ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

តម្លៃប្រេងឆៅសកល ស្ថិតនៅកម្រិតថេរ ខណៈភូមិសាស្រ្តនយោបាយមជ្ឈិមបូព៌ាមិនទៀងទាត់

២៤ មេសា ២០២៤ | សេដ្ឋកិច្ច

 

តម្លៃប្រេងឆៅសកល ហាក់នៅកម្រិតថេរ បន្ទាប់ពីបានធ្លាក់ចុះនៅក្នុងវគ្គមុន ខណៈដែលអ្នកវិនិយោគ បានបន្តវាយតម្លៃហានិភ័យពី កង្វល់ភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។នៅលើទីផ្សារប្រេង តម្លៃប្រេងឆៅ Brent របស់អង់គ្លេស ស្ថិតនៅរង្វង់ ៨៧ដុល្លារអាមេរិកក្នុងមួយបារ៉ែល ថយចុះពី ៩០ដុល្លារកាលពីដើមខែមេសា ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ស្ថិតនៅចន្លោះ ៨២ដុល្លារអាមេរិកក្នុងមួយបារ៉ែល ថយចុះពី ៨៥ដុល្លារអាមេរិក។

 


ការធ្លាក់ចុះនៅក្នុងវគ្គមុន គឺបង្ហាញពី ការកើនឡើងនៃភាពតានតឹងនាពេលថ្មីៗនេះ  រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលមានផលប៉ះពាល់តិចតួចលើ ការផ្គត់ផ្គង់ប្រេងពីតំបន់នោះ។

 


ស្ថាបនិកក្រុមហ៊ុនស្រាវជ្រាវ SS WealthStreet ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា បានបញ្ជាក់ថា ការបន្ធូរបន្ថយហានិភ័យភូមិសាស្ត្រនយោបាយ បានធ្វើឱ្យតម្លៃប្រេងឆៅ ធ្លាក់ចុះនាពេលថ្មីៗនេះ ដោយសារការផ្គត់ផ្គង់ មិនត្រូវបានកាត់បន្ថយដោយត្រឹមត្រូវ។

 


ក្រុមអ្នកវិភាគរបស់ធនាគារ ANZ បានគូសបញ្ជាក់ពី ការយល់ព្រមរបស់សហរដ្ឋអាមេរិកលើ ទណ្ឌកម្មថ្មីលើវិស័យប្រេងរបស់អ៊ីរ៉ង់ ដែលពង្រីកបន្ថែមលើ ការដាក់ទណ្ឌកម្មនាពេលបច្ចុប្បន្ន ដោយរួមបញ្ចូលកំពង់ផែបរទេស នាវា និងរោងចក្រចម្រាញ់ប្រេងដែលដំណើរការ ឬដឹកជញ្ជូនប្រេងឆៅអ៊ីរ៉ង់។

 


លើសពីនេះ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានយល់ព្រមជាគោលការណ៍ ដើម្បីពង្រីកការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកមកលើអ៊ីស្រាអែល។គួរជម្រាបថា អ្នកវិភាគលើកឡើងទៀតថា ភូមិសាស្ត្រនយោបាយនៅ តែពោរពេញដោយហានិភ័យជាច្រើននៅពេលនេះ ដូច្នេះច្បាស់ណាស់ វានឹងមានភាពប្រែប្រួលជាច្រើនរហូតដល់ មានភាពច្បាស់លាស់បន្ថែមទៀតនៅជុំវិញបញ្ហាតម្លៃប្រេងនេះ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024