វិស័យពាណិជ្ជកម្មតាមអនឡាញរបស់វៀតណាម រំពឹងរក្សាបាននូវកំណើនវិជ្ជមាន ក្នុងឆ្នាំនេះ
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបង្ហាញពីបំណងពន្លឿនការងារ អនុវត្តផែនការមេអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមអនឡាញ ឆ្នាំ ២០២១-២០២៥ ឲ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹង កំណើនលូតលាស់នៃការជួញដូរបែបឌីជីថល ដោយរំពឹងថា វិស័យមួយនេះ នឹងមានកំណើនវិជ្ជមានដូចឆ្នាំ ២០២០កន្លងទៅ។នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Vietnam News នៅថ្ងៃនេះ។ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានគូសបញ្ជាក់ថា កាលពីឆ្នាំ ២០២០កន្លងទៅ វិស័យពាណិជ្ជកម្មតាមអនឡាញរបស់ វៀតណាម មានកំណើនប្រាក់ចំណូល ១៨% ពោលគឺសម្រេចបាន ១៨ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៥% នៃសាច់ប្រាក់ជួញដូរទំនិញ និងសេវាកម្មទូទាំងប្រទេសវៀតណាម។រដ្ឋាភិបាលវៀតណាម បានលើកឡើងថា ដោយមានការគាំទ្រពី ប្រព័ន្ធទូទាត់អេឡិចត្រូនិក រដ្ឋាភិបាល នឹងធ្វើការងារផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធពាណិជ្ជកម្ម, បង្កើត និងពង្រឹងស្ថាប័ន និងក្របខ័ណ្ឌច្បាប់សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ, នឹងបង្កើតបរិយាកាសអំណោយផល ប្រកបដោយតម្លាភាព សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាម។ប្រទេសវៀតណាម ត្រូវបានចាត់ទុកជា ទីផ្សារពាណិជ្ជកម្មអនឡាញ ដែលលូតលាស់លឿនជាងគេបំផុត ក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ហើយដោយសារតែវៀតណាម មានប្រជាជន ៩៧លាននាក់ ដែលភាគច្រើនជា វ័យជំទង់ និងមានអ៊ីនធើណេតប្រើប្រាស់នោះ ទីផ្សារពាណិជ្ជកម្មអនឡាញវៀតណាម នឹងបន្តលូតលាស់ទៅមុខទៀត។បើតាមអ្នកជំនាញនៅក្នុងវិស័យមួយនេះ បានអះអាងថា វិស័យពាណិជ្ជកម្មអនឡាញវៀតណាម នឹង បន្តលូតលាស់យ៉ាងក្លាំងខ្លា ក្នុងឆ្នាំ ២០២១នេះ ហើយវាជាឱកាស សម្រាប់អាជីវកម្មវៀតណាម អាចបង្កើតយុទ្ធសាស្រ្តរកស៊ីថ្មី និងចាប់យកបណ្តាញចែកចាយទំនើប ដើម្បីពង្រីកទីផ្សារឲ្យកាន់តែទូលំទូលាយ។ គួរជម្រាបដែរថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានប្រកាសថា វៀតណាម គឺស្ថិតនៅក្នុងចំណោមកំពូលប្រទេសទាំង ៣ ដែលមានអត្រាកំណើនទីផ្សារលក់រាយខ្ពស់ជាងគេបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍៕ អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