ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែលបង្កើនការវាយប្រហារដែនអាកាសទីក្រុងRafahតំបន់ហ្គាហ្សាមុនវាយប្រហារតាមដីគោក

អ៊ីស្រាអ៊ែលបង្កើនការវាយប្រហារដែនអាកាសទីក្រុងRafahតំបន់ហ្គាហ្សាមុនវាយប្រហារតាមដីគោក

  អ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមអាកាសលើទីក្រុង Rafah ពេញមួយយប់ ក្រោយនិយាយថា ខ្លួននឹងជម្លៀសជនស៊ីវិលចេញពីទីក្រុងភាគខាងត្បូងតំបន់ហ្គាហ្សាមួយនេះ ហើយចាប់ផ្តើមការវាយប្រហារទាំងស្រុង បើទោះបីជាមានការព្រមានពីសម្ព័ន្ធមិត្តថា ការធ្វើដូច្នេះ អាចបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើនក៏ដោយ។  ក្រុមគ្រូពេទ្យនៅតំបន់ហ្គាហ្សាឱ្យដឹងថា ការវាយប្រហារលើតំបន់ហ្គាហ្សា៥លើកនៅទីក្រុងRafah នៅថ្ងៃព្រហស្បតិ៍(២៥មេសា) បានប៉ះលើលំនៅដ្ឋាន៣ខ្នងស្លាប់មនុស្សយ៉ាងតិច៦នាក់និងអ្នកសារព័ត៌មានម្នាក់។  «យើងបារម្ភពីអ្វីដែលនឹងកើតឡើងនៅទីក្រុងRafah។ កម្រិតប្រកាសអាសន្នគឺខ្ពស់ខ្លាំងណាស់»។ លោក Ibrahim Khraishi ឯកអគ្គរដ្ឋទូតប៉ាលេស្ទីនប្រចាំអង្គការសហប្រជាជាតិ ថ្លែងប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍។  «មនុស្សមួយចំនួនបានចាកចេញ, ពួកគេបារម្ភពីគ្រួសារ ប៉ុន្តែទីណាដែលពួកគេអាចទៅបាន?»។ ពួកគេមិនអនុញាតិឱ្យទៅភាគខាងជើង ហើយដូច្នេះពួកគេត្រូវនៅក្នុងកន្លែងឡោមព័ទ្ធតូចបំផុត។  តំបន់ហ្គាហ្សាមានទំហំប្រហែល៤០គីឡូម៉ែត្រ និងមានទំហំនៅរវាងប្រហែល៥គីឡូម៉ែត្រនិង១២គីឡូម៉ែត្រ ហើយក៏ជាតំបន់ដែលមានមនុស្សរស់នៅច្រើនបំផុតនៅក្នុងពិភពលោក។     អត្ថបទ៖ណាវ័ន្ត

២៦ មេសា ២០២៤
តាមការព្យាករណ៍ខេត្ត Guangdong  ប្រទេសចិននឹងមានភ្លៀងធ្លាក់ជាបន្តទៀតនៅតំបន់ដែលរងគ្រោះទឹកជំនន់

តាមការព្យាករណ៍ខេត្ត Guangdong ប្រទេសចិននឹងមានភ្លៀងធ្លាក់ជាបន្តទៀតនៅតំបន់ដែលរងគ្រោះទឹកជំនន់

  ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិប្រទេសចិននៅថ្ងៃព្រហស្បតិ៍(២៥មេសា)បានដាក់ចេញការព្រមានកម្រិតទី២ ថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅGuangdong ខេត្តភាគខាងត្បូងប្រទេសចិន ជាបន្តទៀត។ទីភ្នាក់ងារខាងលើបន្តឱ្យដឹងថា ភ្លៀងធ្លាក់ក្នុងបរិមាណ៣០មីលីម៉ែត្រ នឹងកើតមាននៅតំបន់ដែលបានរងគ្រោះទឹកជំនន់រួចទៅហើយកាលពីថ្ងៃព្រហស្បតិ៍(១៨មេសា) កន្លងទៅ។ ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមាននៅទូទាំងតំបន់ភាគខាងត្បូង និងភាគនិរតីប្រទេសបន្តដល់ថ្ងៃសុក្រ។ ស្ថានភាពទឹកជំនន់នាពេលបច្ចុប្បន្ននៅប្រទេសចិន នាំឱ្យមានការបារម្ភអំពីកិច្ចការពារប្រឆាំងនឹងទឹកជំនន់ដ៏លិចលង់។    អត្ថបទ៖ណាវ័ន្ត

២៥ មេសា ២០២៤
អាជ្ញាធរចិនបានបង្វឹកសត្វសុនកមួយក្រុមដើម្បីបង្កើតភាពរីករាយដល់ក្មេងដែលកើតជំងឺអូទីហ្សឹម

អាជ្ញាធរចិនបានបង្វឹកសត្វសុនកមួយក្រុមដើម្បីបង្កើតភាពរីករាយដល់ក្មេងដែលកើតជំងឺអូទីហ្សឹម

ប្រទេសចិនបានបណ្តុះបណ្តាលសត្វសុនកមួយក្រុមដំបូងដើម្បីផ្ដល់ជំនួយស្មារតី និងផ្ដល់ភាពសប្បាយរីករាយដល់កុមារដែលកើតជំងឺម្យ៉ាងហៅថាជំងឺអូទីហ្សឹមនៅមុនថ្ងៃរំលឹកទិវានៃការយល់ដឹងពីជំងឺអូទីហ្សឹមលើកទី១៧នៅលើពិភពលោក។    ជំងឺអូទីហ្សឹមគឺជាពិការភាពផ្នែកសរសៃរប្រសាទដែលជាកត្តាមួយធើ្វឱ្យមានបញ្ហានៅក្នុងការរីកលូតលាស់ផ្នែកសមត្ថភាព និងជំនាញជាច្រើនទៀត។ ក្មេងដែលកើតជំងឺនេះតែងតែមិនសូវចេះនិយាយស្ដី ដែលបង្កបញ្ហាប្រឈមនៅក្នុងទំនាក់ទំនងសង្គម។ ទោះជាយ៉ាងណា ការសិក្សាជាច្រើនបានបង្ហាញថា វាមានឥទ្ធិពលវិជ្ជមាននៅពេលសត្វចិញ្ចឹមជាពិសេសគឺសត្វសុនកបានបង្កើតភាពស្និទ្ធស្នាលជាមួយនឹងក្មេងដែលកើតជំងឺនេះព្រោះវាអាចជួយសម្រួលដល់ទំនាក់ទំនងសង្គម និងសុខុមាលភាពផ្លូវចិត្តរបស់ក្មេងប្រភេទនេះកាន់តែប្រសើរឡើង។ ដូច្នេះហើយ ពេលនេះអាជ្ញាធរចិនបានបង្វឹកសត្វសុនកមួយក្រុមដំបូងដើម្បីឱ្យពួកវាស៊ាំងជាមួយនឹងក្មេង និងអាចប្រឡែងលេងជាមួយក្មេងដែលកើតជំងឺអូទីហ្សឹមដោយអនុញ្ញាតឱ្យឆ្កែទាំងនេះអាចទៅលេងផ្ទះរបស់ក្មេងដែលកើតជំងឺនេះផងដែរ។   សត្វសុនកបានដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់កុមារដែលមានជំងឺអូទីហ្សឹមទៅកាន់ពិភពលោកកាន់ តែទូលំទូលាយ និងផ្តល់ឱ្យពួកគេនូវការគាំទ្រខាងផ្លូវសតិអារម្មណ៍ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងក្នុងសង្គមព្រមទាំងមានអារម្មណ៍ប្រកបដោយសុវត្ថិភាពផងដែរ។ លោក Chen Qiang អ្នកដឹកនាំកម្មវិធីសុខុមាលភាពសាធារណៈបាននិយាយថា សត្វសុនកបានផ្សារភ្ជាប់យ៉ាងងាយស្រួលជាមួយនឹងកុមារទាំងនេះព្រោះសត្វឆ្កែតែងតែផ្តល់ក្តីស្រឡាញ់ដល់ម្ចាស់របស់វាដោយគ្មានទាមទារលក្ខខណ្ឌណាមួយឡើយ៕       ប្រែសម្រួល៖ ប៉ិច ស៊ីនួន

