ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

កម្សាន្ដ

Miss Queen Cambodia 2024 និង Misters Of Cambodia 2024 ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រកំពុងធ្វើអោយបេក្ខភាព និងមហាជនទន្ទឹងរង់ចាំ!

Miss Queen Cambodia 2024 និង Misters Of Cambodia 2024 ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រកំពុងធ្វើអោយបេក្ខភាព និងមហាជនទន្ទឹងរង់ចាំ!

 CIM ដែលកំពុងត្រៀមរៀបចំកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធី ២ បញ្ចូលគ្នារួមមាន Miss Queen Cambodia 2024 និងកម្មវិធី Misters Of Cambodia 2024 ដើម្បីស្វែងរកម្ចាស់ជយលាភីតំណាងកម្ពុជាលើឆាកអន្តរជាតិ។   តាមគម្រោងការប្រកួតផ្តាច់ព្រ័ត្រកម្មវិធីទាំង ២ នេះនឹងរៀបចំឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ តួយ៉ាង មុនការប្រកួតឈានមកដល់ CIM បានធ្វើការហាត់សមបេក្ខភាពផ្លូវការទាំងអស់ ដើម្បីឱ្យគ្រប់គ្នាធ្វើបានកាន់តែល្អ និងមានទំនុកចិត្តលើខ្លួនឯង។  បន្ទាប់ពីបានហាត់សមច្រើនលើកច្រើនសារ បេក្ខភាពផ្លូវការទាំងអស់រឹតតែមានភាពជឿជាក់លើខ្លួនឯង ថែមទាំងការតាំងចិត្តខ្ពស់ ក្នុងការក្រសោបយកតំណែងជ័យលាភីតាមក្តីសុបិនរបស់ខ្លួនទៀតផង។  សូមជម្រាបថា តែសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រិយមិត្តនឹងបានឃើញម្ចាស់មកុដ ២ រូបរបស់ Miss Queen Cambodia 2024 ដោយម្នាក់នឹងតំណាង់កម្ពុជាទៅប្រកួតកម្មវិធី Miss International Queen Pageant នៅប្រទេសថៃ ខណៈជយលាភីម្នាក់ទៀត នឹងតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss Star International 2024 នៅខែធ្នូ​ ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។ ដោយឡែក ម្ចាស់ជយលាភី Misters Of Cambodia 2024 មានចំនួន ៣ រូប ដែលនឹងឱកាសតំណាងកម្ពុជាទៅប្រកួតក្នុងវេទិកាលំដាប់អន្តរជាតិធំៗរួមមាន៖ Man Hot Star International in Thailand, Mister Celebrity International in Vietnam កម្មវិធី Man of The Year 2024 នៅប្រទេសថៃ។  សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុនម៉ូដែលអន្តរជាតិកម្ពុជា ហៅកាត់ CIM ក្នុងការជាវទិញសំបុត្រការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៃការអបអរសាទរម្ចាស់ជយលាភី ដោយការទស្សនាការប្រកួតផ្ទាល់៕  អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ និងហ្វេសប៊ុក   

២៦ មេសា ២០២៤
សាយ និង Mitch Tambo តារាចម្រៀងជនជាតិដើម អូស្រ្តាលី រួមគ្នាបើកការប្រគំតន្រ្តីសហគមន៍អបអរភាពចម្រុះ និង បរិយាបន្ន

សាយ និង Mitch Tambo តារាចម្រៀងជនជាតិដើម អូស្រ្តាលី រួមគ្នាបើកការប្រគំតន្រ្តីសហគមន៍អបអរភាពចម្រុះ និង បរិយាបន្ន

 នេះជាលើកដំបូងហើយដែលតារាចម្រៀងខាងសប្បុរសធម៌ សាយ បានលេចមុខក្នុងការប្រគំ តន្រ្តីរូមគ្នាជាមួយលោក Mitch Tambo ដែលជាតារាចម្រៀងលំដាប់ពិភពលោកជនជាតិដើម អូស្រ្តាលី ។ ការប្រគំតន្ត្រីនេះមិនមែនគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះទេ វាក៏ជាការប្រមូលផ្តុំសហគមន៍ ដើម្បីមកជួបជុំគ្នាផងដែរ ។  ការប្រគំតន្រ្តីនេះបានរៀបចំឡើងកាលពីថ្ងៃទី ២៥ ខែ មេសា កន្លងមកនេះ ដោយមានវត្តមាន លោក Pablo Kang ភារធារីស្ថានទូតអូស្ត្រាលី រួមជាមួយ Mitch Tambo តារាចម្រៀង លំដាប់ពិភពលោកជនជាតិដើមអូស្ត្រាលី និង សាយ តារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងសប្បុរសជន ក្នុងបើកការប្រគំតន្ត្រីសហគមន៍អបអរភាពចម្រុះ និងបរិយាបន្ន ។  ដោយការប្រគុំតន្ត្រីនេះបានប្រារព្ធធ្វើឡើងនៅសាលាអន្តរជាតិ កាណាដា ភ្នំពេញ ប្រមូលផ្តុំទស្សនិកជនមក ពីគ្រប់មជ្ឈដ្ឋាន មកចូលរួមរាត្រីដ៏រស់រវើកនៃ វប្បធម៌ តន្ត្រី និងភាពសប្បាយរីករាយ ។ដូចមហាជនដឹងហើយថា តារាចម្រៀងដ៏អស្ចារ្យទាំងពីររូប គឺ Mitch Tambo មកពីប្រទេសអូស្ត្រាលី និង សាយ មកពី ប្រទេសកម្ពុជា សុទ្ធសឹងតែជាតារាចម្រៀង ដែលមានសកម្មភាពការងារខ្លាំងក្នុងការជួយដល់សង្គម ។  តារាចម្រៀង សាយ បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកថា លោកពិតជារីករាយ ដែលបានចូលរួមក្នុងការប្រគំតន្រ្តីដ៏អស្ចារ្យនេះ ។Mitch Tambo គឺជាអ្នកចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងជនជាតិដើមរបស់ប្រទេស អូស្ត្រាលី ។ លោកជា បុរសជនជាតិ Gamilaraay ដ៏មានមោទនភាព ដែលនាំយកសំឡេង និងភាសាជនជាតិដើមមកលាយ ចូលជាមួយនឹងចង្វាក់ និងផលិតកម្មសហសម័យ ។  លោកគឺជាឯកអគ្គរដ្ឋទូតរបស់អង្គការយូនីសេហ្វ និង ជាបុគ្គលសង្គមដែលមានសមត្ថភាព ។ Mitch មានចំណូលចិត្តជាមួយភាពកម្រុះ និងជាអ្នកជំនាញវប្បធម៌ ដំល្បី ព្រមទាំងជាអ្នកជម្រុញទឹកចិត្តនៅទូទាំងសាលារៀន និងអង្គការសហគមន៍ក្នុងប្រទេសអូស្ត្រាលី ផងដែរ ។ លោក Pablo Kang ភារធារីស្ថានទូតអូស្ត្រាលី បានមានប្រសាសន៍ថា « ការប្រគុំតន្ត្រីនេះមិនមែនគ្រាន់តែ ជាការកម្សាន្តប៉ុណ្ណោះទេ វាក៏ជាការប្រមូលផ្តុំសហគមន៍របស់យើងដើម្បីមកជួបជុំគ្នាផងដែរ។ ខ្ញុំពិតជា រីករាយណាស់ដែលឃើញមនុស្សគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន មកជួបជុំគ្នាដើម្បីអបអរសហគមន៍យើង តាមរយៈតន្ត្រី និងសិល្បៈ ។ ភ្ញៀវរបស់យើងមានមកពី ខាងការងារផ្នែកសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិជនជាតិដើមភាគតិច ព្រមទាំងក្រុម តស៊ូមតិផ្នែកស្ត្រី និងអ្នកស្រឡាញ់ភេទដូចគ្នា ។ មិនថានៅក្នុងប្រទេស អូស្ត្រាលី ប្រទេស កម្ពុជា ឬទូទាំង ពិភពលោកទេ បរិយាបន្ន ពង្រឹងសង្គមដែលយើងចង់រស់នៅ បង្កើតកន្លែងសម្រាប់ទេពកោសល្យ ដោយ មិនគិតពីសមត្ថភាពរាងកាយ ពូជសាសន៍ និងភេទ ឡើយ » ។Mitch Tambo រួមជាមួយនឹងលោកស្រី Voice of Lele ដែលជាភរិយា និង Sermsah Bin Saad ដែលជាអ្នករាំរបស់ Mitch Tambo បានមកកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី២៣ ដល់ ២៦ ខែមេសា ដើម្បីចែករំលែកតន្ត្រី ចំណង់ចំណូលចិត្ត វប្ប ធម៌ សិល្បៈ និងរឿងរ៉ាវជនជាតិដើមរបស់គាត់ ជាមួយប្រជាជន កម្ពុជា ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Mitch Tambo បានធ្វើសិក្ខាសាលាមួយចំនួន ជាមួយសិស្សានុសិស្សនៅតាមវិទ្យាល័យ និងសកលវិទ្យាល័យ ព្រមទាំង សហគមន៍សិល្បៈផងដែរ។ Mitch ក៏បានផ្សព្វផ្សាយពីវប្បធម៌ និងសិល្បៈ របស់ជនជាតិដើម អូស្ត្រាលី ដែលជាផ្នែកមួយនៃការតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរតាមរយៈ តន្ត្រី ។សាយ មិនត្រឹមតែល្បីល្បាញក្នុងការរត់ពាសពេញប្រទេស កម្ពុជា ដើម្បីរៃ អង្គាសប្រាក់សម្រាប់ការស្រាវជ្រាវជំងឺមហារីកប៉ុណ្ណោះទេ លោកក៏ជាដៃគូជាមួយអង្គការអុកស្វាម ដោយបានចុះតាមដងទន្លេមេគង្គ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមនៃអាកាសធាតុ និងការគ្រប់គ្រងទន្លេ សម្រាប់សហគមន៍ ។ សាយ បានបញ្ជាក់បន្ថែមថា ការប្រគំតន្រ្តីនេះគឺពិតជាបានផ្លាស់ប្តូរ និងធ្វើឱ្យលោកទទួលបានបទពិសោធថ្មីៗជាច្រើន ៕   អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច  

