ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីមហាផ្ទៃថា ការឃាត់សួរនាំរកឯកសារ គឺសម្រាប់តែអ្នកបំពានច្បាប់ចរាចរណ៍ប៉ុណ្ណោះ

៣០ មេសា ២០២០ | ព័ត៌មានជាតិ

មួយថ្ងៃមុនសមត្ថកិច្ចបើកប្រតិបត្តិការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដែលមានការបង្កើនកម្រិតទោសផាកពិន័យទឹកប្រាក់ចាប់ពី ៣ ទៅ៥ដង នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបដិសេធចំពោះការចាត់ទុកវិធានការនេះថាជាការត្រួតពិនិត្យរដ្ឋបាល។


តាមរយៈទំព័រហ្វេសប៊ុក សម្ដេចសូមកុំមានទស្សនៈថានគរបាលឆ្លៀតយកឱកាសនេះធ្វើបាបប្រជាជន នេះគឺជាភារកិច្ចដើម្បីប្រជាជន ហើយទាល់តែឃាត់គ្រប់អ្នកដំណើរទោះគោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទើបថាជាវិធានការរដ្ឋបាល។ 

 


សម្ដេចបានគូសបញ្ជាក់ថា សមត្ថកិច្ចនឹងមិនឃាត់ដំណើរអ្នកដែលការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ។ 


សម្ដេចក៏ស្នើសុំកុំឱ្យមានទស្សនថាក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្តច្បាប់ចង់បានប្រាក់ពីប្រពលរដ្ឋ។ ផ្ទុយទៅវិញនេះគឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ។ 


ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ។

 


សូមបញ្ជាក់ថា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកមិនមានការប្រែលប្រួលអ្វីទេ ប៉ុន្តែអ្វីដែលប្រែប្រួលនោះ គឺអនុក្រឹត្យស្ដីពីការផាកពិន័យអន្តរកាលដែលទើបត្រូវបានប្រកាសឱ្យប្រើដោយសម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ។ បើនិយាយពីការមិនពាក់សុវត្ថិភាព អនុក្រឹត្យចាស់ពិន័យ១៥០០០រៀលទេ ប៉ុន្តែអនុក្រឹត្យថ្មីដែលនឹងអនុវត្តនៅថ្ងៃស្អែកនេះវិញគឺពិន័យ៦ម៉ឺនរៀលឯណោះ។


សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថាវិធានការនេះមិនមែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈ ៕


អត្ថបទ៖ រ៉េន រតនៈ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024