ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

Taylor Swift ជាប់ក្នុងបញ្ជីមហាសេដ្ឋីថ្មីប្រចាំឆ្នាំ២០២៤ របស់ Forbes

០៤ មេសា ២០២៤ | កម្សាន្ដ

 

កំពូលតារាចម្រៀងអាមេរិក Taylor Swift បានក្លាយជាមហាសេដ្ឋីម្នាក់ក្នុងចំណោមអ្នកមានបំផុតក្នុងពិភពលោក ក្នុងបញ្ជីមហាសេដ្ឋីប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Forbes ។

 


តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងវ័យ ៣៤ ឆ្នាំ Taylor Swift បានជាប់ជាមហាសេដ្ឋីមានបំផុតលំដាប់ទី ២៥៤៥ ក្នុងបញ្ជីរបស់ Forbes (ហ្វប់ស៍) ជាលើកដំបូង ដោយមានទ្រព្យសម្បត្តិសរុប ១,១ ពាន់លានដុល្លារ។

 


ទស្សនាវដ្ដី Forbes ក៏បានបញ្ជាក់ផងដែរថា Taylor Swift គឺជាសិល្បករចម្រៀងដំបូងគេដែលអាចរកទ្រព្យសម្បត្តិបានដល់ខ្ទង់ពាន់លានដុល្លារតាមរយៈការលក់ចម្រៀង និងការប្រគំតន្ត្រី ដោយមិនបាច់ពឹងផ្អែកលើមុខជំនួញផ្សេងៗ។

 


Taylor Swift ក៏ទទួលបានជោគជ័យដ៏ធំនៅក្នុងកម្មវិធី Grammys Awards ឆ្នាំនេះ ដោយបានក្លាយជាតារាចម្រៀងដំបូងគេដែលឈ្នះពានរង្វាន់ធំ “អាល់ប៊ុមប្រចាំឆ្នាំ” ចំនួនបួនដង។

 


បច្ចុប្បន្ន តារាចម្រៀងប៉ុបអាមេរិករូបនេះកំពុងតែមមាញឹកក្នុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក "Eras Tour” (អ៊ីរ៉ាស៍ ធួ) របស់នាង ហើយការប្រគំតន្ត្រីនេះក៏បានជាប់ជាការប្រគំតន្ត្រីទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតក្នុងពិភពលោកជាមួយនឹងការលក់សំបុត្រជាង ១ ពាន់លានដុល្លារ។

 

 

ចាប់តាំងពីចាប់ផ្ដើមដំបូងក្នុងខែមីនា ឆ្នាំ ២០២៣ ដំណើរប្រគំតន្ត្រីនេះមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ខណៈដែល Taylor Swift កំពុងសម្រាក ដើម្បីត្រៀមវិលត្រឡប់ទៅសម្ដែងនៅអឺរ៉ុបក្នុងខែឧសភាខាងមុខ ហើយនឹងបន្តរហូតដល់ខែសីហា ៕
 

 

 

ប្រែសម្រួល៖ វ៉ានថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024