ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

ក្រសួងពាណិជ្ជកម្ម ប្រកាសឱ្យអ្នកផ្គត់ផ្គង់ទំនិញ និងសេវា ត្រូវបិទស្លាកថ្លៃជាប្រាក់រៀល

២៤ មេសា ២០២៤ | សេដ្ឋកិច្ច

 

នៅក្នុងប្រកាសថ្មីមួយរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា គឺបានកំណត់ឱ្យ បុគ្គលធ្វើធុរកិច្ចផ្គត់ផ្គង់ផលិតផលទំនិញ និងសេវា ត្រូវបិទស្លាកថ្លៃជាប្រាក់រៀល លើគ្រប់មុខផលិតផលទំនិញ និងសេវា ដែលតាំងលក់នៅក្នុងផ្សារទំនើប ម៉ាត ជាដើម លើកលែងតែតូប ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ។

 

 

នៅក្នុងប្រកាសរបស់ក្រសួងពាណិជ្ជកម្មស្ដីពី ការអនុវត្តមិនសុចរិតក្នុងធុរកិច្ច ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញការលក់ បានកំណត់នៅក្នុងប្រការ១២ ថា «បុគ្គលធ្វើធុរកិច្ចផ្គត់ផ្គង់ផលិតផលទំនិញ និងសេវា ត្រូវបិទស្លាកថ្លៃជាប្រាក់រៀល លើគ្រប់មុខផលិតផលទំនិញ និងសេវា ដែលតាំងលក់នៅក្នុងផ្សារទំនើប ម៉ាត មីនីម៉ាត អាគារលក់ផលិតផល និងស្ថានីយ ដេប៉ូលក់ ប្រេងឥន្ធនៈនិង/ឬឧស្ម័ន លើកលែងតែតូប ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ»។

 


លើសពីនេះទៅទៀត ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស អាចប្រព្រឹត្តទៅបាន ប្រសិនបើមានការអនុញ្ញាតដោយក្រសួង ស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ស្របទៅតាមច្បាប់ ឬបទប្បញ្ញតិដែលមានជាធរមាន ហើយចំពោះការបិទស្លាកថ្លៃ ត្រូវសរសេរជាអក្សរខ្មែរ ពីមុខ ឬនៅពីលើ និងអក្សរបរទេសនៅបន្ទាប់ ឬខាងក្រោម។

 


ចំពោះបុគ្គលណាដែលប្រព្រឹត្តិអំពើល្មើសនឹងប្រការ១២ ត្រូវទទួលពិន័យអន្តរការណ៍តាមមាត្រា ៤៤នៃច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។សូមបញ្ជាក់ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ប្រកាសនេះកំណត់អំពី ការអនុវត្តមិនសុចរិតមួយចំនួនក្នុងធុរកិច្ច ដែលមិនមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញការលក់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024