២៦ មេសា ២០២៤
Ryan Gosling និង Emily Blunt សម្ពោធស្នាដៃភាពយន្តថ្មីរួមគ្នា

Ryan Gosling និង Emily Blunt សម្ពោធស្នាដៃភាពយន្តថ្មីរួមគ្នា

 បន្ទាប់ពីទទួលជោគជ័យយ៉ាងខ្លាំងជាមួយភាពយន្ត "Barbie” នៅពេលនេះ តួឯកប្រុស Ryan Gosling បានបន្តចេញស្នាដៃថ្មីដ៏គួរឱ្យចាប់អារម្មណ៍មួយរឿងទៀតដោយចាប់ដៃគូជាមួយតារាស្រីល្បីឈ្មោះ Emily Blunt។តារាសម្ដែង Ryan Gosling (រ៉ាយអិន ហ្គូស្លីង) និង Emily Blunt (អេមីលី ប្លាន់) រួមជាមួយល្បីៗហូលីវូដជាច្រើនទៀតពីភាពយន្តថ្មីមានចំណងជើងថា "The  Fall Guy” បានចូលរួមពិធីសម្ពោធបញ្ចាំងភាពយន្តនេះនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីពេលថ្មីៗ។  "The  Fall Guy” គឺជាភាពយន្តបែបកំប្លែងនិង Action ដែលរៀបរាប់ពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍របស់តួ Stunt (ស្តាន់) ឬអ្នកសម្ដែងឈុតគ្រោះថ្នាក់ក្នុងភាពយន្តហូលីវូដ ដោយក្នុងនោះតារាប្រុស Ryan Gosling បានសម្ដែងជាអ្នកសម្ដែងឈុតគ្រោះថ្នាក់ឈ្មោះ Colt Seavers (ខល ស៊ីវវើស៍) ខណៈតារាស្រី Emily Blunt សម្ដែងជាតួអ្នកដឹកនាំរឿងដៃថ្មី និងជាសង្សារចាស់របស់តួឯកប្រុស។  ក្នុងបទសម្ភាសនៅថ្ងៃសម្ពោធបញ្ចាំង តារាសម្ដែង Ryan Gosling បានចែករំលែកថា ភាពយន្តនេះនឹងបង្ហាញឱ្យទស្សនិកជនបានឃើញពីជ្រុងមួយដែលពួកគេមិនធ្លាប់បានដឹងអំពីអ្នកសម្ដែងឈុតគ្រោះថ្នាក់ ដែលបានប្រថុយជីវិតជាច្រើនលើកក្នុងការថតភាពយន្ត ប៉ុន្តែបែរជាមិនសូវជាមានអ្នកចាប់អារម្មណ៍នោះឡើយ។ លោកសង្ឃឹមថា តួអង្គ Stunt នឹងទទួលបានការសរសើរដ៏សក្ដិសមបន្ទាប់ពីការបញ្ចាំងភាពយន្តនេះ។  ចំណែកតារាស្រី Emily Blunt បាននិយាយថា ភាពយន្តនេះនឹងជាសារលើកទឹកចិត្តដល់តួអង្គ Stunt រួមទាំងក្រុមការងារទាំងអស់ដែលស្ថិតនៅពីក្រោយការថតភាពយន្ត ដែលបានបញ្ចេញទាំងកម្លាំងកាយនិងគំនិតច្នៃប្រឌិតដ៏អស្ចារ្យរបស់ពួកគេសម្រាប់វិស័យភាពយន្ត។ភាពយន្ត "The Fall Guy” ចាប់ផ្ដើមចាក់បញ្ចាំងនៅទូទាំងពិភពលោកចាប់ពីថ្ងៃទី ២៤ ខែមេសា ៕  ប្រែសម្រួល៖ វ៉ាន់ថន   

២៥ មេសា ២០២៤
សមាជិក Itzy បង្ហាញចំណុចពិសេសរៀងៗខ្លួនក្នុង World Tour លើកទីពីរ

សមាជិក Itzy បង្ហាញចំណុចពិសេសរៀងៗខ្លួនក្នុង World Tour លើកទីពីរ

 សមាជិក Itzy បាននិងកំពុងបង្ហាញចំណុចពិសេសរៀងៗខ្លួនក្នុងការប្រគំតន្ត្រីទេសចរណ៍លើកទីពីររបស់ពួកគេដែលគ្រោងធ្វើឡើងនៅ ១៨ប្រទេសជុំវិញពិភពលោក។ក្រុមចម្រៀងនារី K-pop Itzy (អ៊ីតឈី) បច្ចុប្បន្នកំពុងបន្តការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកទីពីររបស់ពួកគេដែលមានឈ្មោះថា “ITZY 2ND WORLD TOUR "BORN TO BE"។   បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០១៩ សមាជិកក្រុមរួមមាន Yeji (យេជី), Lia (លីអា), Ryujin (យូជីន), Chaeryeong (ឈែយ៉ុង) និង Yuna (យូណា) បានទទួលការគាំទ្រគួរឱ្យកត់សម្គាល់តាមរយៈបទចម្រៀងបែបប៉ុប ហ៊ីបហប់ និង EDM ក្បាច់រាំប្លែកៗពោរពេញដោយថាមពល ព្រមជាមួយការផ្សព្វផ្សាយនូវសារវិជ្ជមានផ្សេងៗដូចជាការស្រលាញ់ខ្លួនឯង និងការលើកទឹកចិត្ត។   តាមរយៈកិច្ចសម្ភាសនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ សមាជិក Chaeryeong បានចែករំលែកថាអ្វីដែលនាងទន្ទឹងរង់ចាំបំផុតសម្រាប់ការប្រគំតន្ត្រីទេសចរណ៍លើកនេះគឺជាការបង្កើតនូវការចងចាំល្អៗជាមួយអ្នកគាំទ្រទាំងអស់របស់ពួកគេជុំវិញពិភពលោក។ សមាជិក Ryujin បានបន្ថែមថាដំណើរប្រគំតន្ត្រីទេសចរណ៍លើកនេះក៏នឹងជាឱកាសមួយសម្រាប់សមាជិកក្រុមម្នាក់ៗដើម្បីបង្ហាញពីភាពរីកចម្រើនរបស់ពួកគេក្នុងនាមជាសិល្បករប៉ុបផងដែរ ជាពិសេសបន្ទាប់ពីពួកគេបានបញ្ចេញបទចម្រៀងទោលរៀងៗខ្លួន នៅក្នុងអាល់ប៊ុមចុងក្រោយ “Born to Be” កាលពីឆ្នាំកន្លងទៅ។  គួរបញ្ជាក់ថា សម្រាប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកនេះ ក្រុម ITZY នឹងត្រូវសម្ដែងនៅ ១៨ប្រទេសនិងតំបន់នៅអាស៊ី អូស្ត្រាលី នូវែលសេឡង់ អាមេរិកឡាទីន អឺរ៉ុប និងអាមេរិកខាងជើង ដោយបានចាប់ផ្ដើមកាលពីចុងខែកុម្ភៈ និងបន្តរហូតដល់ខែសីហា ឆ្នាំ២០២៤ ៕   ប្រែសម្រួល៖ វ៉ាន់ថន  

២៥ មេសា ២០២៤
កូនកាត់ រុស្ស៊ី ឌៀប សូហ្វៀរ៉ា ត្រៀមបង្ហាញស្នាដៃធំៗបង្កើនទីផ្សារសិល្បៈក្រោយបញ្ចេញស្នាដៃជាមួយឧកញ៉ា ព្រាប សុវត្ថិ និង កូនប្រុស  ! 

