ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

មនុស្សជាង៣០០នាក់រួមគ្នាបំបែកកំណត់ត្រាពិភពលោកនៅមុខល្បាក់ទឹកជ្រោះនីញ៉ាហ្ការ៉ា

ពលរដ្ឋអាមេរិកាំងបំបែកកំណត់ត្រាពិភពលោកខាងស្លៀកពាក់ខោអាវពណ៌ពន្លឺថ្ងៃច្រើនបំផុតនៅលើពិភពលោក។ ថ្មីៗនេះ មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅល្បាក់ទឹកជ្រោះនីញ៉ាហ្ការ៉ាស្ថិតនៅចន្លោះព្រំប្រទល់សហរដ្ឋអាមេរិក និងប្រទេសកាណាដា។ ប៉ុន្តែពួកគេស្ថិតនៅខាងទឹកដីកាណាដា។ មនុស្សសរុប៣០៩នាក់បានចូលរួមបំណែកកំណត់ត្រានេះ។

 

 

 

 

ពួកគេឈរនៅលើនាវាទេសចរណ៍ដែលបើកទៅក្បែរទឹកជ្រោះនីញ៉ាហ្ការ៉ា។ ដូច្នេះ កំណត់ត្រាចាស់ដែលគ្រប់គ្រងដោយក្រុមហ៊ុនរបស់ប្រទេសចិនខាងធានារ៉ាប់រងអាយុជីវិតកាលពីឆ្នាំ២០២០នោះត្រូវបានជំនួសដោយកំណត់ត្រាថ្មីនេះវិញ។ ការបំបែកកំណត់ត្រានេះរៀបចំឡើងចំពេលមានបាតុភូតសូរ្យគ្រាសនៅលើល្បាក់ទឹកនេះផ្ទាល់តែម្ដង។

 

ដូច្នេះ បរិយាកាសនេះពិតជាមានភាពវិសេសវិសាលមែនទែន។ អាជ្ញាធរប្រាប់ថាមនុស្សប្រុស ស្រី ក្មេង ចាស់ជាងបីរយនាក់នោះស្លៀកពាក់ឈុតពណ៌លឿងទុំរបៀបថ្ងៃរៀបអស្ដង្គត។ គេបានជួលនាវាមួយគ្រឿងចតនៅមុខល្បាក់ទឹកនីញ៉ាហ្ការ៉ាដោយមានគណៈកម្មការទទួលស្គាល់កំណត់ត្រាប្លែកៗនៅលើពិភពលោករង់ចាំវាយតម្លៃ និងប្រគល់វិញ្ញាបនប័ត្រទទួលស្គាល់សមិទ្ធផលនេះ។

 

 

 

 

 

 

អ្នកនាំពាក្យក្រុមកំណត់ត្រាពិភពលោកហ្គីននីស.វើល.រីខត (Guinness World Records) ប្រកាសថាទីក្រុងនេះអាចបំបែកកំណត់ត្រាបានសម្រេចហើយ។ តាមរយៈការចេញសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន សាលាក្រុងបានដណ្ដើមជ័យជម្នះពីក្រុមហ៊ុនធានារ៉ាប់រងរបស់ប្រទេសចិនឈ្មោះឆាយណា.អ៊ីនសួរេន.ខំផេនី.លីមីតធីត (China Life Insurance Company Limited) ដែលមានទីស្នាក់ការធំនៅទីក្រុងប៉េកាំង។

 

ក្រុ្មហ៊ុននេះធ្លាប់គ្រប់គ្រងតំណែងជើងឯកចាប់តាំងពីឆ្នាំ២០២០ជាមួយនឹងអ្នកចូលរួមស្លៀកពាក់ឈុតពណ៌ព្រះអាទិត្យចំនួន២៨៧នាក់។ មានន័យថាតិចជាងនៅល្បាក់ទឹកជ្រោះនីញ៉ាហ្ការ៉ា២២នាក់។ តាមពិតទៅ, ទឹកជ្រោះនីញ៉ាហ្ការ៉ាមិនមែនជារឿងថ្មីថ្មោងទេសម្រាប់អ្នកដែលចង់បំបែកកំណត់ត្រាពិភពលោក។ កាលពីពេលកន្លងមក បើក្រុមណាមួយចង់បំបែកកំណត់ត្រាពិភពលោក គេច្រើនទៅបំបែកនៅតំបន់ទឹកជ្រោះដ៏ល្បីល្បាញមួយនេះ៕

 

 

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024