ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

៨ខែ ក្នុងអាណត្តិទី៧ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានអនុម័តគម្រោងវិនិយោគបានចំនួនជាង២០០គម្រោង

០៦ ឧសភា ២០២៤ | ព័ត៌មានជាតិ



ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអូសទាញវិនិយោគ និងអំពីផែនការ រួមទាំងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។ ក្នុងរយៈពេល ៨ខែ ក្នុងអាណត្តិទី៧ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានអនុម័តគម្រោងវិនិយោគ ចំនួនជាង ២០០គម្រោង ដែលមានទំហំទុនវិនិយោគសរុបជាង ៥ពាន់លានដុល្លារ។

 


ក្នុងរយៈពេល ៨ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងសរុបបានចំនួន ២៣២ ដែលមានទំហំទុនវិនិយោគសរុបមានជាង ៥ពាន់លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅក្នុងវេទិកាសារព័ត៌មាន ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ។ 

 


ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមថា ដោយឡែករយៈពេល៤ ឆ្នាំ២០២៤ ពោលគឺចាប់ពីខែមករា ដល់មេសា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានអនុម័តគម្រោងសរុបបានចំនួន១២៨ គម្រោង ដែលចំនួននេះមានការកើនឡើង ៩៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងនោះទំហំទុនវិនិយោគសរុបមាន១.៩ពាន់លានដុល្លារអាមេរិក។

 


ជាមួយគ្នានេះ ឯកឧត្តម បានបន្តថា កត្តាដែលធ្វើឲ្យកម្ពុជាជោគជ័យ ក្នុងការទាញអ្នកវិនិយោគ គឺដោយសារតែកម្ពុជាសុខសន្តិភាព ស្ថេរភាពនយោបាយ មានលំនឹងម៉ាក្រូសេដ្ឋកិច្ច កត្តាភូមិសាស្រ្ត មិនមានការរើសអើងអ្នកវិនិយោគ និងមានកម្លាំងយុវជនដែលមានអាយុតិចជាង២៥ឆ្នាំ មានប្រមាណ៦៥ភាគរយ។ គួរបញ្ជាក់ថា ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្តេជ្ញាបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ ឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវល្បឿនលឿន ផ្លូវដែក និងកំពង់ផែ ជាដើម៕

 

 

 

អត្ថបទ៖ សន រដ្ឋា, រូបភាព៖ ញិល សុជា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024