ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

រកឃើញម្ចាស់ជយលាភីដ៏ស័ក្កសម Miss Queen Cambodia 2024 & Misters of Cambodia 2024 ត្រៀមតំណាង កម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ!

០៦ ឧសភា ២០២៤ | កម្សាន្ដ

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Queen Cambodia 2024 និងកម្មវិធី Misters of Cambodia 2024 បានបញ្ចប់ទៅដោយរលូន ដោយបានរកឃើញម្ចាស់ជយលាភី Miss Queen Cambodia 2024 ចំនួន ២រូប និងម្ចាស់ជយលាភី Misters of Cambodia 2024 ចំនួន ៣រូប ដែលអ្នកទាំង ៥ នឹងតំណាងកម្ពុជាទៅប្រកួតកម្មវិធីអន្តរជាតិផ្សេងៗគ្នា។

 

 

នៅទីបំផុតរកឃើញម្ចាស់ជយលាភីនៃកម្មវិធីបវរកញ្ញាភេទទី៣កម្ពុជា ឆ្នាំ២០២៤ (Miss Queen Cambodia 2024) និងកម្មវិធីបុរសឯកកម្ពុជា ឆ្នាំ២០២៤ (Misters of Cambodia 2024) ហើយក្រោយពីឆ្លងកាត់ការប្រកួតជាច្រើនវិញ្ញាសារ និងការដាក់ពិន្ទុយ៉ាងសុក្រិតពីគណកម្មការជំនាញជាច្រើនរូបក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ។

 

 

រឹតតែថ្មីប្លែកពុំធ្លាប់មានពីមុនមក គឺឆ្នាំនេះក្រុមហ៊ុន Cambodia International Models ហៅកាត់ CIM បានជ្រើសរើសម្ចាស់ជយលាភី Miss Queen Cambodia 2024 ចំនួន ២រូប និងម្ចាស់ជយលាភី Misters of Cambodia 2024 ចំនួន ៣រូប ដែលអ្នកទាំង ៥ នឹងត្រូវតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតប្រជែងកម្មវិធីអន្តរជាតិផ្សេងៗគ្នា។

 

 

ក្នុងនោះ ម្ចាស់ជយលាភីបវរកញ្ញាភេទទី៣កម្ពុជា ឆ្នាំ២០២៤ ២រូប រួមមាន៖ កញ្ញា ហានី ដណ្តើមបានមកុដ Miss Queen Cambodia 2024 ត្រៀមតំណាងកម្ពុជាទៅប្រកួតកម្មវិធីអន្តរជាតិនាពេលឆាប់ៗ ខណៈ កញ្ញា នៀន នៀន បានឈ្នះមកុដ Grand Winner Miss Queen Cambodia 2024 និងត្រូវបានតែងតាំងជា Miss Star Cambodia 2024 ដំបូងគេបង្អស់របស់កម្ពុជា ត្រៀមចេញទៅប្រកួតកម្មវិធីអន្តរជាតិ Miss Star International 2024 នៅប្រទេសប្រេស៊ីល អំឡុងខែធ្នូ ឆ្នាំ២០២៤។

 

 

ក្រឡេកទៅមើល ម្ចាស់ជយលាភី ៣រូប នៃកម្មវិធី Misters of Cambodia 2024 សុទ្ធសឹងតែជាបុរសសង្ហា ថែមទាំងមានសមត្ថភាពខ្ពស់ស័ក្កសមជាបុរសឯកតំណាងប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។

 

 

បុរសឯក ៣រូប ជាម្ចាស់ជយលាភីរួមមាន៖ លោក ឌីម៉េង លាំង ហៅ លាំង គ្រងតំណែង Man of The Year 2024 នឹងតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី Man of The Year 2024 នៅប្រទេសថៃ, លោក ឃឿន បិន គ្រងតំណែង Man Hot Star Cambodia 2024 នឹងតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Man Hot Star International 2024 នៅប្រទេសថៃ និង លោក ធុល សុគន្ធរង្សី គ្រងតំណែង Mister Celebrity Cambodia 2024 នឹងត្រៀមតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី Mister Celebrity International 2024 នៅប្រទេសវៀតណាម។

 

 

សូមជម្រាបថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Queen Cambodia 2024 និងកម្មវិធី Misters of Cambodia 2024 បានបញ្ចប់ទៅដោយរលូន និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីមជ្ឈដ្ឋានទូទៅ ពិសេសបងប្អូនភេទទី៣នៅកម្ពុជា ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករបានមកចូលរួមទស្សនការការប្រកួតដោយផ្ទាល់នៅមជ្ឈមណ្ឌល ម៉ានី (The Many Centre) រួមទាំងការ Live ផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការផងដែរ។

 

 

លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុន Cambodia International Models បានសម្តែងអារម្មណ៍រំភើបដែលឆ្នាំនេះយើងបានចម្រាញ់រកឃើញម្ចាស់ជយលាភីដ៏ស័ក្កសមរបស់កម្មវិធី Miss Queen Cambodia 2024 និងកម្មវិធី Misters of Cambodia 2024 ត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិនាពេលឆាប់ៗនេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធការចេញទៅប្រកួតអន្តរជាតិលោកអ្នកអាចតាមដានការ update លើទំព័រហ្វេសប៊ុកផ្លូវការ Miss Queen Cambodia និង Misters of Cambodia - បុរសឯកកម្ពុជា៕

 

 

 អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024