ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

ជម្លោះ HYBE និងអ្នកគ្រប់គ្រង NewJeans ធ្វើឱ្យក្រុមហ៊ុនខាតបង់ ៦១៩ លានដុល្លារ

២៤ មេសា ២០២៤ | កម្សាន្ដ

 

ជម្លោះបែកផ្សែងរវាងផលិតកម្មយក្សខេប៉ុប HYBE និងអ្នកគ្រប់គ្រងក្រុម NewJeans គឺផលិតករស្រី Min Hee-Jin បានធ្វើឱ្យក្រុមហ៊ុនខាតបង់ជាង ៦០០ លានដុល្លារភ្លាមៗក្នុងទីផ្សារភាគហ៊ុន។

 

 


ក្រុមហ៊ុន HYBE (ហែប) បានខាតបង់ជាង ៦១៩ លានដុល្លារ ក្នុងរយៈពេលត្រឹមពីរថ្ងៃ ខណៈ ក្រុមហ៊ុនដែលជាទ្រនំក្រុម BTS មួយនេះបានប៉ះទង្គិចជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន ADOR (អា ដ) ដែលគ្រប់គ្រងក្រុមនារី NewJeans ។

 

 


ភាគហ៊ុនរបស់ HYBE បានធ្លាក់ចុះ 7.81 ភាគរយ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាក្រុមហ៊ុនេះចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងនាយកប្រតិបត្តិរបស់ ADOR ព្រមទាំង Min Hee-jin ជុំវិញការប៉ុនប៉ងផ្ដាច់ខ្លួនចេញពី HYBE។ គួរបញ្ជាក់ថា ADOR គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ HYBE ដោយក្នុងនោះ HYBE គឺជាម្ចាស់ភាគហ៊ុនធំលំដាប់ទីមួយចំនួន ៨០ ភាគរយ ខណៈ Min Hee-jin ជាម្ចាស់ភាគហ៊ុនធំលំដាប់ទីពីរដោយកាន់កាប់ ១៨ ភាគរយ។

 


ភាពប្រេះឆារវាង HYBE និង ADOR បន្តរីកធំ នៅពេលដែលភាគីទាំងពីរ ផ្ទុះការចោទប្រកាន់គ្នាទៅវិញទៅមក។ ឯកសារផ្ទៃក្នុងដែល HYBE បានរកឃើញក្នុងកំលុងពេលចុះធ្វើសវនកម្មក្នុងក្រុមហ៊ុន ADOR នៅដើមសប្ដាហ៍នេះបានបង្ហាញថា Min Hee-Jin និងបក្សពួករៀបផែនការទប់ស្កាត់ការគ្រប់គ្រងរបស់ HYBE មកលើ ADOR រួមមានការដាក់សម្ពាធឱ្យ HYBE លក់ភាគហ៊ុនរបស់ ADOR ទៅឱ្យក្រុមហ៊ុនភាគហ៊ុនឯកជនផ្សេងៗ និងសេណារីយ៉ូមួយទៀតគឺបង្កើតក្រុមហ៊ុនថ្មីដោយនាំយកក្រុម NewJeans ទៅជាមួយ។

 


យ៉ាងណាក៏ដោយ Min Hee-jin បានបដិសេធការអះអាងខាងលើនេះដោយនិយាយថានាងមិនមានចេតនាដណ្ដើមសិទ្ធិគ្រប់គ្រង ADOR ហើយក៏មិនបានជួបជាមួយអ្នកវិនិយោគណាដែរ។ នាងបានប្រកែកថា HYBE កំពុងព្យាយាមបណ្តេញនាងចេញបន្ទាប់ពីនាងបានលើកឡើងថាក្រុម ILLIT (អាយលីត) ដែលជាក្រុមចម្រៀងស្រីថ្មីមួយរបស់ HYBE បានចម្លង concept របស់ NewJeans ទៅទាំងដុល ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024