ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤
គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃ២៣មេសា បានអនុម័ត្តលើផែនការជ្រើសតាំងតំណែងសមាជិកព្រឹទ្ធសភាថ្មីដែលអ្នកទាំងអស់នេះលែងមានសិទ្ធិបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីតទៅទៀតហើយ។ ការសម្រេចយ៉ាងដូច្នេះ បានបង្ហាញពីការដកសិទ្ធិជំទាស់យ៉ាងមានប្រសិទ្ធភាពសម្រាប់ក្រុមយោធាដ៏មានអំណាចទៅលើការជ្រើសរើសអ្នកដឹកនាំប្រទេស។
យោធា បានដាក់ចេញនូវទម្រង់ការណ៍ទទួលបានតំណែងសមាជិកព្រឹទ្ធសភាតាមរយៈការតែងតាំង នៅពេលក្រុមយោធាកែរដ្ឋធម្មនុញ្ញក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ដែលការធ្វើដូច្នេះដើម្បីធានាដល់អំណាចរឹងមាំរបស់មេដឹកនាំរដ្ឋាភិបាលយោធាលោក Prayut Chan-o-cha។
បណ្តាសមាជិកព្រឹទ្ធសភាទាំងនោះដែលស្និទ្ធិទៅនឹងគណបក្សគាំទ្រយោធា ក៏ជាអ្នកជំទាស់ទៅលើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឆ្នាំ២០២៣ រារាំងដល់ម្ចាស់សម្លេងឆ្នោតគឺគណបក្សMove Forward មិនអាចបង្កើតរដ្ឋាភិបាលបាន។
អណត្តិព្រឹទ្ធសភានាពេលបច្ចុប្បន្ន នឹងបញ្ចប់នៅខែឧសភា។ សមាជិកព្រឹទ្ធសភាថ្មី២០០នាក់ នៅពេលឥឡូវនេះ នឹងត្រូវជ្រើសរើសតាមរយៈនីតិវិធីដ៏ស្មុគស្មាញដែលមានការចូលរួមពីក្រុមអ្នកជំនាញជាច្រើនពីវិស័យខុសៗគ្នា ប៉ុន្តែអ្នកដែលជ្រើសរើសទាំងនោះលែងមានសិទ្ធិក្នុងការសម្រេចថាតើនរណាបង្កើតរដ្ឋាភិបាលតទៅទៀតហើយ។
គណបក្សMove Forward នាពេលឥឡូវជាគណបក្សប្រឆាំងនិងជាគណបក្សធំបំផុតនៅក្នុងសភា ប៉ុន្តែក៏ជាគណបក្សមួយដែលកំពុងប្រឈមមុខទៅនិងការរំលាយគណបក្សផងដែរប្រសិនបើតុលាការរកឃើញថាមានកំហុសនៅក្នុងបណ្តឹងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។
អត្ថបទ៖ណាវ័ន្ត