ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

កុមារីប្រេស៊ីលម្នាក់បានតាំងបង្ហាញរូបគំនូររបស់ខ្លួននៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង

វិចិត្រករជនជាតិប្រេស៊ីលអាយុ ១០ ឆ្នាំម្នាក់គឺកុមារី Sophia Helena កំពុងត្រៀមខ្លួនជាស្រេចសម្រាប់អ្វីដែលនាងរៀបរាប់ថាជាបទពិសោធន៍«អស្ចារ្យបំផុត»មួយនៅក្នុងឆាកជីវិតរបស់នាងនោះគឺការដាក់តាំងបង្ហាញស្នាដៃសិល្បៈរបស់នាងនៅក្នុងទីក្រុងប៉ារីសនៅក្នុងរង្វង់ពេលជិតដល់ចុងឆ្នាំនេះ។

 

 

 

 

ទេពកោសល្យរបស់កុមារី Sophia ត្រូវបានគ្រូសិល្បៈម្នាក់លាតត្រដាងជាសាធារណៈលើកដំបូងនៅពេលនាងមានអាយុ ៦ ឆ្នាំ ហើយចាប់តាំងពីពេលនោះមក ដោយមានការជួយជ្រោមជ្រែងពីក្រុមគ្រួសារ និងថ្នាក់រៀនសិល្បៈ កុមារី Sophia បានអភិវឌ្ឍទេពកោសល្យរបស់ខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត។

 


កុមារីរូបនេះបាននិយាយថា នាងបានចាប់ផ្តើមគូររូបយ៉ាងស្ទាត់ជំនាញលើផ្ទាំងក្រណាត់នៅពេលអាយុ ៩ ឆ្នាំ ហើយនាងបានចាប់ផ្តើមចូលរៀនគូរគំនូរនៅលើផ្ទាំងក្រណាត់លើកដំបូងតាំងពីនោះមក បន្ទាប់មកម្តាយរបស់នាងបានចុះឈ្មោះឱ្យនាងប្រកួតគូរគំនូរដើម្បីយកស្នាដៃរបស់នាងទៅដាក់បង្ហាញនៅឯផ្សារទំនើប Carrousel du Louvre នៅជិតសារមន្ទីរដ៏ល្បីល្បាញក្នុងទីក្រុងប៉ារីសនៅក្នុងខែតុលា ដូច្នេះហើយពេលនេះនាងកំពុងខិតខំរៀនគូរដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។

 

 

 

 


គ្រូបង្រៀនម្នាក់របស់កុមារីរូបនេះគឺអ្នកស្រី Debora De Faria Hemerly បាននិយាយថា ក្នុងនាមជាគ្រូបង្រៀនម្នាក់ គាត់អាចកំណត់ដឹងពីសមត្ថភាពរបស់សិស្សរបស់គាត់បានយ៉ាងច្បាស់ ហើយគាត់អាចមើលឃើញពួកគេមានការរីកចម្រើនយ៉ាងខ្លាំងដែលវាបានធ្វើឱ្យគាត់មានការពេញចិត្ត និងសប្បាយចិត្តយ៉ាងខ្លាំង។

 


អ្នកគ្រូនេះបានបន្ថែមទៀតថា កុមារីនេះនឹងរៀនគូររហូតដល់ពេលដែលនាងត្រូវធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ហើយពេលនាងត្រឡប់មកវិញ អ្នកគ្រូនេះគិតថា ទេពកោសល្យរបស់នាងនឹងមានល្បឿនលឿនជាងមុនព្រោះនាងនឹងត្រឡប់មកវិញជាមួយនឹងកញ្ចប់វប្បធម៌ជាច្រើន៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024