២៥ មេសា ២០២៤
រុស្ស៊ីរារាំងទង្វើរបស់អាមេរិកក្នុងកិច្ចប្រជុំសហប្រជាជាតិស្ដីពីការដាក់អាវុធនុយក្លេអ៊ែរនៅលំហអវកាស

រុស្ស៊ីរារាំងទង្វើរបស់អាមេរិកក្នុងកិច្ចប្រជុំសហប្រជាជាតិស្ដីពីការដាក់អាវុធនុយក្លេអ៊ែរនៅលំហអវកាស

ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធបានបោះឆ្នោតប្រឆាំងនឹងការស្នើសុំរបស់អាមេរិកនៅឯក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិដែលអំពាវនាវឱ្យប្រទេសនានាទប់ស្កាត់ការរត់ប្រណាំងអាវុធនៅដែនអវកាស។     បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងមូស្គូពីការបង្កើតអាវុធនុយក្លេអ៊ែរប្រឆាំងផ្កាយរណបដើម្បីដាក់នៅក្នុងអវកាស សហរដ្ឋអាមេរិក និងជប៉ុនបានចរចាគ្នាជិត៦ខែដើម្បីរិះរកវិធីទប់ស្កាត់កុំឱ្យ មានទង្វើនេះកើតឡើង។ ប្រទេសទាំងពីរក៏បានសម្រេចធ្វើការស្នើសុំមួយដែលអំពាវនាវឱ្យប្រទេសនានាទប់ស្កាត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងទីអវកាស និងបានដាក់វាជូនក្រុមប្រឹក្សាសន្តិសុខដើម្បីបោះឆ្នោតស្វែងរកការគាំទ្រសេចក្ដីស្នើសុំនេះ។ ក្នុងការបោះឆ្នោតពីថ្ងៃពុធ មានសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ១៣ បានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចនេះ ខណៈដែលចិនមិនបានបោះឆ្នោតទេ ហើយរុស្ស៊ីបានបោះឆ្នោតប្រឆាំងតែម្ដង។ ការប្រឆាំងរបស់រុស្ស៊ីនេះបានធ្វើឱ្យភាគីអាមេរិកមានមន្ទិលសង្ស័យថា តើក្រុងម៉ូស្គូកំពុងមានអ្វីលាក់បាំង ឬយ៉ាងណា ខណៈដែលកាលពីមុន ប្រធានាធិបតី   រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏បាននិយាយប្រឆាំងនឹងការដាក់អាវុធនុយក្លេអ៊ែរនៅក្នុងលំហអវកាសផងដែរ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហប្រជាជាតិលោក វ៉ាស៊ីលី ណេបិនហ្ស៊ី បានចោទក្រុងវ៉ាស៊ីនតោនថាបានព្យាយាមធ្វើឱ្យទីក្រុងមូស្គូបាក់មុខមាត់ ហើយបាននិយាយថា រុស្ស៊ីនឹងចាប់ផ្តើមការចរចាក្នុងពេលឆាប់ៗនេះជាមួយនឹងសមាជិកក្រុមប្រឹក្សាពីសេចក្តីព្រាងសេចក្តីសម្រេចផ្ទាល់របស់ខ្លួនក្នុងបំណងរក្សាសន្តិភាពនៅទីអវកាស៕     ប្រែសម្រួល៖ ប៉ិច ស៊ីនួន

២៥ មេសា ២០២៤
ចិននិយាយថា ការពង្រឹងទំនាក់ទំនងយោធារវាងអាមេរិកនិងតៃវ៉ាន់នឹងបង្កើនភាពតានតឹងកាន់តែខ្លាំង

ចិននិយាយថា ការពង្រឹងទំនាក់ទំនងយោធារវាងអាមេរិកនិងតៃវ៉ាន់នឹងបង្កើនភាពតានតឹងកាន់តែខ្លាំង

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនប៊ីន បាននិយាយកាលពីថ្ងៃពុធថា ការពង្រឹងការឃុបឃិតផ្នែកយោធារវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់នឹងបង្កើនភាពតានតឹង និងហានិភ័យនៃជម្លោះនៅក្នុងច្រកសមុទ្រតៃវ៉ាន់។    លោក វិនប៊ីន បានប្រាប់អាមេរិកតាមរយៈសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធថា ការពង្រឹងការឃុបឃិតផ្នែកយោធារវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់នឹងមិននាំមកនូវសន្តិសុខទេ។ លោកបានបន្ថែមថា អាមេរិកមិនអាចជួយសង្គ្រោះតៃវ៉ាន់តាមរយៈជោគវាសនានៃការប្រកាសឯករាជ្យបានទេ ព្រោះទង្វើនេះគឺមានតែរុញភាពតានតឹង និងហានិភ័យនៃជម្លោះនិងការប្រឈមមុខដាក់គ្នានៅច្រក    សមុទ្រតៃវ៉ាន់កាន់តែខ្លាំងឡើង ហើយទីបំផុតវានឹងនាំទុក្ខលំបាកដល់ខ្លួនឯងតែប៉ុណ្ណោះ។ ការបញ្ជាក់របស់ចិននេះបានធ្វើឡើងចំពេលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប្ល៊ីនខិន កំពុងធ្វើទស្សនកិច្ចនៅទីក្រុងស៊ាងហៃដើម្បីជួបជាមួយនឹងមេដឹកនាំធុរកិច្ចមុនពេលចេញដំណើរទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃសុក្រសប្ដាហ៍នេះដើម្បីពិភាក្សាជាមួយនឹងសមភាគីចិនលោក វ៉ាង យី និងទំនងជាមានកិច្ចប្រជុំជាមួយនឹងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ផងដែរ។ ការបញ្ជាក់របស់ចិននេះទៀតសោតបានធ្វើឡើងបន្ទាប់ពីសភារបស់សហរដ្ឋអាមេរិកបានអនុម័តច្បាស់ស្ដីពីថវិកាជំនួយ ដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកទើបតែបានចុះហត្ថលេខាឱ្យចូលជាធរមានកាលពីថ្ងៃពុធដើម្បីផ្ដល់មូលនិធិថ្មីរាប់ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ផងដែរ៕     ប្រែសម្រួល៖ ប៉ិច ស៊ីនួន