កូនកាត់ រុស្ស៊ី ឌៀប សូហ្វៀរ៉ា ត្រៀមបង្ហាញស្នាដៃធំៗបង្កើនទីផ្សារសិល្បៈក្រោយបញ្ចេញស្នាដៃជាមួយឧកញ៉ា ព្រាប សុវត្ថិ និង កូនប្រុស  ! 

  បន្ទាប់ពីចេញ MV ចម្រៀងជាមួយកូនប្រុសរបស់តារាចម្រៀង ព្រាប សុវត្ថិ មិនបានប៉ុន្មានផង ពេលនេះ តារាកូនកាត់ រុស្សី ឌៀប សូហ្វៀរ៉ា បានត្រៀមស្នាដៃថ្មីៗជាច្រើនផ្សេងទៀត ដើម្បីដណ្តើមទីផ្សារក្នុងសិល្បៈ បន្ទាប់ពីនាងធំពេញវ័យ ។   កាន់តែធំពេញវ័យស្រីស្អាតកូនកាត់ រុស្ស៊ី ឌៀប សូហ្វៀរ៉ា កាន់តែស្រស់ស្អាត និងមានទីផ្សារខ្ពស់ក្នុងវិស័យសិល្បៈ រហូតត្រូវបានក្រុមហ៊ុន ម្ចាស់ផលិតកម្មជាច្រើនស្រឡាញ់ពេញចិត្ត ហៅនាងថតជាបន្តបន្ទាប់ ហើយចុងក្រោយនេះ កានក៏កំពុងលេចមុខខ្លាំងនៅក្នុង MV ចម្រៀងរបស់កូនប្រុសលោក ព្រាប សុវត្ថិ និង MV ចម្រៀងរបស់លោក ព្រាប សុវត្ថិ ផ្ទាល់តែម្តង ។   នៅអំឡុងមុនចូលឆ្នាំថ្មីប្រពៃណី ខ្មែរ កូនកាត់ ខ្មែរ រុស្ស៊ី ឌៀប សូហ្វៀរ៉ា បានលេចមុខខ្លាំងនៅក្នុង MV ចម្រៀង « Stuck With You » របស់តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសរបស់តារាចម្រៀង ព្រាប សុវត្ថិ ក្រោយមកនាងក៏បានលេចមុខនៅក្នុងការថតផ្សាយពាណិជ្ជកម្មឱ្យធនាគារធំមួយ ក្នុងតម្លៃខ្លួនខ្ពស់គួរសម ដែលធ្វើឱ្យកេរ្តិ៍័ឈ្មោះនាងកាន់តែល្បីល្បាញឡើង ។  ដោយឡែកថ្មីៗនេះ ឌៀប សូហ្វៀរ៉ា ក៏បានលេចមុខនៅក្នុង MV ចម្រៀងរបស់លោក ព្រាប សុវត្ថិ វិញម្តងតាមរយៈបទចម្រៀងដែលមានចំណងជើងថា « ខ្មោចដែលស្លាប់ទៅហើយ » ថ្វីដ្បិតតែ MV ចម្រៀងនេះមិនទាន់ចេញជាផ្លូវការក្តី តែតាមរយៈឈុតខ្លីនៃបទចម្រៀងនេះ គឺពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន មិនចាញ់ពេលនាងចូលរួមសម្តែងក្នុងបទ « Stuck With You » របស់តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ប៉ុន្មានទេ ។   ឌៀប សូហ្វៀរ៉ា បានឱ្យដឹងផងដែរថា នាងពិតជារីករាយណាស់ដែលបានរួមការងារជាមួយនិងកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ក៏ដូចជាលោក សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសរបស់លោក ព្រាប សុវត្ថិ ។ នាងជឿជាក់ថា បន្ទាប់ពីបង្ហាញនូវសមិទ្ធិផលធំៗទាំងអស់នេះហើយ កេរ្តិ៍ឈ្មោះរបស់នាងនឹងកាន់តែល្បីល្បាញឡើង ហើយនាងសន្យាថា នឹងខំប្រឹងពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ។   កាន់តែធំពេញវ័យកញ្ញា ឌៀប សូហ្វៀរ៉ា កាន់តែស្រស់ស្អាតប្លែក ហើយថែមទាំងមានទីផ្សារខ្ពស់ ឌៀប សូហ្វៀរ៉ា ក៏ត្រៀមនឹងមានស្នាដៃធំៗជាច្រើនផ្សេងទៀតដើម្បីបង្ហាញមហាជន ទាំងការសម្តែងនៅក្នុងខ្សែភាពយន្ត ក៏ដូចជា MV ចម្រៀង និងថតផ្សាយពាណិជ្ជកម្មនានា...៕   អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច     

២៥ មេសា ២០២៤
អស្ចារ្យខ្លាំងណាស់! កុយ អេនណា យក fashion ផ្សារភ្ជាប់តំបន់ទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍន៍ជាតិ

អស្ចារ្យខ្លាំងណាស់! កុយ អេនណា យក fashion ផ្សារភ្ជាប់តំបន់ទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍន៍ជាតិ

  ពិតស័ក្កិសម ជាបវរកញ្ញាពិតមែន កញ្ញា កុយ អេនណា បានរិះរកគំនិត ថ្មីប្លែក ដោយបានលើកយក fashion មកផ្សារភ្ជាប់តំបន់ទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍន៍ជាតិ។   ត្រឡប់មកដល់ទឹកដីព្រះរាជណាចក្រកម្ពុជាមិនយូរប៉ុន្មាន ម្ចាស់ជយលាភី 1st Runner up Miss Grand Cambodia 2023 កញ្ញា កុយ អេនណា ចាប់ផ្តើមសម្រុកការងារសិល្បៈ ថែមទាំងឆ្លៀតពេលថតម៉ូដ fashion ថ្មីៗបង្ហាញទៅអ្នកគាំទ្រទៀតផង។អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ថ្មីៗនេះ បវរកញ្ញាសម្បុរទឹកឃ្មុំ កុយ អេនណា បានបង្អួតសម្រស់យ៉ាងឆើតឆាយ ជាមួយស្ទីល៍ថតរូបបែបហិរៗ នៅលើសាឡាង ស្របបណ្តោយទិសគ្នាជាមួយសម្រស់ទង់ជាតិកម្ពុជានៃស្ពានកោះនរា។    រូបថតជាច្រើនសន្លឹក បង្ហាញពី fashion បែបទំនើបនៅតំបន់កំពុងអភិវឌ្ឍន៍នៃស្ពានកោះនរា ត្រូវបាន អេនណា បង្ហោះចែកចាយភ្ជាប់ជាមួយ Caption ដ៏មានន័យខ្លឹមសារ ក្នុងគោលបំណងផ្សារភ្ជាប់វិស័យ fashion ជាមួយតំបន់ទេសចរណ៍ ដើម្បីបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធទំនើបស៊ីវិល័យរបស់កម្ពុជាយើងបង្ហាញទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកំសាន្តនៅទីក្រុងភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។    មិនឈប់ត្រឹមប៉ុណ្ណឹងទេ កញ្ញា កុយ អេនណា នឹងបន្តរិះរក concept ថតរូបថ្មីៗប្លែកៗមកចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឱ្យហ្វេនៗទាំងអស់បានចូលរួមចែករំលែកពីភាពអស្ចារ្យរបស់កម្ពុជាយើងទៅកាន់ពិភពលោក។ ម៉្យាង នេះក៏ជាយុទ្ធសាស្រ្តទាក់ទាញថ្មីមួយសម្រាប់ អេនណា ក្នុងការទាញយកការចំណាប់អារម្មណ៍ពីមហាជនមុនពេលនាងត្រឡប់មកប្រកួតប្រជែងកម្មវិធីបវរកញ្ញាម្តងទៀត ដែលវាបង្ហាញពីភាពវិជ្ជមាន និងភាពឆ្លាតវ័យក្នុងនាមជាបវរកញ្ញាកម្ពុជាមួយរូប៕  អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យក្រុមការងារ Koy Anna  

២៥ មេសា ២០២៤
ជួបគ្នាលើកដំបូងក្នុងកម្មវិថីប្រកួត Universal Woman ថ្មីៗ រឿន ណាត និងបុរសឯក លាវ វេងហួរ ពីមិត្តភក្តិក្លាយជាស្នេហា!

