ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

រយះពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តកំពង់ចាមជាប់ចំណាត់ថ្នាក់លេខ១ ដែលទទួលបានភ្ញៀវទេសចរណ៍៥លាននាក់ មានកំណើនកើនឡើង៧០%

២០ មេសា ២០២៤ | សេដ្ឋកិច្ច

 

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅទូទាំងខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរសរុបជាង ៥.៣លាននាក់។ ខណះដែលខេត្តកំពង់ចាមមានសក្តានុពលសេដ្ឋកិច្ច ពឹងផ្អែកលើវិស័យសំខាន់ៗចំនួន៣ គឺវិស័យកសិកម្ម សេវាកម្ម និងវិស័យឧស្សាហកម្ម ហើយទំហំសេដ្ឋកិច្ចរបស់ខេត្តមានជាង១,៨០៥លានដុល្លារ បានរួមចំណែកចំនួន៦,៧%នៃសេដ្ឋកិច្ចជាតិសរុប។

 


ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម លោក ស៊ាន សុគុន បានឲ្យក្រុមការងារសេដ្ឋកិច្ច ភីអិនអិនដឹងតាមរយះទូរស័ព្ទដៃថា នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល៤ថ្ងៃ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរមកចូលរួមលេងកម្សាន្ត នៅតាមកន្លែងកម្សាន្ត តាមរមណីយដ្ឋាននានា និងស្នាក់នៅសរុប ៥,៣៥៥,៦៥៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៥,៣៣៧,២៥៧នាក់ និងភ្ញៀវបរទេសមានចំនួន៥១៤នាក់ ដែលមានកំណើនកើនឡើងរង្វង់៧០% បើធៀបទៅនឹង៣ឆ្នាំមុន។

 

 

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានបន្តថា ចំនួនភ្ញៀវទាំងនោះ គឺបានមកកាន់ខេត្តកំពង់ចាម នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ដែលក្នុងនោះមាន រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១៣.៧៧៥នាក់។ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១.១២០នាក់។ យោងតាមរបាយការណ៍ស្ថិតិទេសចរណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល០៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៤ រាជធានី ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន ទី១. កំពង់ចាម មានទេសចរជាតិ ប្រមាណ ៣.៤៣១.២២៤ នាក់ និងទេសចរបរទេស ប្រមាណ ៣៥៦ នាក់។  ទី២. កំពង់ស្ពឺ មានទេសចរជាតិ ប្រមាណ ១៣.២៧៧.៥៥៦ នាក់ និង ទេសចរបរទេស ប្រមាណ  ៨១.៧៤៥ នាក់។ ទី៣. បាត់ដំបង មានទេសចរជាតិ ប្រមាណ ១.០៧១.៥៥៥ នាក់ និងទេសចរបរទេស ប្រមាណ ១.៦៤១ នាក់។ ទី៤. ព្រៃវែង មានទេសចរជាតិ ប្រមាណ ១.០១៤.៦០៦ នាក់ និងទេសចរបរទេស ប្រមាណ ៣៣នាក់។ និងទី៥. សៀមរាប មានទេសចរជាតិ ប្រមាណ ៩៤៣.០០០ នាក់ និងទេសចរបរទេសប្រមាណ ១២.៩៩១នាក់។

 


បន្ថែមពីលើនេះ ខេត្តកំពង់ចាម មានរមណីយដ្ឋានជាច្រើនដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅកំសាន្តនៅខេត្តរបស់ខ្លួន ហើយនេះជាកត្តាដ៏សំខាន់របស់ខេត្តដែលមានដូចជា  ប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ២.៩៦៤នាក់។ រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិមានចំនួន ១០០នាក់ ភ្ញៀវបរទេសមានចំនួន ១៦នាក់ ។ រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិមានចំនួន ៥៦០នាក់។ រមណីយដ្ឋានប្រាសាទនគរបាជ័យ ភ្ញៀវទេសចរជាតិមានចំនួន ៤២០នាក់។ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិ មានចំនួន ២១៦នាក់។

 

 

រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរជាតិ មានចំនួន ៧.០៣៤នាក់ ។ អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរជាតិ មានចំនួន ១៨០នាក់ ។ ដោយឡែកក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិ មានចំនួន ៧៦៣.១០៥នាក់ ភ្ញៀវបរទេសមានចំនួន ២៨នាក់។ រីឯភ្ញៀវមកចូលរួមទស្សនាការប្រគំតន្ត្រីមានចំនួន ២០.៧៥៩នាក់ ។ ភ្ញៀវមកលេងកំសាន្តទីលានមុខសាលាខេត្តកំពង់ចាមមានចំនួន ១.១០២.៣៩៩នាក់ ។ ចំពោះភ្ញៀវមកស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណ៍ជាតិ មានចំនួន ៥.៣១៥នាក់ និងភ្ញៀវបរទេសមានចំនួន ៥៥នាក់ ។ អ្វីដែលពិសេសទៀតនោះ ប្រតិបត្តិករ និងអ្នកប្រកបមុខរបរផ្ទះសំណាក់ សណ្ឋាគារ ភោជនីយ៍ដ្ឋានជាដើម បានបើកដំណើរការឡើងវិញទាំងស្រុកបន្ទាប់ពីជំងឺកូវីដបានថមថយទៅ។ 

 


លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឲ្យដឹងបន្ថែមថា បច្ចុប្បន្ននេះខេត្តកំពង់ចាមមានប្រជាជនសរុបប្រមាណ១ ១៣៤ ២២១នាក់ ដែលមានពលរដ្ឋ ៦៦,២ភាគរយ ប្រកបរបរកសិកម្ម របរឧស្សាហកម្ម និងសិប្បកម្ម មានចំនួន ០,៧០% និងរបរសេវាកម្ម ៣៣,១% ហើយនេះជាសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម ខណះដែលទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានប្រមាណ ៧ ៣៩២ ៧៣៨លានរៀល គិតជាដុល្លារ ១ ៨០៥លានដុល្លារ ដែលស្មើនឹង ៦,៧%នៃសេដ្ឋកិច្ចជាតិ៕

 

 

សូមជម្រាបជូនថា វិស័យកសិកម្ម មានទំហំ ២ ៦៥៧ ៣៤៣ លានរៀល និងមានចំណែក ៤១,១% នៃសេដ្ឋកិច្ចខេត្ត និងកំណើនពី ៣,៦% ទៅ ៤% ក្នុងឆ្នាំ២០២១ ដែលក្នុងនោះដំណាំមានកំណើនថេរ ៤,៤% ការចិញ្ចឹមសត្វមានកំណើនពី២,៨% ទៅ៣,៥% ជលផលនេសាទ មានកំណើនពី២,៤% ទៅ៣,៥% និងរុក្ខាប្រមាញ់ មាន១,៤%ថេរ។ចំណែកឯ វិស័យសេវាកម្ម មានទំហំ២ ៤៤០ ១៣៣លានរៀល និងមានចំណែក៣៧,៧% នៃសេដ្ឋកិច្ចខេត្ត និងមានការថយចុះ៥,៩% ដែលក្នុងនោះលក់ដុំលក់រាយមានការថយចុះ៧,៥% សណ្ឋាគារ និងភោជនីដ្ឋានថយចុះ១២,៥% រដ្ឋបាលសាធារណៈមានកំណើន១៤,៦% ហិរញ្ញ វត្ថុមានកំណើន៣% និងសេវាកម្មផ្សេងទៀតថយចុះ៨,២%។

 

 


វិស័យឧស្សាហកម្ម មានទំហំ១ ៣៧២ ៤៨៨ លានរៀល និងមានចំណែក២១,២% នៃសេដ្ឋកិច្ចខេត្ត និងមានកំណើន១១,៣% ដែលក្នុងនោះរ៉ែមានកំណើន១៨,៤% កម្មន្តសាល១២,៩% អគ្គីសនី ៣% ទឹកស្អាត១,៩% និងសំណង់១,៨%។ ដោយឡែកសម្រាប់ចំណូលពលរដ្ឋម្នាក់ ក្នុងឆ្នាំ២០២១ ទទួលបាន ១៥៩២ដុល្លារអាមេរិកក្នុងម្នាក់ កើនឡើង១៦ដុល្លារអាមេរិក ស្មើនឹង ០,០១%បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ហើយក្នុងឆ្នាំ២០២២កន្លងទៅរដ្ឋបាលខេត្តបានព្យាករណ៍ថា អាចឡើងដល់ ជាង១៦០០ដុល្លារអាមេរិកក្នុងម្នាក់ ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ រំពឹងថាប្រជាពលរដ្ឋម្នាក់អាចមានចំណូលជាមធ្យម ជាង១៧០០ដុល្លារអាមេរិកក្នុងម្នាក់៕ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាមស្ដីពី ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក។
 

 

អត្ថបទ: ថុន សុកេតុមាលា រូបភាព: ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024