ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

បាតុករគាំទ្រប៉ាលេស្ទីនធ្វើបាតុកម្មខណៈប្រធានាធិបតីអាលឺម៉ង់បំពេញទស្សនកិច្ចនៅទួគី

 

 

បាតុករគាំទ្រប៉ាលេស្ទីន ធ្វើបាតុកម្មនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រឆាំងនឹងលោកFrank-Walter Steinmeierប្រធានាធិបតីអាលឺម៉ង់នៅថ្ងៃច័ន្ទ(២២មេសា) ខណៈលោកជួបជាមួយលោក Ekrem İmamoglu  អភិបាលទីក្រុងអ៊ីស្តង់ប៊ុល  ក្នុងដំណើរទស្សនកិច្ចរំលឹកខួប១០០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ 

 

ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ, លោកSteinmeier ទៅទស្សនាពិពណ៌នៅស្ថានីយ៍រថភ្លើងប្រវត្តិសាស្ត្រSirkeciនៅទីក្រុងអ៊ីស្តង់ប៊ុល ជាកន្លែងចាប់ផ្តើមដំបូងដែលជនចំណាកស្រុកទួគីទៅអាលឺម៉ង់ដើម្បីស្វែងរកការងារ។ លោកអភិបាលទីក្រុងអ៊ីស្តង់ប៊ុលImamoglu ដែលបានជាប់ការបោះឆ្នោតក្នុងតំបន់សារជាថ្មីនៅថ្ងៃ៣១មីនាបានអមដំណើរលោក Steinmeier អំឡុងពេលទស្សនកិច្ច។ 

 

ខណៈលោក Steinmeier និងលោកImamoglu បំពេញទស្សនកិច្ចនៅស្ថានីយ៍រថភ្លើង, បាតុករគាំទ្រប៉ាលេស្ទីន បានចាប់ផ្តើមស្រែកខ្លាំងៗពីផ្លូវរថភ្លើងម្ខាងទៀត។ ប៉ូលីស បានចូលអន្តរាគមន៍ភ្លាមៗ បណ្តេញក្រុមបាតុករចេញមិនឱ្យប្រមូលផ្តុំ និងប្រើប្រាស់កម្លាំងទប់ក្រុមបាតុករ។ 

 

ក្រោយមកលោក Steinmeier បានធ្វើសន្និសីទសារព័ត៌មាននៅស្ថានីយ៍រថភ្លើង និងបានលើកឡើងថា រឿងរ៉ាវជាច្រើនរបស់ប្រជាជនទួគីអាលឺម៉ង់រាប់លាននាក់ ជាចំណែកនៃប្រវត្តិសាស្ត្រអាលឺម៉ង់ ហើយស្ថានីយ៍រថភ្លើងដែលជាចំណតចុងក្រោយនៃរថភ្លើងចម្ងាយឆ្ងាយ Orient Express ភ្ជាប់ទឹកដីភាគខាងកើត ទៅភាគខាងលិច និងជាតំណាងឱ្យទំនាក់ទំនងជិតស្និទ្ធិរវាងប្រទេសទួគឺនិងអាលឺម៉ង់។ 

 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024