ជួបគ្នាលើកដំបូងក្នុងកម្មវិថីប្រកួត Universal Woman ថ្មីៗ រឿន ណាត និងបុរសឯក លាវ វេងហួរ ពីមិត្តភក្តិក្លាយជាស្នេហា!

 បែកគ្នាជាមួយសង្សារមិនបានប៉ុន្មានខែផង ស្រាប់តែបែកធ្លាយទំនាក់ទំនងស្នេហារវាងកញ្ញា រឿន ណាត និងបុរសឯក លាវ វេងហួរ បន្ទាប់ពីអ្នកទាំងពីរបានធ្វើការងាររួមគ្នាក្នុងពេលដ៏ខ្លី រហូតលោក លាវ វេងហួរ បានហៅ រឿន ណាត ថា មិត្តស្រីពេញៗមាត់ ។   កញ្ញា រឿន ណាត ទើបតែប្រកាសបិទបេះដូងបន្ទាប់ពីបែកបាក់ស្នេហ៍ជាមួយ DJ អែម មិនបានប៉ុន្មានផង ស្រាប់តែពេលនេះបែរជាបែកធ្លាយទំនាក់ទំនងនាងនិងបុរសឯក លាវ វេងហួរ ទៅវិញ។ តើលោក លាវ វេងហួរ គឺជាអ្នកទី ៣ បំបែកស្នេហ៍លោក អែម ដូចដែលលោក អែម បានចោទប្រកាន់កញ្ញា រឿន ណាត មានស្នេហាថ្មីចោលលោកឬយ៉ាងណា?  ថ្មីៗនេះកញ្ញា រឿន ណាត និងបុរសឯក លាវ វេងហួរ បានបង្ហាញនូវភាពស្នទិស្នាលនិងគ្នាខ្លាំងខុស ប្លែកពីមិត្តធម្មតា ដោយអ្នកទាំងពីបានបណ្តើរគ្នាទៅចូលរួមកម្មវិធីជប់លៀង និងធ្វើការងារផ្សេងៗ រួមគ្នាយ៉ាងស្និទ្ធស្នាលបំផុត សូម្បីតែមិត្តភក្តិរបស់ពួកគេក៏ចាប់អារម្មណ៍ឃើញថា ទំនាក់ទំនងអ្នកទាំងពីរខុសប្លែកពីមិត្តធម្មតាយ៉ាងពិតប្រាកដមែន ។ លើសពីនេះទៅទៀត លោក លាវ វេងហួរ ថែមទាំងបានហៅកញ្ញា រឿន ណាត ថាជា អូនពេញៗមាត់ ហើយលោកថែមទាំងបានណែនាំ រឿន ណាត ទៅកាន់មិត្តភក្តិរបស់ខ្លួនថា ជាជាមិត្តស្រីរបស់ខ្លួនផងដែរ ។  បន្ទាប់ពីឃើញលោក លាវ វេងហួរ បង្ហាញថា រឿន ណាត ជាមិត្តស្រីរបស់ខ្លួន កាន់តែធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន រហូតចុងក្រោយ កញ្ញា រឿន ណាត បានចេញមុខបកស្រាយបែបនេះទៅវិញ ។   កញ្ញា រឿន ណាត បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា ទំនាក់ទំនងនាងនិងលោក លាវ វេងហួរ គឺត្រឹមតែមិត្តភក្តិនិងគ្នាប៉ុណ្ណោះ មិនមែនជាទំនាក់ទំនងស្នេហាដូចអ្វីដែលមហាជនគិតនោះទេ តែថ្ងៃអនាគត គឺនាងមិនដឹងឡើយ ។  ទន្ទឹមនិងការបង្ហាញពីការស្និទ្ធស្នាលនិងគ្នាបែបនេះ បានធ្វើឱ្យមហាជនជាច្រើននឹកឃើញដល់សម្តីលោក អែម ដែលជាអតីតមិត្តប្រុសរបស់ រឿន ណាត ធ្លាប់បាននិយាយថា កញ្ញា រឿន ណាត បែកពីលោក អែម ព្រោះមានអ្នកទី៣ ។ លោក លាវ វេងហួរ គឺជាអ្នកទី ៣ បំបែកបំបាក់ស្នេហ៍របស់លោក អែម ។ តែទោះជាយ៉ាងនេះក្តី កញ្ញា រឿន ណាត សុំមិននិយាយអ្វីទាំងអស់ ៕   អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច    

២៤ មេសា ២០២៤
Deadpool និង X-man សហការគ្នាលើកដំបូងក្នុងភាពយន្តថ្មី

Deadpool និង X-man សហការគ្នាលើកដំបូងក្នុងភាពយន្តថ្មី

 ជាដំណឹងដ៏រំភើបសម្រាប់អ្នកគាំទ្រភាពយន្តបែប Superhero ខណៈតួអង្គដ៏ល្បីល្បាញចំនួនពីរគឺ Deadpool និង X-man នឹងត្រូវសហការគ្នាជាលើកដំបូងក្នុងភាពយន្តថ្មី។ Marvel Studios កាលពីថ្ងៃទី២៣ ខែមេសា បានចេញផ្សាយ Trailer ដំបូងនៃភាពយន្ត “Deadpool & Wolverine” (ឌេតភូល អេន វូលវើរីន) ដែលបង្ហាញពីការវិលត្រឡប់របស់តារាសម្ដែង Hugh Jackman (ហ្យូច ជេកមេន) មកកាន់ចក្រវាលភាពយន្ត Marvel ជាថ្មីជាតួអង្គ X-man Wolverine រួមជាមួយតួអង្គ Deadpool សម្ដែងដោយ Ryan Reynolds (រ៉ាយអិន រ៉េណុលស៍)។  ភាពយន្តបែបកំប្លែង និង Action មួយនេះគឺជាភាពយន្តទី៣៤ នៃចក្រវាលភាពយន្ត Marvel និងជាវគ្គបន្តពីភាពយន្ត “Deadpool” កាលពីឆ្នាំ២០១៦ និងភាពយន្ត “Deadpool 2” កាលពីឆ្នាំ២០១៨ ដោយសាច់រឿងនៅវគ្គចុងក្រោយនេះនឹងបង្ហាញពីពេលដែលតួអង្គ Superhero ឈុតក្រហមខ្មៅ Deadpool និង Superhero ឈុតលឿង Wolverine ត្រូវសហការគ្នាកម្ចាត់សត្រូវរួមមួយ ដើម្បីជួយសង្គ្រោះពិភពលោករបស់ Deadpool ។  ឈុតខ្លីៗដែលទើបបញ្ចេញនេះក៏មានការបង្ហាញមុខតួចិត្តអាក្រក់ថ្មីគឺតារាសម្ដែងស្រី Emma Corrin (អ៊េម៉ា ខរីន) ដែលត្រូវសម្ដែងជាតួអង្គ Cassandra Nova ជាកូនភ្លោះស្រីរបស់ស្ថាបនិក X-Men គឺសាស្រ្តាចារ្យ Xavier (ហ្សេវៀ)។ដឹកនាំដោយលោក Shawn Levy (ស្ហន ឡេវី) ភាពយន្ត 'Deadpool & Wolverine' គ្រោងនឹងចាក់បញ្ចាំងនៅរោងកុនអាមេរិកនៅថ្ងៃទី ២៦ ខែកក្កដា ៕    ប្រែសម្រួល៖ វ៉ាន់ថន  

២៤ មេសា ២០២៤
តារាជំនាញក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ ប្រាប់គម្រោងថតភាពយន្តថ្មីៗក្នុងឆ្នាំ២០២៤

តារាជំនាញក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ ប្រាប់គម្រោងថតភាពយន្តថ្មីៗក្នុងឆ្នាំ២០២៤

 មិនត្រឹមតែមានទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ តារាជំនាញក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ កំពុងត្រូវប៉ាន់ទីផ្សារក្រៅស្រុក ដោយមានគម្រោងថតភាពយន្តថ្មីៗជាច្រើនក្នុងឆ្នាំ២០២៤នេះ។  មិនចាញ់សិល្បករ-សិល្បការនីផ្សេងៗប៉ុន្មានឡើយ គ្រាន់តែឈានចូលឆ្នាំ២០២៤ភ្លាម តារាសម្តែងស្រីជំនាញគុនល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ មានការងារសិល្បៈណែនដៃ ដែលមួយចំនួនសេសសល់ពីឆ្នាំចាស់ ខ្លះទៀតជាការងារថ្មីទើបទទួលបានក្នុងឆ្នាំថ្មីនេះតែម្តង។  គួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះគឺ ចរណៃ ទទួលបានឱកាសថតភាពយន្តអន្តរជាតិជាមួយផលិតករបរទេសដល់ទៅ ៣ រឿងធំៗ។ ក្នុងនោះ មានទាំងរឿងដែលត្រូវចេញទៅសម្តែងនៅក្រៅប្រទេស និងរឿងដែលផលិតករបរទេសមកថតនៅកម្ពុជាយើង។  តារាជំនាញគុនល្បុក្កតោរូបនេះរៀបរាប់បន្តថា វាជាក្តីស្រមៃដ៏ធំរបស់នាង ដែលចង់ឃើញតារាសម្តែងខ្មែរយើងអាចចូលរួមសម្តែងរឿងឱ្យផលិតករបរទេស ពិសេសប្រភេទរឿង action តែម្តង។   ចរណៃ សូមលើកទឹកចិត្តដល់អ្នកគ្រប់គ្នាឱ្យហាត់រៀនគុនល្បុក្កតោឱ្យច្រើន ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមជាតិ ព្រោះក្បាច់គុនល្បុក្កតោមិនត្រឹមជួយឱ្យយើងមានសុខភាពល្អ តែក៏កំពុងមានទីផ្សារសម្រាប់ផលិតករបរទេសផងដែរ៕   អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ សុខ ពិសិដ្ឋ និងហ្វេសប៊ុក   

