ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

Madonna ទាក់ទាញអ្នកគាំទ្រ ១,៦ លាននាក់មកទស្សនាការប្រគំតន្ត្រីខ្លួន

០៦ ឧសភា ២០២៤ | កម្សាន្ដ


មនុស្សប្រហែល ១,៦ លាននាក់បានមកប្រមូលផ្តុំគ្នានៅឆ្នេរសមុទ្រប្រទេសប្រេស៊ីលដើម្បីទស្សនាការប្រគំតន្ត្រីរបស់រាជិនីចម្រៀងប៉ុប Madonna កាលពីថ្ងៃទី៤ ខែឧសភា។

 



តារាចម្រៀងប៉ុបជើងចាស់ Madonna ទាក់ទាញអ្នកគាំទ្រ ១,៦ លាននាក់មកទស្សនាការប្រគំតន្ត្រីរបស់ខ្លួននៅឆ្នេរសមុទ្រ Copacabana ដែលបើកឱ្យគ្រប់គ្នាចូលទស្សនាដោយសេរីនិងឥតគិតថ្លៃ។

 


មុនពេលការប្រគំតន្ត្រី ក្រុមអ្នកពន្លត់អគ្គីភ័យបានចេញប្រតិបត្តិការបាញ់ទឹកឱ្យអ្នកគាំទ្រដែលប្រមូលផ្តុំគ្នានៅជិតឆាករបស់រាជិនីចម្រៀងប៉ុប ហើយទឹកសុទ្ធជាច្រើនត្រូវបានចែកចាយដោយឥតគិតថ្លៃ ខណៈពេលដែលសីតុណ្ហភាពក្ដៅលើស ៣០ អង្សាសេ។ ក្នុងកំលុងពេលកម្មវិធីចាប់ផ្ដើមនៅពេលយប់ សីតុណ្ហភាពនៅសល់ប្រហែល ២៧ អង្សា។

 

 

 

គួរបញ្ជាក់ថា ដើម្បីឱ្យកម្មវិធីប្រគំតន្ត្រីនេះដំណើរការទៅបាន រដ្ឋាភិបាលទីក្រុង Rio (រីអូ) បាននិយាយថា ពួកគេបានចំណាយប្រាក់ចំនួន ៣,៩ លានដុល្លារអាមេរិក ខណៈការចំណាយបន្ថែមត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនឯកជន។ អាជ្ញាធរបានប៉ាន់ប្រមាណថាការប្រគំតន្ត្រីនេះអាចនាំមកនូវប្រាក់ប្រហែល ៥៩ លានដុល្លារអាមេរិកដល់សេដ្ឋកិច្ចរបស់ទីក្រុង Rio ។

 

 

 

ការប្រគំតន្ត្រីនេះត្រូវបានប្រារព្ធឡើងដើម្បីជាការបិទបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ “Celebration Tour” របស់តារាចម្រៀងវ័យ ៦៥ឆ្នាំ Madonna ដែលបានចាប់ផ្ដើមតាំងពីខែតុលា ឆ្នាំ២០២៣ ដោយបានរៀបចំឡើងចំនួន ៨១ ឆាកនៅប្រទេសជាច្រើនជុំវិញពិភពលោក ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024