២៥ មេសា ២០២៤
TikTokនឹងតវ៉ាក្តីប្រឆាំងច្បាប់អាមេរិកនៅតុលាការ

TikTokនឹងតវ៉ាក្តីប្រឆាំងច្បាប់អាមេរិកនៅតុលាការ

   នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមអនឡាញដ៏ល្បីនៅថ្ងៃពុធ(២៤មេសា) បានសច្ចានឹងបន្តកិច្ចតវ៉ារបស់ខ្លួននៅតុលាការ ដើម្បីប្រឆាំងនឹងច្បាប់អាមេរិកដែលទើបនឹងចុះហត្ថលេខាថ្មីៗ។ តាមច្បាប់ថ្មីអាមេរិក​ គេនឹងឃើញថា បណ្តាញសង្គមអនឡាញដ៏មានប្រជាប្រិយភាពTikTokអាចនឹងត្រូវហាមឃាត់មិនឱ្យប្រើប្រាស់លើទឹកដីអាមេរិកក្នុងហេតុផលថាTikTokស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន។  ច្បាប់អាមេរិកបានទុកពេលឱ្យក្រុមហ៊ុនTikTok ៩ខែ ដើម្បីដកខ្លួនចេញពីក្រុមហ៊ុនធំរបស់ប្រទេសចិនByteDance ឬបើមិនដូច្នោះទេ ក្រុមហ៊ុនTikTok ត្រូវដកខ្លួនចេញពីទីផ្សារអាមេរិក។  សហរដ្ឋអាមេរិក និងបណ្តាមន្ត្រីប្រទេសលោកខាងលិចផ្សេងទៀត បានលើកឡើងថា បណ្តាញទំនាក់ទំនងសង្គមអនឡាញTikTokបានផ្តល់សិទ្ធិឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងប្រមូលទិន្នន័យនិងធ្វើចារកម្មលើអ្នកប្រើប្រាស់។ បណ្តាញទំនាក់ទំនងសង្គមអនឡាញTikTokមានអ្នកប្រើប្រាស់១៧០លាននាក់នៅលើទឹកដីសហរដ្ឋអាមេរិកភាគច្រើនជាយុវវ័យ។  ក្រុមរិះគន់លើកឡើងថា TikTokក៏ជាច្រកចែកចាយការឃោសនាផងដែរ។ ប្រទេសចិន និងបណ្តាក្រុមហ៊ុនជាច្រើនបានបដិសេធខ្លាំងលើការអះអាងនេះ។  «គ្មានការយល់ច្រលំ,នេះជាបំរាម។ បំរាមលើTikTokនិងបំរាមលើយុវជននិងសម្លេងរបស់អ្នក»។ ប្រធានក្រុមហ៊ុនTikTokលោក Shou Zi Chew លើកឡើងក្នុងវីដេអូក្នុងបណ្តាញសង្គមTikTok ភ្លាមៗក្រោយលោកJoe Biden ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើពង្រាងច្បាប់ ឱ្យក្លាយទៅជាច្បាប់។     អត្ថបទ៖ណាវ័ន្ត

២៥ មេសា ២០២៤
សហរដ្ឋអាមេរិកបានបញ្ជូនមីស៊ីលរយៈចម្ងាយវែងយ៉ាងសម្ងាត់ទៅជួយអ៊ុយក្រែន

សហរដ្ឋអាមេរិកបានបញ្ជូនមីស៊ីលរយៈចម្ងាយវែងយ៉ាងសម្ងាត់ទៅជួយអ៊ុយក្រែន

   ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមប្រើប្រាស់មីស៊ីលបលីស្ទីករយៈចម្ងាយវែងដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យដោយសម្ងាត់យកទៅវាយប្រហារប្រឆាំងតបនឹងទ័ពរុស្ស៊ី។ នេះបើតាមការបញ្ជាក់ពីមន្ត្រីអាមេរិក។ យោងសារព័ត៌មានអង់គ្លេសBBC ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។  អាវុធដែលអ៊ុយក្រែនទទួលបាន ជាចំណែកនៃកញ្ចប់ជំនួយ៣០០លានដុល្លារអាមេរិកដែលលោក Joe Biden ប្រធានាធិបតីអាមេរិកអនុម័ត្តនៅខែមីនា ហើយអាវុធបានទៅដល់អ៊ុយក្រែននៅខែនេះ។  អាវុធទាំងនោះ ត្រូវបានយោធាអ៊ុយក្រែនប្រើប្រាស់ហើយ យ៉ាងហោចណាស់ក៏ម្តងដែលទៅលើគោលដៅរុស្ស៊ី នៅតំបន់គ្រីមៀ។ យោងសារព័ត៌មានអាមេរិក។ លោក Biden  នៅពេលឥឡូវនេះ បានចុះហត្ថលេខាលើបញ្ចប់ជំនួយថ្មីសម្រាប់ប្រទេសអ៊ុយក្រែនមានតម្លៃ១៦ពាន់លានដុល្លារអាមេរិក។  សហរដ្ឋអាមេរិក នាពេលកន្លងមក បានផ្តល់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយមធ្យមរបស់កងទ័ព (ATACMS) ទៅឱ្យប្រទេសអ៊ុយក្រែន ប៉ុន្តែអាមេរិកមានការស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធដែលមានកម្លាំងខ្លាំងជាងនេះដែលមួយចំណែកដោយសារកង្វល់ទៅលើការសម្របសម្រួលការត្រៀមលក្ខណៈយោធាអាមេរិក។    អត្ថបទ៖ណាវ័ន្ត