២៤ មេសា ២០២៤
ជម្លោះ HYBE និងអ្នកគ្រប់គ្រង NewJeans ធ្វើឱ្យក្រុមហ៊ុនខាតបង់ ៦១៩ លានដុល្លារ

ជម្លោះ HYBE និងអ្នកគ្រប់គ្រង NewJeans ធ្វើឱ្យក្រុមហ៊ុនខាតបង់ ៦១៩ លានដុល្លារ

 ជម្លោះបែកផ្សែងរវាងផលិតកម្មយក្សខេប៉ុប HYBE និងអ្នកគ្រប់គ្រងក្រុម NewJeans គឺផលិតករស្រី Min Hee-Jin បានធ្វើឱ្យក្រុមហ៊ុនខាតបង់ជាង ៦០០ លានដុល្លារភ្លាមៗក្នុងទីផ្សារភាគហ៊ុន។  ក្រុមហ៊ុន HYBE (ហែប) បានខាតបង់ជាង ៦១៩ លានដុល្លារ ក្នុងរយៈពេលត្រឹមពីរថ្ងៃ ខណៈ ក្រុមហ៊ុនដែលជាទ្រនំក្រុម BTS មួយនេះបានប៉ះទង្គិចជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន ADOR (អា ដ) ដែលគ្រប់គ្រងក្រុមនារី NewJeans ។  ភាគហ៊ុនរបស់ HYBE បានធ្លាក់ចុះ 7.81 ភាគរយ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាក្រុមហ៊ុនេះចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងនាយកប្រតិបត្តិរបស់ ADOR ព្រមទាំង Min Hee-jin ជុំវិញការប៉ុនប៉ងផ្ដាច់ខ្លួនចេញពី HYBE។ គួរបញ្ជាក់ថា ADOR គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ HYBE ដោយក្នុងនោះ HYBE គឺជាម្ចាស់ភាគហ៊ុនធំលំដាប់ទីមួយចំនួន ៨០ ភាគរយ ខណៈ Min Hee-jin ជាម្ចាស់ភាគហ៊ុនធំលំដាប់ទីពីរដោយកាន់កាប់ ១៨ ភាគរយ។ ភាពប្រេះឆារវាង HYBE និង ADOR បន្តរីកធំ នៅពេលដែលភាគីទាំងពីរ ផ្ទុះការចោទប្រកាន់គ្នាទៅវិញទៅមក។ ឯកសារផ្ទៃក្នុងដែល HYBE បានរកឃើញក្នុងកំលុងពេលចុះធ្វើសវនកម្មក្នុងក្រុមហ៊ុន ADOR នៅដើមសប្ដាហ៍នេះបានបង្ហាញថា Min Hee-Jin និងបក្សពួករៀបផែនការទប់ស្កាត់ការគ្រប់គ្រងរបស់ HYBE មកលើ ADOR រួមមានការដាក់សម្ពាធឱ្យ HYBE លក់ភាគហ៊ុនរបស់ ADOR ទៅឱ្យក្រុមហ៊ុនភាគហ៊ុនឯកជនផ្សេងៗ និងសេណារីយ៉ូមួយទៀតគឺបង្កើតក្រុមហ៊ុនថ្មីដោយនាំយកក្រុម NewJeans ទៅជាមួយ។ យ៉ាងណាក៏ដោយ Min Hee-jin បានបដិសេធការអះអាងខាងលើនេះដោយនិយាយថានាងមិនមានចេតនាដណ្ដើមសិទ្ធិគ្រប់គ្រង ADOR ហើយក៏មិនបានជួបជាមួយអ្នកវិនិយោគណាដែរ។ នាងបានប្រកែកថា HYBE កំពុងព្យាយាមបណ្តេញនាងចេញបន្ទាប់ពីនាងបានលើកឡើងថាក្រុម ILLIT (អាយលីត) ដែលជាក្រុមចម្រៀងស្រីថ្មីមួយរបស់ HYBE បានចម្លង concept របស់ NewJeans ទៅទាំងដុល ៕  ប្រែសម្រួល៖ វ៉ាន់ថន 

២៤ មេសា ២០២៤
ការប្រគល់រូបសំណាកសម័យអាណានិគមឱ្យកុងហ្គោ ជំរុញការរស់ឡើងវិញនៃបរិស្ថាន

ការប្រគល់រូបសំណាកសម័យអាណានិគមឱ្យកុងហ្គោ ជំរុញការរស់ឡើងវិញនៃបរិស្ថាន

ការប្រគល់រូបសំណាកសម័យអាណានិគមឱ្យអ្នកស្រុកនៅតំបន់ភ្នំនៃប្រទេសកុងហ្គោវិញ ត្រូវបានគេជឿថាអាចរួមចំណែកជួយដល់បរិស្ថានដែលកំពុងរងការបំផ្លាញ តាមរយៈការតាំងពិព័រណ៍ក្នុងតំបន់។ ការច្រៀងដ៏រីករាយបានបន្លឺឡើងតាមជួរភ្នំខៀវស្រងាត់ ខណៈអ្នកស្រុកនៃភូមិតូចមួយនៅភាគខាងលិចសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានចេញពីរូងក្រោមដីដើម្បីស្វាគមន៍ការដងហែរូបសំណាក់បុរាណមួយ។  នៅមុខក្បួនដង្ហែ បុរសម្នាក់បានកាន់រូបសំណាក់អ្នកជិះជាន់ក្នុងសម័យអាណានិគមដែលបានបាត់បង់ជាយូរមកហើយ ហើយការវិលត្រឡប់មកវិញនៃរូបសំណាកនេះបានជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមសិល្បករក្នុងស្រុកដើម្បីទាមទារយកមកវិញនូវវប្បធម៌ដែលត្រូវបានគេលួចនៅតំបន់នោះ ព្រមទាំងព្រៃឈើដែលបាត់បង់ផងដែរ។ រូបចម្លាក់ឈ្មោះ "Balot" (បាឡត) ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ និងតំណាងឱ្យលោក Maximilien Balot អ្នកគ្រប់គ្រងក្នុងសម័យអាណានិគមដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលការបះបោររបស់កម្មករនៅឯចំការក្នុងឆ្នាំ ១៩៣១ ។ រូបចម្លាក់នេះសព្វថ្ងៃត្រូវបានចាត់ទុកថាជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងអាណានិគមបែលហ្ស៊ិក និងត្រូវបានបញ្ជូនត្រលប់មកភូមិ Lusanga (លូសានកា) សម្រាប់ការតាំងបង្ហាញរយៈពេលប្រាំមួយខែ បន្ទាប់ពីត្រូវដាក់តាំងនៅឯសារមន្ទីរវិចិត្រសិល្បៈរដ្ឋ Virginia អស់រយៈពេល ៥០ ឆ្នាំ។ ការត្រលប់មកវិញនេះគឺស្របពេលជាមួយនឹងការកើនឡើងសម្ពាធជាសកលលើស្ថាប័នលោកខាងលិចក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណដែលពួកគេបានយកទៅក្នុងសម័យអាណានិគម។ ការត្រលប់មកវិញរបស់រូបសំណាកនេះដែរគឺជាចំណុចកំពូលនៃសកម្មភាពជាច្រើនឆ្នាំដោយសម្ព័ន្ធសិល្បករកុងហ្គោហៅកាត់ CATPC ដែលប្រើប្រាស់ប្រាក់ចំណូលពីស្នាដៃសិល្បៈរបស់ពួកគេ រួមទាំងការលក់រូបភាពឌីជីថលនៃរូបសំណាក Balot ដើម្បីផ្តល់មូលនិធិដល់គម្រោងដាំដើមឈើឡើងវិញជុំវិញភូមិ Lusanga ៕   ប្រែសម្រួល៖ វ៉ាន់ថន  

