ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

កូនខ្លាឃ្មុំពណ៌ខ្មៅជិតផុតពូជចំនួន ១៦ ក្បាលត្រូវបានជួយសង្គ្រោះនៅប្រទេសឡាវ

កូនខ្លាឃ្មុំព្រះចន្ទ ឬខ្លាឃ្មុំសម្បុរខ្មៅចំនួន ១៦ ក្បាលត្រូវបានប៉ូលិសផ្នែកបរិស្ថានជួយសង្គ្រោះនៅក្នុងទីក្រុងលួងប្រាបាងនៅប្រទេសឡាវកាលពីដើមខែមេសា ហើយប៉ូលិសបានប្រគល់កូនខ្លាឃ្មុំទាំងនេះទៅឱ្យក្រុមបុគ្គលិកនៃអង្គការអភិរក្សសត្វព្រៃដើម្បីចិញ្ចឹមថែរក្សា និងព្យាបាលរបួសពួកគេ។

 

 

 

 

ពលរដ្ឋម្នាក់បានឮសម្រែកយំដ៏គួរឱ្យអាណិតរបស់កូនខ្លាឃ្មុំនៅក្នុងផ្ទះរបស់បុរសជនជាតិចិនម្នាក់ដែលមានប្រពន្ធជាជនជាតិឡាវនៅក្នុងទីក្រុងលួងប្រាបាង។ ដោយមិនអាចទ្រាំនឹងការឮសម្រែកយំសោកសង្រេងរបស់កូនខ្លាឃ្មុំមិនបាន អ្នកជិតខាងក៏បានរាយការណ៍ប្រាប់ប៉ូលិសដើម្បីឱ្យជួយកូនខ្លាឃ្មុំនេះ។

 

បន្ទាប់មកប៉ូលិសក៏បានសម្រេចចិត្តឆ្មក់ចូលផ្ទះរបស់ជនជាតិចិននោះដើម្បីជួយសង្គ្រោះកូនខ្លាឃ្មុំនេះ ហើយនៅទីបំផុតប៉ូលិសក៏បានរកឃើញកូនខ្លាឃ្មុំគ្មានទីពឹងសរុបចំនួន ១៧ ក្បាលនៅក្នុងផ្ទះនោះ ប៉ុន្តែកូនខ្លាឃ្មុំមួយក្បាលបានស្លាប់រួចទៅហើយនៅសល់តែ១៦ក្បាលប៉ុណ្ណោះ។

 

លោក Matt Hunt នាយកប្រតិបត្តិនៃអង្គការសប្បុរសធម៌អភិរក្សសត្វព្រៃអូស្ត្រាលី Free the Bears បាននិយាយថា នេះប្រហែលជាការសង្គ្រោះកូនខ្លាឃ្មុំដែលមានចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមកសម្រាប់កូនខ្លាឃ្មុំដែលជិតផុតពូជនៅទូទាំងពិភពលោកមួយនេះ។

 

 

 

 

 


បច្ចុប្បន្នកូនខ្លាឃ្មុំទាំង ១៦ ក្បាលនេះកំពុងស្ថិតនៅក្នុងជម្រកសត្វមួយកន្លែងគ្រប់គ្រងដោយអង្គការ Free The Bears ដែលមានបុគ្គលិកជំនាញចំនួន ៧ នាក់មកពីប្រទេសឡាវ កម្ពុជា និងអូស្ត្រាលី ដោយពួកគេបាននិងកំពុងផ្តល់ការថែទាំ២៤ម៉ោងចំពោះកូនខ្លាឃ្មុំរួមទាំងការបំបៅទឹកដោះគោពិសេសនៅរៀងរាល់បីម៉ោងម្តងផងដែរ។

 

សព្វថ្ងៃ ខ្លាឃ្មុំប្រភេទនេះត្រូវបានគេចិញ្ចឹមនៅប្រទេសអាស៊ីមួយចំនួនសម្រាប់ធ្វើជាឱសថដោយក្នុងនោះនៅប្រទេសចិនមានចំនួនប្រហែល ១ ម៉ឺនក្បាល និងនៅវៀតណាមមានប្រហែល ៣០០ ក្បាល៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024