ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ត្រីមាសទី១ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារវៀតណាម កើនឡើង ៥៣ភាគរយ

២៣ មេសា ២០២៤ | សេដ្ឋកិច្ច

 

 

កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសវៀតណាម ទទួលបានទឹកប្រាក់ជាង ១,៣ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៣ខែ ឆ្នាំ២០២៤ កើនឡើង ៥៣ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 

 

យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពី ខែមករា ដល់ខែមីនា ឆ្នាំ២០២៤ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបាន ទឹកប្រាក់ ១,៣ពាន់លានដុល្លារ កើនឡើង ៥៣ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ចំនួន ៩៣៣លានដុល្លារ ធ្លាក់ចុះជាង ២ភាគរយ។

 


ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។

 


ជាមួយគ្នានេះដែរ សម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ, យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។

 


គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៣ខែនេះ សម្រាប់ការនាំចេញសរុបទៅកាន់ទី ផ្សារអន្តរជាតិមានចំនួន ៦,២ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ ដោយក្នុងនោះ សហរដ្ឋអាមេរិកមានតម្លៃជាង ១,៩ពាន់លានដុល្លារ កើន ៨.៩ភាគរយ, ចិន មានតម្លៃជាង ៣៦៦លានដុល្លារ កើនឡើង ១១.៤ភាគរយ, និងជប៉ុនមានតម្លៃជាង ៣៦៥លានដុល្លារ កើនឡើង ១៨.៤ភាគរយ រួមនឹងទីផ្សារផ្សេងទៀត៕
 

 

 

អត្ថបទ៖ AKP រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024