២៥ មេសា ២០២៤
ក្រុមឧទ្ទាមមីយ៉ាន់ម៉ាបានដកទ័ពចេញពីទីក្រុងសំខាន់នៅបណ្តោយព្រំដែនថៃ

ក្រុមឧទ្ទាមមីយ៉ាន់ម៉ាបានដកទ័ពចេញពីទីក្រុងសំខាន់នៅបណ្តោយព្រំដែនថៃ

  ក្រុមឧទ្ទាមមីយ៉ាន់ម៉ា បានដកទ័ពរបស់ខ្លួនចេញពីទីក្រុងសំខាន់មួយនៅតាមបណ្តោយព្រំដែនប្រទេសថៃ ក្រោយពីប្រយុទ្ធគ្នាជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ នេះបើតាមការឱ្យដឹងពីក្រុមឧទ្ទាមមីយ៉ាន់ម៉ានៅថ្ងៃពុធ(២៤មេសា)។  សហភាព​ជាតិ​ការ៉ែន«The Karen National Union (KNU)» បានដកថយចេញជាបណ្តោះអាសន្នពីទីក្រុងMyawaddy។ យោងអ្នកនាំពាក្យក្រុមឧទ្ទាម។ ការដកថយនេះ ធ្វើឡើងក្រោយការវិលត្រលប់របស់យោធារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទៅកាន់ទីក្រុងយុទ្ធសាស្ត្រនេះ ដែលជាច្រកផ្លូវពាណិជ្ជកម្មបរទេសប្រចាំឆ្នាំ ផ្តល់ទឹកប្រាក់ច្រើនជាង១ពាន់លានដុល្លារអាមេរិក។  នៅថ្ងៃពុធនេះ ប្រទេសថៃ បានឱ្យដឹងថា ការប្រយុទ្ធគ្នាបានថមថយ ហើយប្រទេសថៃសង្ឃឹមថា នឹងបើកច្រកព្រំដែននេះសារជាថ្មីឡើងវិញ ខណៈដែលពាណិជ្ជកម្មឆ្លងកាត់តំបន់នេះទទួលរងផលប៉ះពាល់។ ស្របគ្នាប្រជាជនជាច្រើនក៏បានវិលត្រលប់មកវិញផងដែរ។  ភាពតានតឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ា កើតឡើងក្រោយរដ្ឋប្រហារយោធាដែលទម្លាក់រដ្ឋាភិបាលលោកស្រីអ៊ុង សានស៊ូជី។     អត្ថបទ៖ណាវ័ន្ត

២៤ មេសា ២០២៤
អង់គ្លេសសម្ពោធចម្ការផ្កាធូលីបសម្រាប់ភ្ញៀវទស្សនា និងដើម្បីស្វាគមន៍ការចូលមកដល់នៃរដូវផ្ការីក

អង់គ្លេសសម្ពោធចម្ការផ្កាធូលីបសម្រាប់ភ្ញៀវទស្សនា និងដើម្បីស្វាគមន៍ការចូលមកដល់នៃរដូវផ្ការីក

អង់គ្លេសដាក់ឲ្យដំណើរការជូនភ្ញៀវទស្សនាកម្សាន្តនូវចម្ការផ្កាធូលីប (tulip) ជាងកន្លះលានដើមនៅតំបន់ភាគខាងត្បូង។ នេះក៏ជាសញ្ញានៃការចាប់ផ្ដើមរដូវផ្ការីកនៅប្រទេសអង់គ្លេសផងដែរ។ មានទីតាំងស្ថិតនៅក្នុងកសិដ្ឋានដ៏ធំល្វឹងល្វើយជិតទីក្រុងក្រលី (Crawley) ចម្ការដ៏ស្រស់ឆើតឆាយ១នេះមានផ្កាធូលីបចម្រុះពណ៌ទៅតាមប្រភេទ និងទំហំខុសៗគ្នា។   លោកស្ទួតប៊ែរី (Stuart Beare) ជាអ្នកគ្រប់គ្រងចម្ការផ្កាធូលីបនេះប្រាប់ថាទីនេះបង្ហាញពណ៌ល្អឆើតឆាយ ហើយក៏ជាគម្រោងថែទាំសួនច្បារដ៏គួរឲ្យរំភើបដែលលោកពេញចិត្តនឹងធ្វើកិច្ចការនេះយ៉ាងខ្លាំង។ មើលចុះ វាលស្មៅនៅទីនេះកើតចេញពីការបណ្ដុះគ្រាប់ពូជតាំងពីរដូវក្ដៅឆ្នាំមុន។ ក្រោយមក គេសៀតទងផ្កាធូលីបនៅពីក្រោមដីផុសៗ ឬដីមមោកនៃវាលស្មៅនេះ។ សារព័ត៌មានក្នុងស្រុកចុះផ្សាយថានៅទីនេះគេដាំផ្កាធូលីបជាង១រយប្រភេទ។ ចម្ការធូលីបដ៏ធំល្វឹងល្វើយនេះលាតសន្ធឹងនៅលើបណ្ដោយក្បាលដីដប់គីឡូម៉ែត្រ។ គេអាចធ្វើដំណើរដោយរថយន្តប្រហែលមួយម៉ោងពីទីក្រុងឡុនដុនខាងត្បូងអាចមកដល់ទីនេះ។ ផ្កាធូលីបជាងកន្លះលានដើមដែលមានពូជចម្រុះគ្នាបែបនេះធ្វើឲ្យបង្កបរិយាកាសរ៉ូមេនទិចបំផុតនៅរដូវផ្ការីក។     ទីនេះក៏ជាកន្លែងដែលអ្នកទេសចរមកពីទីជិតឆ្ងាយអាចថតយកទេសភាពស្អាតៗផងដែរ។ បើលោកអ្នកចង់យកសុនខមកទីនេះក៏មិនថ្វីទេ។ ម្ចាស់ចម្ការអនុញ្ញាតឲ្យយកសុនខចូល។ សំខាន់ឲ្យតែលោកអ្នកកាន់ខ្សែសុនខឲ្យជាប់ដើម្បីកុំឲ្យវារត់លេងផ្ដេសផ្ដាសនាំឲ្យប៉ះពាល់ផ្កាធូលីប។ ដោយសារផ្កាធូលីបមានប្រភពដើមនៅប្រទេសហូឡង់។ ដូច្នេះ អង់គ្លេសក៏រក្សាអត្តសញ្ញាណហូឡង់នៅក្នុងចម្ការធូលីបរបស់ខ្លួនផងដែរ។ ទីនេះមានបម្រើអាហារតាមចិញ្ចើមផ្លូវ ឬស្ទ្រីតហ្វ៊ូត (street food) នៅក្នុងចម្ការធូលីបផ្ទាល់តែម្ដង។    ក្រៅពីនេះ មានកន្លែងទទួលទានញ៉ាំភេសជ្ជៈផ្សេងៗដែលមានឈ្មោះថាដឹធូលីបបារ (The Tulip Bar)។ ទីនេះមានលក់ភេសជ្ជៈស្រវឹង និងភេសជ្ជៈគ្មានជាតិស្រវឹង។ ដូច្នេះ ភ្ញៀវទេសចរអាចសប្បាយមួយអស់ដៃប្រកបដោយបរិយាកាសរីករាយ។ បើនិយាយពីខ្យល់អាកាសវិញគឺរហើយខួបប្រាំងខួបវស្សាតែម្ដងព្រោះវាលដ៏ធំល្វឹងល្វើយដល់កម្រិតនេះហើយគឺពិតជាមិនធម្មតានោះទេ។ អ្នកដែលចង់ទៅទស្សនាទីនោះអាចកក់សំបុត្រចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៨ ខែមេសាចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង២:៣០រសៀល។ តម្លៃសំបុត្រចូលទស្សនាសម្រាប់មនុស្សពេញវ័យ និងកុមារចាប់ពី១០-១២ផោន។ អ្នកបម្រើតាមផ្ទះ ឬអ្នកមើលថែកូនរបស់គេអាចចូលទស្សនាដោយឥតគិតថ្លៃ៕    ប្រែសម្រួល៖ អន សំអាង

២៤ មេសា ២០២៤
ព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ថវិកាជំនួយសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ហើយ

ព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ថវិកាជំនួយសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ហើយ