២៣ មេសា ២០២៤
មហោស្រពភាពយន្តក្រុងប៉េកាំងលើកទី ១៤ ជំរុញការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ

មហោស្រពភាពយន្តក្រុងប៉េកាំងលើកទី ១៤ ជំរុញការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ

 មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៉េកាំងកំពុងតែរៀបចំឡើងក្នុងរដ្ឋធានីរបស់ប្រទេសចិន ដោយបានប្រមូលផ្តុំអ្នកផលិតករឆ្នើមពីប្រទេសផ្សេងៗដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ភាពយន្ត និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌នៅក្នុងវិស័យនេះ។ ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៉េកាំងលើកទី១៤ គ្រោងរៀបចំចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៦ ខែមេសា ដោយនឹងផ្តល់មានកម្មវិធីតូចៗជិត ១០០ កម្មវិធីសម្រាប់អ្នកចូលចិត្តភាពយន្ត ដូចជាវេទិកាពិភាក្សា ការបង្ហាញផ្លូវ និងវគ្គសិក្សា ដែលទាក់ទាញអ្នកជំនាញក្នុងវិស័យភាពយន្តជាង ៣៥០ នាក់មកពីក្នុងស្រុក និងក្រៅប្រទេស។ នៅថ្ងៃចុងក្រោយនៃកម្មវិធី នឹងមានការប្រកាសជយលាភីពានរង្វាន់ភាពយន្តប្រចាំឆ្នាំ ក្នុងគោលបំណងស្វែងរក និងបង្ហាញភាពយន្តឆ្នើមថ្មីៗពីជុំវិញពិភពលោក និងលើកទឹកចិត្តឱ្យមានភាពចម្រុះនៅក្នុងវិស័យភាពយន្ត។ សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ ភាពយន្តចំនួន ១៥០៩ រឿងពី ១១៨ ប្រទេស និងតំបន់ ត្រូវបានដាក់ស្នើដើម្បីប្រកួតប្រជែង ខណៈមានភាពយន្តចំនួន ១៥ រឿងត្រូវបានជ្រើសរើសជាបេក្ខភាពចុងក្រោយ។ ក្នុងរយៈពេលប្រាំបួនថ្ងៃនៃព្រឹត្តិការណ៍នេះ ភាពយន្តក្នុងស្រុក និងអន្តរជាតិជាង ២៤០ រឿងនឹងត្រូវបានចាក់បញ្ចាំងនៅទូទាំង ២៧ រោងកុនក្នុងទីក្រុងប៉េកាំង រួមទាំងនៅក្នុងទីក្រុង Tianjin (ធៀនជីង) និងខេត្ត Hebei (ហឺប៉ី) ដែលនៅជិតទីក្រុងប៉េកាំងផងដែរ ៕   ប្រែសម្រួល៖ វ៉ាន់ថន  

២៣ មេសា ២០២៤
ស្មានមិនដល់ សម្ព័ន្ធភាពរវាង អ៊ិន លក្ខិណា និងតារាចម្រៀង ទេព បូព្រឹក្ស ស្អិតរមួតខ្លាំងដល់ម្ល៉ឹង

ស្មានមិនដល់ សម្ព័ន្ធភាពរវាង អ៊ិន លក្ខិណា និងតារាចម្រៀង ទេព បូព្រឹក្ស ស្អិតរមួតខ្លាំងដល់ម្ល៉ឹង

ថ្វីដ្បិតកន្លងមកគេរមែងឃើញវត្តមានបវរកញ្ញារូបស្រស់ អ៊ិន លក្ខិណា ចូលរួមស្ទើរគ្រប់កម្មវិធីរបស់តារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស តែគ្មាននរណាម្នាក់ដឹងពីជម្រៅនៃសម្ព័ន្ធភាពរបស់សិល្បករទាំងពីររូបនេះឡើយ។  ប៉ុន្តែ ថ្មីៗនេះ ម្ចាស់ជយលាភី 2nd Runner up Miss Grand Cambodia 2023 បានបើកទ្រូងនិយាយពីទំនាក់ទំនងរវាងនាង និងម្ចាស់បទ «វីរៈនារី» ឱ្យទស្សនិកជនបានដឹងដោយឥតលាក់លៀម។  បវរកញ្ញាសម្បុរទឹកឃ្មុំ អ៊ិន លក្ខិណា ថា ការពិតទៅនាង និងតារាចម្រៀង ទេព បូព្រឹក្ស គ្មានជាប់សាច់ឈាមគ្នាអ្វីឡើយ គ្រប់យ៉ាងកើតឡើងពីហ្វេន និង idol ក្នុងដួងចិត្តប៉ុណ្ណោះ។ តែដោយសារនិស្ស័យធ្វើឱ្យអ្នកទាំងពីរបង្កើតមិត្តភាពដ៏ស្អិតរមួត ជាបងប្អូននឹងគ្នាដូចសព្វថ្ងៃនេះ។  ក្រឡេកមកមើលការងារសិល្បៈក្នុងឆ្នាំ២០២៤នេះវិញ លក្ខិណា នៅជាប់កុងត្រាជាមួយស្ថាប័ន Miss Grand Cambodia នៅឡើយ ដូច្នេះរាល់ការងារសិល្បៈទាំងអស់ត្រូវតែឆ្លងកាត់ការអនុម័តពីស្ថាប័នទើបអាចទទួលធ្វើបាន។ ជាក់ស្តែង កន្លងមកការងារខ្លះក៏ទទួលធ្វើបាន ខ្លះទៀតក៏របូតទៅបាត់ ដោយសារចចារតម្លៃមិនត្រូវ ដូចការថតភាពយន្ត ជាដើម។  ទោះជាយ៉ាងនេះក្តី កញ្ញា អ៊ិន លក្ខិណា នៅតែមានសកម្មភាពសិល្បៈផ្សេងៗ ដូចជា ការថតផ្សព្វផ្សាយផលិតផល ថតស៉្បតឱ្យបណ្តា sponsor ហើយថ្មីៗនេះនាងក៏បានលេចមុខសម្តែងក្នុង MV ចម្រៀងថ្មីរបស់តារារ៉េបល្បីឈ្មោះ ជី ដេវីដ និង ទេព បូព្រឹក្ស ចំណងជើង «នុ៎ះអ្នកអត់មានស្នេហា» ទៀតផង៕  អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក   

២៣ មេសា ២០២៤
រៀបការជាង ៣ខែ សុវត្ថិឌី ធារិកា បង្ហាញពីការដោះខ្លួនចេញពីជំងឺបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ ក្នុអំឡុងពេលបាត់បង់អ្នកមានគុណទាំងពីរ ! 

រៀបការជាង ៣ខែ សុវត្ថិឌី ធារិកា បង្ហាញពីការដោះខ្លួនចេញពីជំងឺបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ ក្នុអំឡុងពេលបាត់បង់អ្នកមានគុណទាំងពីរ ! 

 បន្ទាប់ពីរៀបការរួចជីវិតរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ចាប់ផ្តើមមានពន្លឺកាន់តែខ្លាំង ក្រោយពីនាងជួបវិប្បត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលដែលបាត់បង់អ្នកមានគុណទាំងពីរក្នុងពេលតែមួយ ។   តារាចម្រៀង សុវត្ថិឌី ធារិកា ចាប់ផ្តើមសប្បាយចិត្ត និងមានកម្លាំងចិត្តកាន់តែខ្លាំងបន្ទាប់ពីនាងសម្រេចចិត្តរៀបការមានគូស្រករ ហើយក៏មានគម្រោងនឹងយកសមាជិកថ្មីក្នុងពេលឆាប់ៗនេះ  ប៉ុន្តែមុននឹងរឹងមាំដូចសព្វថ្ងៃនេះនាងធ្លាប់បានឆ្លងកាត់នូវវិប្បិត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងររហូតចង់បញ្ចប់ជីវិតខ្លួនឯងផងដែរ ។   តារាចម្រៀងល្បីឈ្មោះរូបនេះ បានមកចែករំលែកនូវបទពិសោធខ្លះៗក្នុងជីវិតដែលនាងបានជួបប្រទះក្នុងអំឡុងពេលដែលនាងបាត់បង់អ្នកមានគុណទាំងពីរ ដោយសារគ្រោះថ្នាក់ចរាចរ កាលពីប៉ុន្មានឆ្នាំមុន ។ សុវត្ថិឌី ធារិកា បានរៀបរាប់ប្រាប់ថា ទំរាំតែដោះខ្លួនចេញពីជំងឺបាក់ទឹកចិត្តនេះ គឺមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែកត្តាសំខាន់គឺខ្លួនយើងផ្ទាល់តែម្តង កុំបោះបង់ខ្លួនឯងចោលឱ្យសោះ ។   មកទល់ពេលនេះ សុវត្ថិឌី ធារិកា រៀបការបានជាង ៣ ខែហើយ នាងនិងស្វាមីក៏ចង់មានបំណងចង់បានកូនក្នុងពេលឆាប់ៗដែរ គ្រាន់តែមួយរយៈពេលមុនរវល់កើបលុយពេក មិនហ៊ានសម្រាក់ពីការងារ ។    ក្រៅពីការងារសិល្បៈ សុវត្ថិឌី ធារិកា ក៏បានបើកអាជីវកម្មរកស៊ីតូចតាចមួយដើម្បីបន្ថែមប្រាក់ចំណូលប្រចាំថ្ងៃ ពីព្រោះនាងមិនចង់នៅទំនេរឥតប្រយោជន៍ មិនថាការងារតូចតាចតាមខេត្តក្រុង គឺនាងទទួលធ្វើទាំងអស់ ជាពិសេសការងារជួយសង្គម គឺនាងតែងតែទទួលដោយក្តីរីករាយ សូម្បីតែស្វាមីនាងក៏សប្បាយចិត្ត និងលើកទឹកចិត្តនាងក្នុងការធ្វើការងារនេះដែរ ៕   អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ញិល សុជា    

