីអ្នកបើកបរលើសល្បឿនចាប់ពី១ ទៅ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវផាកពិន័យ១២ម៉ឺនរៀល, លើសល្បឿនចាប់ពី២០ ទៅ២៩គីឡូម៉ែត្រ ត្រូវពិន័យ១៥ម៉ឺនរៀល, លើសល្បឿនចាប់ពី៣០ ទៅ៣៩គីឡូម៉ែត្រ ត្រូវពិន័យ១៨ម៉ឺនរៀល និងលើសល្បឿន ចាប់ពី៤០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ ត្រូវពិន័យ៣០ម៉ឺនរៀល៕

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ ពិសិដ្ឋ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024