ព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ថវិកាជំនួយចំនួន ៩៥ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារបន្ទាប់ពីសភាតំណាងរាស្ត្រអាមេរិកបានអនុម័តកាលពីចុងសប្ដាហ៍មុន។    សមាជិកព្រឹទ្ធសភាបានបោះឆ្នោតក្នុងសំឡេង ៧៩ ទល់នឹង ១៨ ដើម្បីអនុម័តច្បាប់ថវិកាជំនួយយោធាដ៏ច្រើនសន្ធឹកសន្ធាប់នេះរហូតដល់ ៩៥ ពាន់លានដុល្លារកាលពីយប់ថ្ងៃអង្គារដែលភាគច្រើនសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ និងដៃគូសហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបាននិយាយថា លោកនឹងចុះហត្ថលេខាលើច្បាប់នេះនៅថ្ងៃពុធនេះតែម្ដង។ ច្បាប់នេះនឹងផ្តល់ថវិកាជំនួយចំនួន ៦១ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ចំនួន ២៦ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល និងចំនួនជាង ៨ ពាន់លានដុល្លារទៀត«សម្រាប់ទប់ទល់នឹងឥទ្ធិពលចិនកុម្មុយនិស្ត»នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោក ឆឹក ស្គូមើ (Chuck Schumer) មេដឹកនាំសំឡេងភាគច្រើនខាងគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាបាននិយាយនៅឯព្រឹទ្ធសភាថា នេះគឺជាចំណុចផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រមួយ ហើយថា ប្រជាធិបតេយ្យនៅបស្ចិមលោកប្រហែលជាប្រឈមនឹងការគំរាមកំហែងដ៏ខ្លាំងបំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់៕     ប្រែសម្រួល៖ ប៉ិច ស៊ីនួន

២៤ មេសា ២០២៤
អាកាសធាតុក្តៅខ្លាំង ឡើងដល់កម្រិតគ្រោះថ្នាក់នៅទីក្រុងចំនួន២៤ នៅប្រទេសហ្វីលីពីន

អាកាសធាតុក្តៅខ្លាំង ឡើងដល់កម្រិតគ្រោះថ្នាក់នៅទីក្រុងចំនួន២៤ នៅប្រទេសហ្វីលីពីន

  អាកាសធាតុក្តៅខ្លាំង ឡើងដល់កម្រិតគ្រោះថ្នាក់នៅទីក្រុងចំនួន២៤ នៅប្រទេសហ្វីលីពីននៅថ្ងៃអង្គារ។ យោងទីភ្នាក់ងារឧតុនិយមហ្វីលីពីន។ ទិន្នន័យថ្មីចុងក្រោយបង្ហាញថា អាកាសធាតុក្តៅពី៤២អង្សាសេរ ទៅ៤៦អង្សាសេរ នៅទីក្រុងQuezon ទីក្រុងDagupan និងទីក្រុងTuguegarao រួមនិងបណ្តាទីក្រុងផ្សេងទៀតជាច្រើន។  អាកាសធាតុក្តៅនៅប្រទេសហ្វីលីពីន នៅខែមេសានេះ បានបង្ខំឱ្យសាលារៀនជាច្រើនឱ្យកូនសិស្សរៀនតាមអនឡាញនៅផ្ទះ ដែលនេះបានធ្វើឱ្យគេនឹកនាដល់ពេលវេលាផ្ទុះឆ្លងជំងឺកូវីដ១៩ ហើយក៏នាំឱ្យមានការបារម្ភអាកាសធាតុក្តៅនាពេលវេលាឆ្នាំខាងមុខៗជាបន្តបន្ទាប់នោះ អាចធ្វើឱ្យវិសមភាពអប់រំធ្លាក់ចុះកាន់តែខ្លាំង។  កូនសិស្ស នៅតាមបណ្តាសាលារដ្ឋ៧០០០កន្លែង នៅប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុនត្រូវបញ្ជូនទៅផ្ទះ ដោយសារអាកាសធាតុក្តៅខ្លាំងខុសប្រក្រតីនៅតំបន់ជាច្រើនដែលក្រុមអ្នកព្យាករណ៍អាកាសធាតុ បានភ្ជាប់បញ្ហានេះទៅនឹងឥទ្ធិពលបាតុភូតអាកាសធាតុអេល នីណូ។     អត្ថបទ៖ណាវ័ន្ត

២៤ មេសា ២០២៤
UNអំពាវនាវកិច្ចស៊ើបអង្កេតអន្តរជាតិលើការស្លាប់នៅតាមមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា

UNអំពាវនាវកិច្ចស៊ើបអង្កេតអន្តរជាតិលើការស្លាប់នៅតាមមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា

  អង្គការសហប្រជាជាតិ(UN) បានអំពាវនាវនៅថ្ងៃអង្គារ(២៣មេសា)ឱ្យមានកិច្ចស៊ើបអង្កេតអន្តរជាតិមួយទៅលើរបាយការណ៍សម្លាប់រង្គាលនៅមន្ទីរពេទ្យ២កន្លែង ក្នុងតំបន់ហ្គាហ្សាដែលរងការបំផ្លិចបំផ្លាញក្នុងសង្គ្រាមអ៊ីស្រាអ៊ែល និងបានលើកឡើងថា ឧក្រិដ្ឋកម្មសង្គ្រាមប្រហែលជាមានកើតឡើង។  មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឱ្យដឹងយ៉ាងដូច្នេះថា «ពិតជារន្ធត់ខ្លាំងចំពោះការបំផ្លិចបំផ្លាញមន្ទីរពេទ្យAl-Shifa ដែលជាមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្គាហ្សា និងមន្ទីរពេទ្យធំលំដាប់ទី២ Nasser Medical Complex ស្ថិតនៅទីក្រុងKhan Younis នៃតំបន់ហ្គាហ្សា»។  នៅថ្ងៃច័ន្ទ ទីភ្នាក់ងារការពារជនស៊ីវិលតំបន់ហ្គាហ្សា ឱ្យដឹងថា មន្ត្រីសុខាភិបាលបានរកឃើញសាកសពមនុស្សច្រើនជាង២០០នាក់ ដែលត្រូវបានសម្លាប់និងកប់នៅមន្ទីរពេទ្យ Nasser  ដែលទ័ពអ៊ីស្រាអ៊ែលឡោមព័ទ្ធកាលពីខែមុន។   កាលពីដើមខែមេសា អង្គការសុខភាពពិភពលោក បានលើកឡើងថា មន្ទីរពេទ្យ Al-Shifa  ត្រូវបំផ្លិចបំផ្លាញក្នុងប្រតិបត្តិការឡោមព័ទ្ធរបស់ទ័ពអ៊ីស្រាអ៊ែល ដែលធ្វើឱ្យមន្ទីរពេទ្យនេះពេញទៅដោយសាកសពមនុស្ស។ មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃអង្គារ បានទាមទារ ឱ្យមានការស៊ើបអង្កេតករណីមនុស្សស្លាប់នេះ ដោយ ​ឯករាជ្យ ​​ប្រសិទ្ធភាព និងតម្លាភាព។       អត្ថបទ៖ណាវ័ន្ត