២៣ មេសា ២០២៤
អាល់ប៊ុមថ្មី  SEVENTEEN ទទួលការកុម្ម៉ង់ទិញលើស ៣ លានតាំងពីមិនទាន់ចេញលក់

អាល់ប៊ុមថ្មី  SEVENTEEN ទទួលការកុម្ម៉ង់ទិញលើស ៣ លានតាំងពីមិនទាន់ចេញលក់

  មិនទាន់ចេញលក់នោះទេ ប៉ុន្តែអាល់ប៊ុមថ្មីរបស់ក្រុមចម្រៀង  SEVENTEEN បានទទួលការកុម្ម៉ង់ទិញលើស ៣ លានបន្ទះបាត់ទៅហើយ ក្រោយបើកទទួល pre order មួយសប្ដាហ៍។ ក្រុមហ៊ុន YG PLUS ដែលជាអ្នកចែកចាយអាល់ប៊ុមរបស់ក្រុមចម្រៀង SEVENTEEN បានប្រកាសនៅថ្ងៃទី ២២ ខែមេសានេះថា អាល់ប៊ុមថ្មីរបស់ពួកគេមានចំណងជើងថា "17 IS RIGHT HERE" បានកត់ត្រាការបញ្ជាទិញទុកលើស ៣ លានបន្ទះហើយ។  អាល់ប៊ុមដែលត្រៀមចេញផ្លូវការនៅថ្ងៃទី២៩ ខែមេសាខាងមុខនេះ នឹងរួមបញ្ចូលបទចម្រៀងល្បីៗជាច្រើនរបស់ SEVENTEEN នាពេលកន្លងមក រួមជាមួយបទចម្រៀងថ្មីចំនួនបួនបទ មានដូចជាបទ “MAESTRO” (ម៉ាយស្ត្រូ) បទ “LALALI” (ឡាឡាលី) បទ “Spell” និង បទ “Cheers to youth”។ ចំនួន Pre order សម្រាប់អាល់ប៊ុម "17 IS RIGHT THERE" នេះត្រូវបានរំពឹងថានឹងកើនឡើងបន្តទៀតពិសេសនៅពេលជិតដល់ថ្ងៃ Comeback របស់ SEVENTEEN ។ គួរបញ្ជាក់ថា ក្រុមចម្រៀងដែលមានសមាជិក ១៣ នាក់មួយនេះទើបតែបញ្ចប់ការប្រគំតន្ត្រីដ៏ធំរបស់ពួកគេ គឺការប្រគំតន្ត្រី "FOLLOW Again" រយៈពេល២ថ្ងៃនៅទីក្រុង Incheon (អ៊ិនឆន) ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ និង ៣១ ខែមីនា ហើយនឹងបន្តរៀបចំចំនួន ២ថ្ងៃទៀតនៅទីក្រុងសេអ៊ូល នៅថ្ងៃទី ២៧ និង ២៨ ខែមេសានេះ។  បន្ទាប់ពីបញ្ចប់ការផ្សព្វផ្សាយអាល់ប៊ុមថ្មី ពួកគេនឹងបន្តទៅសម្ដែងនៅប្រទេសជប៉ុន នៅទីក្រុង Osaka នៅថ្ងៃទី១៨ និង ១៩ ខែឧសភា និងទីក្រុង Kanagawa នៅថ្ងៃទី២៥ និង ២៦ ខែឧសភា៕  ប្រែសម្រួល៖ វ៉ាន់ថន  

២២ មេសា ២០២៤
Louis Vuitton រៀបចំការបង្ហាញម៉ូដដ៏ធំនៅសៀងហៃ

Louis Vuitton រៀបចំការបង្ហាញម៉ូដដ៏ធំនៅសៀងហៃ

  ម៉ាកសម្លៀកបំពាក់ប្រណិតដ៏ល្បីរបស់បារាំង Louis Vuitton បានរៀបចំព្រឹត្តិការណ៍​បង្ហាញម៉ូដដ៏ធំនៅទីក្រុងសៀងហៃ ដោយមានវត្តមានតារាល្បីៗអន្តរជាតិជាច្រើនរូបចូលរួម។ ភ្ញៀវកិត្តិយសជាង ១ពាន់នាក់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដ "Voyager” (វ៉ូយ៉ាហ្កឺ) រៀបចំឡើងដោយម៉ាក Louis Vuitton (ល្វីស វីតុន) កាលពីពេលថ្មីៗ ដោយក្នុងនោះក៏មានវត្តមានតារាល្បីៗអន្តរជាតិជាច្រើនដូចជាតារាសម្ដែងល្បីហូលីវូដ Cate Blanchett (ខេត ប្លេនឆេត) តារាសម្ដែងចិន Zhou Dongyu (ចូវ តុងយ៉ូ) និងតារាចម្រៀង Jackson Wang (ជេកសុន វ៉ាង) ជាដើម។  រៀបចំឡើងនៅលើទឹកដីដែលជាទីផ្សារធំមួយសម្រាប់ហ្វេសិនបែបប្រណិត កម្មវិធីនេះបានបង្ហាញម៉ូដសម្លៀកបំពាក់ត្រៀមសម្រាប់រដូវស្លឹកឈើជ្រុះ ដោយមានទាំងខោអាវ រ៉ូប និងកាបូបម៉ូដថ្មីៗ ដែលជាស្នាដៃរបស់នាយកច្នៃម៉ូដផ្នែកសម្លៀកបំពាក់នារីរបស់ Louis Vuitton គឺលោក Nicolas Ghesquière (នីកូឡាស ហ្កេសឆេ)។ សម្រាប់ប្រេន Louis Vuitton ដែលជាប្រេនធំជាងគេរបស់ក្រុមហ៊ុន LVMH ប្រទេសចិនគឺនៅតែជាទីផ្សារសំខាន់បំផុតមួយលើពិភពលោករបស់ពួកគេ បើទោះជាស្ថិតក្នុង​កាលៈទេសៈដែលកំណើនសេដ្ឋកិច្ច និងចំនួនអ្នកប្រើប្រាស់​មានការថយចុះជាងមុនក៏ដោយ។  ក្រុមហ៊ុន LVMH បានឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីពេលថ្មីៗនេះថា តួលេខនៃការលក់ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤ របស់ខ្លួនមានការកើនឡើង ៣% ជុំវិញពិភពលោក ប៉ុន្តែក្នុងនោះការបញ្ជាទិញពីអតិថិជនជាជនជាតិចិនមានការកើនឡើងរហូតដល់ ១០%។  កាលពីឆ្នាំមុន ផ្នែកសម្លៀកបំពាក់បុរសរបស់ Louis Vuitton ដែលដឹកនាំដោយអ្នកច្នៃម៉ូដ និងតារាចម្រៀង Pharell Williams (ផារេល វីលៀម) ក៏បានរៀបចំកម្មវិធីបង្ហាញម៉ូដខ្នាតធំមួយដែរនៅទីក្រុងហុងកុង ៕    ប្រែសម្រួល៖ វ៉ាន់ថន   

២២ មេសា ២០២៤
មិនមែនជាតួល្បីតែ យ៉ាយ៉ា ឆក់បានតំណែងតួឯកស្រីលើកដំបូងក្នុងរឿង « កុំស្លាប់ » ក្នុងតម្លៃខ្លួនខ្ពស់ !

មិនមែនជាតួល្បីតែ យ៉ាយ៉ា ឆក់បានតំណែងតួឯកស្រីលើកដំបូងក្នុងរឿង « កុំស្លាប់ » ក្នុងតម្លៃខ្លួនខ្ពស់ !

