ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤

សហការគ្នាលើកដំបូង Zico និង Jennie ទទួលការគាំទ្រទូទាំងពិភពលោក

២៩ មេសា ២០២៤ | កម្សាន្ដ

 

បទចម្រៀង “SPOT!” ដែលជាការសហការគ្នាដំបូងរវាងកំពូលតារារ៉េបពីររូបរបស់កូរ៉េខាងត្បូង គឺ Zico និង Jennie បានឡើងដល់ចំណាត់ថ្នាក់លេខ១លើតារាងចម្រៀងជាច្រើនទូទាំងពិភពលោក។

 


កាលពីពេលថ្មីៗនេះ តារារ៉េប Zico (ហ្ស៊ីខូ) បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា “SPOT!” ដោយមានការសហការពីសមាជិកក្រុមនារី BLACKPINK Jennie ហើយមួយថ្ងៃបន្ទាប់ បទចម្រៀងនេះក៏បានឡើងដល់ចំណាត់ថ្នាក់កំពូលលើតារាងចម្រៀងក្នុងស្រុកជាច្រើនរួមមាន Melon, Bugs និង Genie ហើយមិនតែប៉ុណ្ណោះ ក៏បានជាប់ចំណាត់ថ្នាក់លេខ១ លើតារាង iTunes Top Song នៅ ៣១ ប្រទេសនិងតំបន់ជុំវិញពិភពលោករួមមានទាំង តៃវ៉ាន់ ថៃ ឈីលី និងឥណ្ឌូណេស៊ីផងដែរ។

 


មានអត្ថន័យរៀបរាប់ពីមិត្តភ័ក្ដិពីរនាក់ដែលទៅជប់លៀងជាមួយគ្នាភ្លាមៗក្រោយបានជួបគ្នាដោយចៃដន្យ បទចម្រៀងចង្វាក់ហ៊ីបហប់មួយបទនេះអាចចាត់ទុកថាជាការវិលត្រលប់លើកដំបូងរបស់តារារ៉េប Zico ចាប់តាំងពីអាល់ប៊ុមចុងក្រោយរបស់លោកមានចំណងជើង “Grown Ass Kid” បានចេញតាំងពីខែកក្កដា ឆ្នាំ២០២២។

 

 

តារារ៉េបអតីតសមាជិកក្រុម Block B រូបនេះបច្ចុប្បន្នគឺជានាយកក្រុមហ៊ុន KOZ Entertainment ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន HYBE និងបានបង្កើតក្រុមចម្រៀងបុរសដ៏ជោគជ័យមួយក្រុមគឺក្រុម BOYNEXTDOOR។

 


សម្រាប់ Jennie នេះគឺជាបទចម្រៀងទី២របស់នាង ចាប់តាំងពីនាងបានប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនមានឈ្មោះថា OA Entertainment កាលពីខែធ្នូឆ្នាំ២០២៣។បទចម្រៀងទី១របស់នាងដែលបានចេញមុននេះ គឺបទ “Slow Motion” ដែលបានសហការជាមួយតារារ៉េបអាមេរិក Matt Champion (ម៉ាត់ ឆេមភាន) ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024