២៤ មេសា ២០២៤
ថៃនឹងជំនួសព្រឹទ្ធសភាដែលតែងតាំងដោយយោធាកាត់បន្ថយអំណាចស្ថាប័នមួយនេះ

ថៃនឹងជំនួសព្រឹទ្ធសភាដែលតែងតាំងដោយយោធាកាត់បន្ថយអំណាចស្ថាប័នមួយនេះ

  គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃ២៣មេសា បានអនុម័ត្តលើផែនការជ្រើសតាំងតំណែងសមាជិកព្រឹទ្ធសភាថ្មីដែលអ្នកទាំងអស់នេះលែងមានសិទ្ធិបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីតទៅទៀតហើយ។ ការសម្រេចយ៉ាងដូច្នេះ បានបង្ហាញពីការដកសិទ្ធិជំទាស់យ៉ាងមានប្រសិទ្ធភាពសម្រាប់ក្រុមយោធាដ៏មានអំណាចទៅលើការជ្រើសរើសអ្នកដឹកនាំប្រទេស។ យោធា បានដាក់ចេញនូវទម្រង់ការណ៍ទទួលបានតំណែងសមាជិកព្រឹទ្ធសភាតាមរយៈការតែងតាំង នៅពេលក្រុមយោធាកែរដ្ឋធម្មនុញ្ញក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ដែលការធ្វើដូច្នេះដើម្បីធានាដល់អំណាចរឹងមាំរបស់មេដឹកនាំរដ្ឋាភិបាលយោធាលោក Prayut Chan-o-cha។    បណ្តាសមាជិកព្រឹទ្ធសភាទាំងនោះដែលស្និទ្ធិទៅនឹងគណបក្សគាំទ្រយោធា ក៏ជាអ្នកជំទាស់ទៅលើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឆ្នាំ២០២៣ រារាំងដល់ម្ចាស់សម្លេងឆ្នោតគឺគណបក្សMove Forward មិនអាចបង្កើតរដ្ឋាភិបាលបាន។  អណត្តិព្រឹទ្ធសភានាពេលបច្ចុប្បន្ន នឹងបញ្ចប់នៅខែឧសភា។ សមាជិកព្រឹទ្ធសភាថ្មី២០០នាក់ នៅពេលឥឡូវនេះ នឹងត្រូវជ្រើសរើសតាមរយៈនីតិវិធីដ៏ស្មុគស្មាញដែលមានការចូលរួមពីក្រុមអ្នកជំនាញជាច្រើនពីវិស័យខុសៗគ្នា ប៉ុន្តែអ្នកដែលជ្រើសរើសទាំងនោះលែងមានសិទ្ធិក្នុងការសម្រេចថាតើនរណាបង្កើតរដ្ឋាភិបាលតទៅទៀតហើយ។  គណបក្សMove Forward  នាពេលឥឡូវជាគណបក្សប្រឆាំងនិងជាគណបក្សធំបំផុតនៅក្នុងសភា ប៉ុន្តែក៏ជាគណបក្សមួយដែលកំពុងប្រឈមមុខទៅនិងការរំលាយគណបក្សផងដែរប្រសិនបើតុលាការរកឃើញថាមានកំហុសនៅក្នុងបណ្តឹងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។     អត្ថបទ៖ណាវ័ន្ត 

២៤ មេសា ២០២៤
សួនសត្វក្រុងប៉ារីសស្វាគមន៍សត្វគោសមុទ្រញីមួយក្បាលដើម្បីបង្កបង្កើនពូជសត្វដ៏កម្រមួយនេះ

សួនសត្វក្រុងប៉ារីសស្វាគមន៍សត្វគោសមុទ្រញីមួយក្បាលដើម្បីបង្កបង្កើនពូជសត្វដ៏កម្រមួយនេះ

សួនសត្វមួយនៅទីក្រុងប៉ារីសប្រទេសបារាំងបានស្វាគមន៍គោសមុទ្រញីមួយក្បាលមកពីសួនសត្វមួយទៀតនៅប្រទេសនេះដែរដោយគេសង្ឃឹមថា គោសមុទ្រនេះនឹងអាចបង្កបង្កើនពូជដើម្បីជួយធានាអនាគតរបស់ប្រភេទសត្វនេះដែលកំពុងរងការគំរាមកំហែងផុតពូជនៅក្នុងទឹកនៅតំបន់ត្រូពិច។    សួនសត្វ Parc Zoologique de Paris បានស្វាគមន៍សត្វគោសមុទ្រញីមួយក្បាលពីសួនសត្វ Beauval នៅភាគកណ្ដាលប្រទេសបារាំងកាលពីដើមខែមេសានេះ ហើយសត្វគោសមុទ្រដែលទើបទទួលបាននេះត្រូវបានគេដាក់ឈ្មោះថា Unai។  សួនសត្វក្រុងប៉ារីសនេះសង្ឃឹមថា គោសមុទ្រដែលពួកគេទទួលបានថ្មីៗនេះនឹងអាចជួយបង្កបង្កើនពូជសត្វប្រភេទនេះជាមួយនឹងគោសមុទ្រឈ្មោលចំនួន ៣ ក្បាលទៀតដែលកំពុងរស់នៅក្នុងសួននេះស្រាប់ ដែលជាផ្នែកមួយនៃកម្មវិធីបន្តពូជសម្រាប់ប្រភេទសត្វដែលរងការគំរាមកំហែងមួយនេះ។ មូលហេតុដែលគេហៅថាសត្វសមុទ្រនេះថាជា«គោសមុទ្រ»ដូច្នេះគឺដោយសារពួកវាស៊ីស្មៅដែលដុះក្នុងទឹកជាអាហារ ហើយវាក៏ជាថនិកសត្វសមុទ្រមួយប្រភេទដែលរស់នៅក្នុងទឹករាក់នៃសមុទ្រការ៉ាប៊ីន នៅលើឆ្នេរសមុទ្រភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក និងនៅតាមមាត់ទន្លេមួយចំនួននៅប្រទេសបារាំង។      ក្រុមអ្នកអភិរក្សសត្វបានប៉ាន់ប្រមាណថា បច្ចុបន្នចំនួនសត្វគោសមុទ្រនេះបានថយចុះនៅសល់តែប្រមាណ ១ ម៉ឺនក្បាលប៉ុណ្ណោះដោយសារការបាត់បង់ទីជម្រក ការរងរបួសជារឿយពីការធ្វើនាវាចរណ៍និងការបំពុលបរិស្ថាន។ ហើយកត្តាដ៏សំខាន់មួយទៀតដែលជំរុញឱ្យចំនួនសត្វនេះថយចុះដែរនោះគឺវដ្តបន្តពូជរបស់ពួកវាមាន រយៈពេលយូររហូតដល់ជាង១ឆ្នាំឯណោះ និងការប្រែប្រួលសីតុណ្ហភាពដែលធ្វើពួកវាមិនអាចទ្រាំទ្របានចំពោះអាកាសធាតុដែលចេះឡើងកម្ដៅខ្លាំងបែបនេះ៕     ប្រែសម្រួល៖ ប៉ិច ស៊ីនួន

២៣ មេសា ២០២៤
ប្រទេសចិនជំរុញឱ្យហ្វីលីពីនគោរពការណ៍ពិត គោរពតាមការសន្យា និងបញ្ឈប់ការបង្កហេតុ

