ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

ព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ថវិកាជំនួយសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ហើយ

ព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ថវិកាជំនួយចំនួន ៩៥ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារបន្ទាប់ពីសភាតំណាងរាស្ត្រអាមេរិកបានអនុម័តកាលពីចុងសប្ដាហ៍មុន។ 

 

 

 

សមាជិកព្រឹទ្ធសភាបានបោះឆ្នោតក្នុងសំឡេង ៧៩ ទល់នឹង ១៨ ដើម្បីអនុម័តច្បាប់ថវិកាជំនួយយោធាដ៏ច្រើនសន្ធឹកសន្ធាប់នេះរហូតដល់ ៩៥ ពាន់លានដុល្លារកាលពីយប់ថ្ងៃអង្គារដែលភាគច្រើនសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ និងដៃគូសហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

 

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបាននិយាយថា លោកនឹងចុះហត្ថលេខាលើច្បាប់នេះនៅថ្ងៃពុធនេះតែម្ដង។ ច្បាប់នេះនឹងផ្តល់ថវិកាជំនួយចំនួន ៦១ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ចំនួន ២៦ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល និងចំនួនជាង ៨ ពាន់លានដុល្លារទៀត«សម្រាប់ទប់ទល់នឹងឥទ្ធិពលចិនកុម្មុយនិស្ត»នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

 

លោក ឆឹក ស្គូមើ (Chuck Schumer) មេដឹកនាំសំឡេងភាគច្រើនខាងគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាបាននិយាយនៅឯព្រឹទ្ធសភាថា នេះគឺជាចំណុចផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រមួយ ហើយថា ប្រជាធិបតេយ្យនៅបស្ចិមលោកប្រហែលជាប្រឈមនឹងការគំរាមកំហែងដ៏ខ្លាំងបំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024