ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីរបស់អារ៉ាប់ Emirates នឹងភ្ជាប់ជើងហោះហើររបស់ខ្លួនឡើងវិញមកកម្ពុជានាដើមខែក្រោយនេះ

២៥ មេសា ២០២៤ | សេដ្ឋកិច្ច

 

ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីរបស់ប្រទេសអារ៉ាប់ Emirates នឹងភ្ជាប់ជើងហោះហើររបស់ខ្លួនឡើងវិញមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ ខែឧសភានេះ បន្ទាប់ពីបានផ្អាកដំណើរការរយៈពេលប្រមាណ ៣ ឆ្នាំដោយសារជំងឺកូវីដ១៩។ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិធំជាងគេនឹងនាំយកសេវាដឹកភ្ញៀវធ្វើដំណើរប្រចាំថ្ងៃរបស់ខ្លួនឡើងវិញមកកាន់រាជធានីភ្នំពេញដោយចាប់ផ្តើមពីថ្ងៃទី ១ ខែឧសភាតាមរយៈប្រទេសសិង្ហបុរីដោយជំរុញជើងហោះហើរទៅមកពីទីក្រុង ឌូបៃមកតំបន់អាស៊ីអាគ្នេយ៍ និងភ្ជាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្តនៅក្នុងតំបន់។

 


បើតាមការបញ្ជាក់ពីក្រុមហ៊ុន Emirates បានឲ្យដឹងថា៖ «ការបន្តសេវាកម្មដឹកភ្ញៀវធ្វើដំណើរទៅមករាជធានីភ្នំពេញរបស់យើង បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងបណ្តាញអាស៊ីអាគ្នេយ៍ ខណៈដែលយើងបន្តបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរដើម្បីស្វែងរកគោលដៅ ចម្រុះ វប្បធម៌សម្បូរបែប ជួយអាជីវកម្ម និងអ្នកនាំចេញគ្រប់ទំហំបង្កើតទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំ។ យើងសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជានិងសិង្ហបុរីសម្រាប់ការគាំទ្រក្នុងការបង្កើតផ្លូវហោះហើរថ្មីនេះ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់សេវាកម្មដឹកភ្ញៀវធ្វើដំណើរក្នុងប្រទេសកម្ពុជា ជាមួយនឹងសេវាកម្មនិងផលិតផលឈាន មុខគេក្នុងឧស្សាហកម្មរបស់យើង និងផ្តល់ឱ្យអ្នកធ្វើដំណើរទាំងអស់ទទួលបានសេវាកម្មរបស់យើងដោយរលូន»។

 


សេវាកម្មដឹកអ្នកធ្វើដំណើរនេះ នឹងត្រូវដំណើរការជាមួយនឹងយន្តហោះដែលមានប្រភេទកៅអីបីប្រភេទ គឺយន្តហោះ Boeing 777-300ER។ ជើងហោះហើររបស់យន្តហោះ EK348 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ០២:៣០ និងមកដល់សិង្ហបុរីនៅម៉ោង ១៤:០៥។ បន្ទាប់មកជើងហោះហើរនោះនឹងចេញដំណើរពីសិង្ហបុរីនៅម៉ោង ១៥:៣៥ មកដល់ភ្នំពេញនៅម៉ោង ១៦:៣៦។ ជើងហោះហើរ EK349 នឹងត្រឡប់មកវិញដោយចាកចេញពីទីក្រុងភ្នំពេញនៅម៉ោង ២០:៥០ ហើយទៅដល់សិង្ហបុរីនៅម៉ោង ២៣:៥០ ។ បន្ទាប់មកជើងហោះហើរនោះ នឹងចាកចេញពីសិង្ហបុរីនៅថ្ងៃបន្ទាប់នៅម៉ោងម៉ោង ០១:៤០ មកដល់ឌូបៃនៅម៉ោង ០៤:៥៥។ ពេលវេលាជើងហោះហើរទាំងអស់គិតជាម៉ោងក្នុងតំបន់។

 


Emirates SkyCargo ក៏នឹងផ្តល់សមត្ថភាពផ្ទុកទំនិញលើយន្តហោះ Boeing 777-300ER ជាង ៣០០ តោនក្នុងមួយសប្តាហ៍សម្រាប់ការដឹកជញ្ជូនទាំងក្នុងនិងក្រៅទីក្រុងភ្នំពេញ។ ទំនិញសំខាន់ៗដែលនាំចេញពីទីក្រុង ភ្នំពេញរួមមាន៖ វាយនភ័ណ្ឌ ឱសថ និងទំនិញមានតម្លៃខ្ពស់ផ្សេងទៀត។សេវាកម្មថ្មីរបស់ក្រុមហ៊ុន Emirates នឹងផ្តល់ជូនបន្ទប់ឯកជន First Class ចំនួន ៨ កៅអី កៅអីអង្គុយលក្ខណៈបែប Business Class ចំនួន ៤២ កៅអី និងកៅអីធំទូលាយបែប Economy Class ចំនួន ៣១០ កៅអី។

 

 

ភ្ញៀវដែលធ្វើដំណើរជាមួយ Emirates អាចរីករាយជាមួយបទពិសោធន៍នៅលើមេឃដ៏ល្អបំផុត ជាមួយនឹងបទ ពិសោធន៍ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងមានម៉ឺនុយមុខម្ហូបជាច្រើនមុខដែលត្រូវបានសម្រិតសម្រាំងតាមតំបន់ ដែល ត្រូវបានបង្កើត ឡើងដោយក្រុមមេចុងភៅដែលទទួលបានពានរង្វាន់អមដោយ ការផ្តល់ជូននូវជម្រើសភេសជ្ជៈលំដាប់ ខ្ពស់ដ៏សម្បូរបែប។

 


គួរបញ្ជាក់ដែរថា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបើកជើងហោះហើរលើកដំបូងបំផុតរបស់ខ្លួនពីទីក្រុងឌូបៃមករាជធានីភ្នំពេញកាលពីឆ្នាំ២០១៧ ហើយបានផ្អាកដំណើរការសេវាកម្មហោះហើរក្នុងឆ្នាំ ២០២១ ដោយសារការផ្ទុះឡើងនូវជំងឺកូវីដ១៩៕

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024