ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤

យុទ្ធសាស្ត្រអប់រំ ២០២៤- ២០២៨ ផ្តោតលើអាទិភាព ៨ ចំណុច

១៨ មេសា ២០២៤ | ព័ត៌មានជាតិ


ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវយុទ្ធសាស្ត្រ ២០២៤- ២០២៨។ មន្ត្រីនាំពាក្យក្រសួងអប់រំ បានឱ្យដឹងថា យុទ្ធសាស្រ្តនោះ ផ្ដោតលើអាទិភាព ៨ចំណុច ដូចចជា ការពង្រឹងអភិបាលកិច្ចសាលា រួមទាំងការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា ជាដើម។

 


ក្រសួងអប់រំ បាន និងកំពុងយកចិត្តទុកដាក់រៀបចំផែនការយុទ្ធសាស្ត្រ ២០២៤- ២០២៨ ផ្ដោតលើការអនុវត្តគោលដៅច្បាស់លាស់តាមរយៈការបញ្ជ្រាបវិធានគន្លឹះចំនួន ៨ ក្នុងវិស័យអប់រំ គឺ ១.ការពង្រឹងអភិបាលកិច្ចសាលា , ២.ពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមក្រៅម៉ោងសិក្សាស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងអាកប្បកិរិយា, ៣.ការថែរក្សាសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភរបស់កុមារ និងគុណភាពអាហាររបស់សាលាគ្រប់គ្រង ,៤.ជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងវិស័យអប់រំ ស្របតាមពាក់ស្លោករដ្ឋ និងសហគមន៍ភាពជាដៃគូសម្រាប់ការអប់រំ ,៥.ការពង្រឹងការអប់រំឌីជីថល ,៦.ជំរុញមជ្ឈមណ្ឌលឧត្ដមភាពក្នុងការអប់រំឧត្ដមសិក្សា , ៧.ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និង ៨.អភិវឌ្ឍន៍ការអប់រំកាយ និងកីឡា។ នេះបើតាមការឱ្យដឹងរបស់លោកជំទាវ ឃួន វិច្ឆិកា មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ។

 

 

គួររំឭកថា កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ហើយនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវការងារអាទិភាពទាំង ៨ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់នូវគោលនយោបាយរួមមួយ ដើម្បីធានាបានថា ប្រជាជនកម្ពុជាគ្រប់រូប ទទួលបានការអប់រំប្រកបដោយបរិយាប័ន្ន និងសមធម៌ ចំណេះដឹង ជំនាញ និងគុណតម្លៃ ដើម្បីសុខភាពល្អ កាយសម្បទា និងការសិក្សាពេញមួយជីវិត។

 

 

តាមរយៈផែនការយុទ្ធសាស្ត្រអប់រំ ២០២៤-២០២៨ ក្រសួងអប់រំ នឹងបន្តធ្វើកំណែទម្រង់កែលម្អ អនុវិស័យ នៃការអប់រំ យុវជន និងកីឡា នៅកម្ពុជា ការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំមធ្យមសិក្សា ការអប់រំនៅវិទ្យាល័យ ការអប់រំក្រៅប្រព័ន្ធ យុវជន និងកីឡា។

 

 

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះៗ មួយចំនួន លើការបន្តអនុវត្តកម្មវិធីកំណែទម្រង់កម្មវិធីសិក្សា និងការអប់រំគ្រូបង្រៀន អនុវត្តផែនការអាទិភាពដោយផ្ដោតលើការរៀបចំគោលនយោបាយផ្អែកលើលទ្ធផល បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យកាន់តែប្រសើរ ឈានឆ្ពោះទៅសម្រេចគោលដៅរួមជាច្រើនទៀត ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា៕
 

 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឯកសារ 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024