ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ប្រទេសចិនជំរុញឱ្យហ្វីលីពីនគោរពការណ៍ពិត គោរពតាមការសន្យា និងបញ្ឈប់ការបង្កហេតុ

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនប៊ីន (Wang Wenbin) បាននិយាយនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទថា ប្រទេសចិនជំរុញឱ្យហ្វីលីពីនគោរពការណ៍ពិត គោរពតាមការប្តេជ្ញាចិត្ត និងបញ្ឈប់ការបង្កហេតុ។



 

 

លោក វ៉ាង បានប្រាប់ក្រុមអ្នកកាសែតកាលពីចន្ទថា ប្រទេសចិន និងហ្វីលីពីនបានឈានដល់ការព្រមព្រៀងគ្នាក្នុងការដោះស្រាយស្ថានការណ៍នៅតំបន់រ៉េនអៃជាវឱ្យបានត្រឹមត្រូវ។

 

លោកបានបន្ថែមថា ការព្រមព្រៀងគ្នានេះត្រូវបានធ្វើមិនត្រឹមតែក្នុងពេលរដ្ឋបាលមុនរបស់ហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងពេលរដ្ឋបាលបច្ចុប្បន្ននេះផងដែរ ហើយនេះគឺជាការណ៍ពិតមិនអាចប្រកែកបាន។ ដូច្នេះហើយប្រទេសចិនសូមជំរុញឱ្យហ្វីលីពីនគោរពតាមអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកន្លងមកនេះ។

 

ការអំពាវនាវរបស់ក្រសួងការបរទេសចិននេះបានធ្វើឡើងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិរបស់ហ្វីលីពីន លោក អេត្វាដូ អាណូ (Eduardo Ano) បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃទី២០ ខែមេសាថា រដ្ឋបាលបច្ចុប្បន្នរបស់ហ្វីលីពីនមិនបានដឹងពីកិច្ចព្រមព្រៀងសម្ងាត់ណាមួយជាមួយនឹងប្រទេសចិនទេ ហើយប្រសិនបើមានកិច្ចព្រមព្រៀងបែបនោះនៅក្រោមរដ្ឋបាលកាលពីមុនមែន នោះវាក៏ត្រូវបានលុបចោលវិញដែរ។

 

លោក អាណូ បានបន្ថែមថា ការលើកឡើងពីកិច្ចព្រមព្រៀងនេះគឺជាការសាបព្រោះនូវការបែកបាក់គ្នានៅក្នុងប្រទេសហ្វីលីពីន ធ្វើឱ្យប្រទេសនេះមិនអាចស្វែងរកដំណោះស្រាយក្នុងការទាមទារដែនអធិបតេយ្យរបស់ខ្លួននៅសមុទ្រចិនខាងត្បូង៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024