ប្រទេសចិនជំរុញឱ្យហ្វីលីពីនគោរពការណ៍ពិត គោរពតាមការសន្យា និងបញ្ឈប់ការបង្កហេតុ

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនប៊ីន (Wang Wenbin) បាននិយាយនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទថា ប្រទេសចិនជំរុញឱ្យហ្វីលីពីនគោរពការណ៍ពិត គោរពតាមការប្តេជ្ញាចិត្ត និងបញ្ឈប់ការបង្កហេតុ។  លោក វ៉ាង បានប្រាប់ក្រុមអ្នកកាសែតកាលពីចន្ទថា ប្រទេសចិន និងហ្វីលីពីនបានឈានដល់ការព្រមព្រៀងគ្នាក្នុងការដោះស្រាយស្ថានការណ៍នៅតំបន់រ៉េនអៃជាវឱ្យបានត្រឹមត្រូវ។ លោកបានបន្ថែមថា ការព្រមព្រៀងគ្នានេះត្រូវបានធ្វើមិនត្រឹមតែក្នុងពេលរដ្ឋបាលមុនរបស់ហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងពេលរដ្ឋបាលបច្ចុប្បន្ននេះផងដែរ ហើយនេះគឺជាការណ៍ពិតមិនអាចប្រកែកបាន។ ដូច្នេះហើយប្រទេសចិនសូមជំរុញឱ្យហ្វីលីពីនគោរពតាមអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកន្លងមកនេះ។ ការអំពាវនាវរបស់ក្រសួងការបរទេសចិននេះបានធ្វើឡើងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិរបស់ហ្វីលីពីន លោក អេត្វាដូ អាណូ (Eduardo Ano) បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃទី២០ ខែមេសាថា រដ្ឋបាលបច្ចុប្បន្នរបស់ហ្វីលីពីនមិនបានដឹងពីកិច្ចព្រមព្រៀងសម្ងាត់ណាមួយជាមួយនឹងប្រទេសចិនទេ ហើយប្រសិនបើមានកិច្ចព្រមព្រៀងបែបនោះនៅក្រោមរដ្ឋបាលកាលពីមុនមែន នោះវាក៏ត្រូវបានលុបចោលវិញដែរ។ លោក អាណូ បានបន្ថែមថា ការលើកឡើងពីកិច្ចព្រមព្រៀងនេះគឺជាការសាបព្រោះនូវការបែកបាក់គ្នានៅក្នុងប្រទេសហ្វីលីពីន ធ្វើឱ្យប្រទេសនេះមិនអាចស្វែងរកដំណោះស្រាយក្នុងការទាមទារដែនអធិបតេយ្យរបស់ខ្លួននៅសមុទ្រចិនខាងត្បូង៕    ប្រែសម្រួល៖ ប៉ិច ស៊ីនួន 

២៣ មេសា ២០២៤
ប្រទេសរុស្ស៊ីនិយាយថា ប្រទេសនៅបស្ចិមលោកកំពុងបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ

ប្រទេសរុស្ស៊ីនិយាយថា ប្រទេសនៅបស្ចិមលោកកំពុងបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ

 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្កេ ឡាវរ៉ូវ បាននិយាយពីថ្ងៃចន្ទថា ការគាំទ្ររបស់អាមេរិក អង់គ្លេស និងបារាំងចំពោះអ៊ុយក្រែនកំពុងបង្កហានិភ័យជាយុទ្ធសាស្ត្រយ៉ាងធ្ងន់ធ្ងរដែលអាចឈានដល់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក។    លោក ឡាវរ៉ូវ បាននិយាយថា សហរដ្ឋអាមេរិក និងអង្គការណាតូកំពុងឈ្លក់វង្វេងនឹងគំនិតនៃការរិះរកមធ្យោបាយធ្វើឱ្យរុស្ស៊ីបរាជ័យយ៉ាងធ្ងន់ធ្ងរ ហើយគំនិតនេះអាចនឹងបង្កើនហានិភ័យកាន់តែខ្លាំងនៅក្នុងការប្រឈមមុខដាក់គ្នាមហាអំណាចនុយក្លេអ៊ែរ។ លោក ឡាវរ៉ូវ បាននិយាយថា បណ្ដាប្រទេសបស្ចិមលោកកំពុងស្ថិតនៅលើមាត់ជ្រោះដ៏គ្រោះថ្នាក់នៃការប៉ះទង្គិចគ្នាផ្នែកយោធាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរ ដែលនឹងបង្កឱ្យមានផលវិបាកដ៏មហន្តរាយ។ ការព្រមានរបស់រុស្ស៊ីនេះបានធ្វើឡើងបន្ទាប់ពីអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួនបាននិយាយថា ពួកគេកំពុងជួយអ៊ុយក្រែនក្នុងការការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី។ អាមេរិកនិយាយថា វាគឺរុស្ស៊ីហ្នឹងហើយដែលកំពុងធ្វើឱ្យភាពតានតឹងនៅអឺរ៉ុបខាងកើត និងខាងលិចកាន់តែធ្ងន់ធ្ងរ ហើយក៏ជាអ្នកចេញការព្រមានម្តងហើយម្តងទៀតពីគ្រោះថ្នាក់នៃជម្លោះនុយក្លេអ៊ែរផងដែរ។ លោក ឡាវរ៉ូវ បានឆ្លើយតបវិញថា ការណ៍ពិតគឺរដ្ឋនុយក្លេអ៊ែរបស្ចិមលោកទាំងបីគឺអាមេរិក អង់គ្លេស និងបារាំងឯណោះវិញទេដែលជាអ្នកបង្កឱ្យមានហានិភ័យដល់កម្រិតគ្រោះថ្នាក់នុយក្លេអ៊ែរបែបនេះពីព្រោះពួកគេគឺជាអ្នកជួយឧបត្ថម្ភដ៏សំខាន់ចំពោះរបបឧក្រិដ្ឋកម្មក្រុងកៀវរបស់ប្រទេសអ៊ុយក្រែន៕     ប្រែសម្រួល៖ ប៉ិច ស៊ីនួន

២៣ មេសា ២០២៤
បាតុករគាំទ្រប៉ាលេស្ទីនធ្វើបាតុកម្មខណៈប្រធានាធិបតីអាលឺម៉ង់បំពេញទស្សនកិច្ចនៅទួគី

