ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

អាកាសធាតុក្តៅខ្លាំងនៅឆ្នាំនេះនៅប្រទេសថៃស្លាប់មនុស្ស៣០នាក់

 

 

ប្រទេសថៃបានចេញការព្រមានថ្មីៗបំផុតទៅលើបញ្ហាអាកាសធាតុក្តៅខ្លាំងនៅថ្ងៃព្រហស្បតិ៍(២៥មេសា) ខណៈរដ្ឋាភិបាលថៃឱ្យដឹងថា ការស្លាប់ដោយសារកំដៅខ្លាំង បានសម្លាប់មនុស្សយ៉ាងតិច៣០នាក់នៅឆ្នាំនេះ។ 

 

អាជ្ញាធរទីក្រុងបាងកក បានផ្តល់ការព្រមានពីអាកាសធាតុក្តៅខ្លាំង ខណៈសន្ទស្សន៍កំដៅរំពឹងនឹងឡើងលើស៥២អង្សាសេរ។ នៅទីក្រុងបាងកកប្រទេសថៃអាកាសធាតុក្តៅជាង៤០អង្សាសេរនៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍។ 

 

រលកអាកាសធាតុក្តៅដែលគេមិនរំពឹងទុក បានកើតឡើងនៅតាមទីកន្លែងជាច្រើននៅអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍នៅសប្តាហ៍នេះ ធ្វើឱ្យសាលារៀនជាច្រើននៅប្រទេសហ្វីលីពីនត្រូវផ្អាករៀន ហើយនៅប្រទេសបង់ក្លាដេស មនុស្សជាច្រើនចេញមកបួងសួងសុំទឹកភ្លៀង។ 

 

សន្ទស្សន៍កំដៅស្ថិតនៅកម្រិតគ្រោះថ្នាក់បំផុតនៅទីក្រុងបាងកក។ យោងតាមការព្រមានពីនាយកដ្ឋានបរិស្ថានទីក្រុងបាងកក។ ជាមួយគ្នាអាជ្ញាធរថៃនៅខេត្តUdon Thani នៅតំបន់ជនបទភាគឦប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ក៏បានព្រមានពីអាកាសធាតុក្តៅឆេះនេះផងដែរ។ 

 

ក្រសួងសុខាភិបាលថៃកាលពីថ្ងៃពុធឱ្យដឹងថា មនុស្ស៣០នាក់ស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំងនៅរវាងថ្ងៃ១មករា រហូតដល់ថ្ងៃ១៧មេសា។ កាលពីឆ្នាំ២០២៣កន្លងទៅ នៅពេញមួយឆ្នាំមានមនុស្ស៣៧នាក់ស្លាប់ដោយសារអាកាសធាតុក្តៅនៅប្រទេសថៃ។ 

 

លោក Direk Khampaen អនុប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងប្រទេសថៃឱ្យសារព័ត៌មានដឹងថា អាជ្ញាធរលើកទឹកចិត្តឱ្យមនុស្សចាស់និងអ្នកមានជំងឺឱ្យស្ថិតនៅក្នុងផ្ទះ និងទទួលទានទឹកឱ្យបានគ្រប់គ្រាន់។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024