ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ការផលិតស្ករអំពៅរបស់ប្រទេសថៃ អាចនឹងថមថយដោយសារគ្រោះរាំងស្ងួត

២៣ មេសា ២០២៤ | សេដ្ឋកិច្ច

 

ការិយាល័យក្រុមប្រឹក្សាអំពៅ និងស្ករថៃ បានបញ្ជាក់ថា ទិន្នផលអំពៅរបស់ប្រទេសថៃ បានធ្លាក់ចុះក្នុងរដូវប្រមូលផលឆ្នាំ ២០២៣-២៤ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ហើយវាអាចប៉ះពាល់ដល់ ការផ្គត់ផ្គង់ស្ករនៅក្នុងទីផ្សារពិភពលោក។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។

 

 

ប្រទេសថៃ គឺជាប្រទេសនាំចេញស្ករធំជាងគេទី ២ របស់ពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល ដែលមានន័យថា ការធ្លាក់ចុះនៃផលិតកម្មស្ករថៃ អាចដាក់សម្ពាធលើទីផ្សារពិភពលោក។

 


តំណាងការិយាល័យក្រុមប្រឹក្សាអំពៅ និងស្ករថៃ បានបញ្ជាក់ថា ការប្រមូលផលអំពៅរបស់ថៃ បានធ្លាក់ចុះចំនួន ១១លានតោន ធ្លាក់ចុះពី ៩៣លានតោនក្នុងរដូវឆ្នាំ ២០២២-២៣។

 


ដោយឡែក ក្នុងរដូវប្រមូលផលឆ្នាំ ២០២៣-២៤ កសិករបានប្រមូលអំពៅសរុបចំនួន ៨២លានតោនសម្រាប់កិននៅរោងចក្រផលិតស្ករ ដោយក្នុងនោះអំពៅស្រស់ ៧០% និងអំពៅដែលនៅសល់។អ្នកជំនាញបញ្ជាក់ថា គ្រោះរាំងស្ងួត បានបង្កឱ្យមានការខ្វះខាតទឹក ដែលប៉ះពាល់ដល់ ការដាំអំពៅនៅប្រទេសថៃ។

 


រោងម៉ាស៊ីនស្ករចំនួន ៥៧ ផលិតស្ករបាន ៨លាន ៧សែនតោន និង ទឹកស្ករ ៣,៥តោន ក្នុងរដូវនេះ។យោងតាម ការិយាល័យក្រុមប្រឹក្សាអំពៅ និងស្ករថៃ បានឱ្យដឹងថា តម្លៃស្ករសពិភពលោក បានធ្លាក់ចុះ បន្ទាប់ពីការផ្គត់ផ្គង់អំពៅកើនឡើងពីប្រទេសប្រេស៊ីល និងឥណ្ឌា ខណៈសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ បានកាត់បន្ថយតម្រូវការស្ករ។

 


ជាចុងក្រោយ ការិយាល័យខាងលើ ក៏មានការព្រួយបារម្ភ ប្រសិនបើតម្លៃពិភពលោកបន្តធ្លាក់ចុះ ឬនៅតែទាប វានឹងប៉ះពាល់ដល់ការគណនាតម្លៃស្កររបស់ខ្លួនក្នុងឆ្នាំដាំដុះ ២០២៤-២៥ ហើយវានឹងប៉ះពាល់ដល់តម្លៃស្ករក្នុងស្រុក និងការរួមចំណែកដល់ មូលនិធិស្ករអំពៅដែល កំពុងជួបបញ្ហាចរាចរសាច់ប្រាក់៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024