បាតុករគាំទ្រប៉ាលេស្ទីនធ្វើបាតុកម្មខណៈប្រធានាធិបតីអាលឺម៉ង់បំពេញទស្សនកិច្ចនៅទួគី

  បាតុករគាំទ្រប៉ាលេស្ទីន ធ្វើបាតុកម្មនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រឆាំងនឹងលោកFrank-Walter Steinmeierប្រធានាធិបតីអាលឺម៉ង់នៅថ្ងៃច័ន្ទ(២២មេសា) ខណៈលោកជួបជាមួយលោក Ekrem İmamoglu  អភិបាលទីក្រុងអ៊ីស្តង់ប៊ុល  ក្នុងដំណើរទស្សនកិច្ចរំលឹកខួប១០០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។  ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ, លោកSteinmeier ទៅទស្សនាពិពណ៌នៅស្ថានីយ៍រថភ្លើងប្រវត្តិសាស្ត្រSirkeciនៅទីក្រុងអ៊ីស្តង់ប៊ុល ជាកន្លែងចាប់ផ្តើមដំបូងដែលជនចំណាកស្រុកទួគីទៅអាលឺម៉ង់ដើម្បីស្វែងរកការងារ។ លោកអភិបាលទីក្រុងអ៊ីស្តង់ប៊ុលImamoglu ដែលបានជាប់ការបោះឆ្នោតក្នុងតំបន់សារជាថ្មីនៅថ្ងៃ៣១មីនាបានអមដំណើរលោក Steinmeier អំឡុងពេលទស្សនកិច្ច។  ខណៈលោក Steinmeier និងលោកImamoglu បំពេញទស្សនកិច្ចនៅស្ថានីយ៍រថភ្លើង, បាតុករគាំទ្រប៉ាលេស្ទីន បានចាប់ផ្តើមស្រែកខ្លាំងៗពីផ្លូវរថភ្លើងម្ខាងទៀត។ ប៉ូលីស បានចូលអន្តរាគមន៍ភ្លាមៗ បណ្តេញក្រុមបាតុករចេញមិនឱ្យប្រមូលផ្តុំ និងប្រើប្រាស់កម្លាំងទប់ក្រុមបាតុករ។  ក្រោយមកលោក Steinmeier បានធ្វើសន្និសីទសារព័ត៌មាននៅស្ថានីយ៍រថភ្លើង និងបានលើកឡើងថា រឿងរ៉ាវជាច្រើនរបស់ប្រជាជនទួគីអាលឺម៉ង់រាប់លាននាក់ ជាចំណែកនៃប្រវត្តិសាស្ត្រអាលឺម៉ង់ ហើយស្ថានីយ៍រថភ្លើងដែលជាចំណតចុងក្រោយនៃរថភ្លើងចម្ងាយឆ្ងាយ Orient Express ភ្ជាប់ទឹកដីភាគខាងកើត ទៅភាគខាងលិច និងជាតំណាងឱ្យទំនាក់ទំនងជិតស្និទ្ធិរវាងប្រទេសទួគឺនិងអាលឺម៉ង់។      អត្ថបទ៖ណាវ័ន្ត

២៣ មេសា ២០២៤
មនុស្សជាង៣០០នាក់រួមគ្នាបំបែកកំណត់ត្រាពិភពលោកនៅមុខល្បាក់ទឹកជ្រោះនីញ៉ាហ្ការ៉ា

មនុស្សជាង៣០០នាក់រួមគ្នាបំបែកកំណត់ត្រាពិភពលោកនៅមុខល្បាក់ទឹកជ្រោះនីញ៉ាហ្ការ៉ា

ពលរដ្ឋអាមេរិកាំងបំបែកកំណត់ត្រាពិភពលោកខាងស្លៀកពាក់ខោអាវពណ៌ពន្លឺថ្ងៃច្រើនបំផុតនៅលើពិភពលោក។ ថ្មីៗនេះ មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅល្បាក់ទឹកជ្រោះនីញ៉ាហ្ការ៉ាស្ថិតនៅចន្លោះព្រំប្រទល់សហរដ្ឋអាមេរិក និងប្រទេសកាណាដា។ ប៉ុន្តែពួកគេស្ថិតនៅខាងទឹកដីកាណាដា។ មនុស្សសរុប៣០៩នាក់បានចូលរួមបំណែកកំណត់ត្រានេះ។    ពួកគេឈរនៅលើនាវាទេសចរណ៍ដែលបើកទៅក្បែរទឹកជ្រោះនីញ៉ាហ្ការ៉ា។ ដូច្នេះ កំណត់ត្រាចាស់ដែលគ្រប់គ្រងដោយក្រុមហ៊ុនរបស់ប្រទេសចិនខាងធានារ៉ាប់រងអាយុជីវិតកាលពីឆ្នាំ២០២០នោះត្រូវបានជំនួសដោយកំណត់ត្រាថ្មីនេះវិញ។ ការបំបែកកំណត់ត្រានេះរៀបចំឡើងចំពេលមានបាតុភូតសូរ្យគ្រាសនៅលើល្បាក់ទឹកនេះផ្ទាល់តែម្ដង។ ដូច្នេះ បរិយាកាសនេះពិតជាមានភាពវិសេសវិសាលមែនទែន។ អាជ្ញាធរប្រាប់ថាមនុស្សប្រុស ស្រី ក្មេង ចាស់ជាងបីរយនាក់នោះស្លៀកពាក់ឈុតពណ៌លឿងទុំរបៀបថ្ងៃរៀបអស្ដង្គត។ គេបានជួលនាវាមួយគ្រឿងចតនៅមុខល្បាក់ទឹកនីញ៉ាហ្ការ៉ាដោយមានគណៈកម្មការទទួលស្គាល់កំណត់ត្រាប្លែកៗនៅលើពិភពលោករង់ចាំវាយតម្លៃ និងប្រគល់វិញ្ញាបនប័ត្រទទួលស្គាល់សមិទ្ធផលនេះ។      អ្នកនាំពាក្យក្រុមកំណត់ត្រាពិភពលោកហ្គីននីស.វើល.រីខត (Guinness World Records) ប្រកាសថាទីក្រុងនេះអាចបំបែកកំណត់ត្រាបានសម្រេចហើយ។ តាមរយៈការចេញសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន សាលាក្រុងបានដណ្ដើមជ័យជម្នះពីក្រុមហ៊ុនធានារ៉ាប់រងរបស់ប្រទេសចិនឈ្មោះឆាយណា.អ៊ីនសួរេន.ខំផេនី.លីមីតធីត (China Life Insurance Company Limited) ដែលមានទីស្នាក់ការធំនៅទីក្រុងប៉េកាំង។ ក្រុ្មហ៊ុននេះធ្លាប់គ្រប់គ្រងតំណែងជើងឯកចាប់តាំងពីឆ្នាំ២០២០ជាមួយនឹងអ្នកចូលរួមស្លៀកពាក់ឈុតពណ៌ព្រះអាទិត្យចំនួន២៨៧នាក់។ មានន័យថាតិចជាងនៅល្បាក់ទឹកជ្រោះនីញ៉ាហ្ការ៉ា២២នាក់។ តាមពិតទៅ, ទឹកជ្រោះនីញ៉ាហ្ការ៉ាមិនមែនជារឿងថ្មីថ្មោងទេសម្រាប់អ្នកដែលចង់បំបែកកំណត់ត្រាពិភពលោក។ កាលពីពេលកន្លងមក បើក្រុមណាមួយចង់បំបែកកំណត់ត្រាពិភពលោក គេច្រើនទៅបំបែកនៅតំបន់ទឹកជ្រោះដ៏ល្បីល្បាញមួយនេះ៕      ប្រែសម្រួល៖ អន សំអាង

២២ មេសា ២០២៤
ព័ត៌មានអន្តរជាតិផ្សេងទៀត

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024