  ជាលើកដំបូងហើយដែលតារាស្រី យ៉ាយ៉ា ទទួលបានតំណែងជាតួឯកស្រីនក្នុងវិថីសិល្បៈក្រោយប្រលូក្នុងវិស័យនេះអស់ជាច្រើនឆ្នាំ ។ តាមរយៈស្នាដៃដំបូង យ៉ាយ៉ា ទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតា បើទោះបីជានាងមិនមែនជាតារាល្បីឈ្មោះដូចតារាមួយចំនួនក្តី  ។  « កុំស្លាប់ » គឺជាស្នាដៃថ្មីលើកដំបូងបើកទំព័រថ្មីក្នុងវិថីសិល្បៈរបស់តារាស្រីវ័យក្មេងកញ្ញា យ៉ាយ៉ា ដែលជាក្មេងស្រីធម្មតាម្នាក់បានតស៊ូប្រឹងប្រែងក្នុងវិស័យសិល្បៈអស់ពេលជាច្រើនឆ្នាំ ដោយស្នាដៃដំបូងនេះនាងទទួលបានតំណែងជាតួឯកស្រី និងតម្លៃខ្លួនខ្ពស់មិនធម្មតា បើប្រៀបធៀបទៅនឹងមិត្តសិល្បកររួមជំនាន់ ចាត់ទុកថា នាងខ្លាំងមិនធម្មតាទេ ។  កញ្ញា ធ្លាប់លេចមុខក្នុងរឿងអប់រំខ្លីៗក្នុង ហ្វេសប៊ុក និង TikTok ប៉ុណ្ណោះ មហាជនភាគតិចណាស់ដែលបានស្គាល់នាង ។ ដោយឡែកពេលនេះ យ៉ាយ៉ា មានឱកាសបានក្លាយទៅជាតារាសម្តែង និង ជាតួឯកស្រីនៅក្នុងរឿង « កុំស្លាប់ » របស់ផលិតករ ហ៊ុយ យ៉ាឡេង ផងដែរ ។ តាមរយៈស្នាដៃដំបូងនេះ យ៉ាយ៉ា ពិតជារំភើបចិត្តខ្លាំងណាស់ ហើយក៏មិននឹកស្មានថា ខ្លួនមានសំណាងល្អ ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសមកសម្តែងក្នុងរឿងនេះដែរ ។    កញ្ញា បានទទួលស្គាល់ថា នាងមិនមែនជាតួល្បីមកពីណាឡើយ នាងគ្រាន់តែជាក្មេងស្រីធម្មតាៗម្នាក់ដែលខំប្រឹងផលិតវិដេអូខ្លីៗ ដាក់បង្ហោះលើ ហ្វេសប៊ុក និង TilTok តែប៉ុណ្ណោះ ។ ថ្វីដ្បិតតែពេលនេះនាងទទួលបានតំណែងតួឯកស្រីនៅក្នុងរឿង « កុំស្លាប់ » ក៏ពិតមែនប៉ុន្តែនាងក៏មិនដែលភ្លេចពីកំណើតរបស់ខ្លួនឡើយ ផ្ទុយទៅវិញកាន់តែខំប្រឹងពង្រឹងស្នាដៃក្នុងសិល្បៈឱ្យខ្លាំងក្លាឡើង ដើម្បីបំពេញក្តីស្រមៃខ្លួន ។ អ្វីដែលនាងប្រកាន់ជាប់ខ្លួន គឺនាងមិនមានជំងឺតួឯកឡើយ ។    គួរំលឹកផងដែរថា ឆ្នាំនេះកញ្ញា យ៉ាយ៉ា មានវ័យ ២៤ ឆ្នាំហើយ នាងបានប្រលូកក្នុងវិស័យសិល្បៈនៅពេលមានវ័យ ២០ ឆ្នាំ រយៈពេលជាច្រើនឆ្នាំក្នុងសិល្បៈនាងមិនទាន់រឹងមាំនៅឡើយទេ បើប្រៀបធៀបទៅមិត្តរួមជំនាន់ ។ យ៉ាយ៉ា សង្ឃឹមថា តាមរយៈស្នាដៃដំបូងរបស់ខ្លួនក្នុងរឿង « កុំស្លាប់ » នឹងធ្វើឱ្យនាងកាន់តែល្បីល្បាញ និងមានមហាជនស្គាល់កាន់តែច្រើនឡើង ៕  អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច   

២២ មេសា ២០២៤
សមត្ថភាពខ្ពស់មានទឹកដមពីរោះ យុវជនវ័យក្មេង ជីម​ សារ៉ាន​ ក្លាយជាអ្នក​ឈ្នះ​ប្រចាំ​រាជធានី ភ្នំពេញ ពីបេក្ខភាពចូលរួមប្រកួតជាង មួយពាន់នាក់

សមត្ថភាពខ្ពស់មានទឹកដមពីរោះ យុវជនវ័យក្មេង ជីម​ សារ៉ាន​ ក្លាយជាអ្នក​ឈ្នះ​ប្រចាំ​រាជធានី ភ្នំពេញ ពីបេក្ខភាពចូលរួមប្រកួតជាង មួយពាន់នាក់

 ក្រោយឆ្លងកាត់ការជម្រុះបេក្ខភាពជាង១០០០នាក់ និងការបញ្ចេញសមត្ថភាពផ្ទាល់មុខគណៈកម្មការនៅថ្ងៃ Semi-final ទីបំផុតរកឃើញអ្នក​ឈ្នះ​ប្រចាំ​តំបន់​ភ្នំពេញ នៃកម្មវិធី The Music Box 2024 Season 1 ហើយ គឺបានទៅលើ បេក្ខជន ជីម​ សារ៉ាន​ មកពីខេត្តតាកែវ។  ឆ្លងកាត់ការប្រកួតជម្រុះជាច្រើនដំណាក់កាល ទីបំផុតរកឃើញអ្នក​ឈ្នះ​ប្រចាំ​តំបន់​ភ្នំពេញ នៃកម្មវិធី The Music Box 2024 Season 1 ស្វែងរកតារាចម្រៀងជំនានថ្មីហើយ គឺបានទៅលើ បេក្ខជន ជីម​ សារ៉ាន​ មកពីខេត្តតាកែវ ដោយលោកត្រូវត្រៀមខ្លួនដើម្បីប្រកួតប្រជែងជាមួយអ្នក​ឈ្នះ​ប្រចាំ​តំបន់ ៣ ផ្សេងទៀត រួមមាន៖ បាត់ដំបង សៀមរាប និង កំពង់ចាម។ កូនអ្នកខេត្តតាកែវរូបនេះ បានលើកយកបទ «អ្នកណាឱ្យអូនឃ្លាត» មកបកស្រាយយ៉ាងពីរោះរណ្តំចិត្ត ជាមួយការតុបតែងខ្លួនយ៉ាងស៊ីវិល័យ មើលទៅពិតជាស័ក្កសមជាតារាចម្រៀងជំនាន់ថ្មីពិតមែន។  ក្នុងនាមជាតន្ត្រីករល្បីឈ្មោះដែលមានបទពិសោធន៍ជ្រៅជ្រះក្នុងវិស័យតន្រ្តីនៅកម្ពុជា និងជាគណៈកម្មការដាក់ពិន្ទុកម្មវិធី The Music Box 2024 រដូវកាលទី១ លោក រ៉េតធី ដូណា បានលើកឡើង ៣ ចំនុចសំខាន់ដែលធ្វើឱ្យបេក្ខភាពទាំងអស់អាចក្លាយជាអ្នកឈ្នះប្រចាំ​តំបន់ទាំង ៤ ក៏ដូចជាការត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខនេះផងដែរ។  ទន្ទឹមការលើកឡើងខាងលើនេះ លោក និល ខ័ណ្ឌព្រីដា អ្នករៀបចំការប្រកួត The Music Box 2024 បានរៀបរាប់ឱ្យដឹងពីគោលបំណងនៃការរៀបចំកម្មវិធី The Music Box 2024 ដើម្បីស្វែងរកតារាចម្រៀងជំនានថ្មីដែលមានសមត្ថភាព និងទឹកដមសម្លេងពីរោះរណ្តំ គួបផ្សំការតុបតែងខ្លួនទាក់ទាញ ហើយអាចធ្វើឱ្យអ្នកជុំវិញខ្លួនមានភាពសប្បាយរីករាយផងដែរ។   កុំភ្លេចរង់ចាមតាមដានការប្រកួតជម្រុះរកអ្នកឈ្នះប្រចាំ​តំបន់ ៣ រួមមាន៖ បាត់ដំបង សៀមរាប និង កំពង់ចាម ដើម្បីស្វែងរកអ្នកឈ្នះមកប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះ៕  អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង​ ទូច   

២២ មេសា ២០២៤
កម្សាន្ដផ្សេងទៀត

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024