ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤

នាយកប្រតិបត្តិ៖ក្រុមហ៊ុនMicrosoft នឹងវិនិយោគទឹកប្រាក់១,៧ពាន់លានដុល្លារអាមេរិកលើបច្ចេកវិទ្យាAI និងCloud

 

 

 

 

ក្រុមហ៊ុនMicrosoft នឹងប្រើប្រាស់ទឹកប្រាក់១,៧ពាន់លានដុល្លារអាមេរិកវិនិយោគក្នុងរយៈពេល៤ឆ្នាំទៅលើការពង្រីកសេវាកម្មក្លោដ(cloud services) និងបញ្ញាសិប្បនិម្មិត(AI ) នៅប្រទេសឥណ្ឌូនេស៊ីរួមមាន ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ។ យោងលោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុនMicrosoft ឱ្យដឹងនៅថ្ងៃអង្គារ។ 

 

ទីក្រុងចាកាតា ជាចំណតទី១របស់លោកNadellaក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងតំបន់អាស៊ានដែលមានបំណងលើកស្ទួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) របស់ក្រុមហ៊ុនអាមេរិកមួយនេះ។ ដំណើរបន្ទាប់លោក Nadella នឹងទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ នៅអំឡុងចុងសប្តាហ៍នេះ។ 

 

ការវិនិយោគរបស់ក្រុមហ៊ុនMicrosoft «នឹងនាំមកនូវហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត(AI) ល្អបំផុតនិងថ្មីទំនើបបំផុតចុងក្រោយទៅកាន់ប្រទេសឥណ្ឌូនេស៊ី»។ លោកNadella ថ្លែង។ 

 

លោកបន្តថា«យើងនឹងដឹកនាំរលកនេះក្នុងទម្រង់ហេដ្ឋារចនាសម្ព័ន្ធAI ដែលចាំបាច់»។ 

 

លោក Nadella  បានជួបជាមួយលោកJoko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី និងរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីរបស់លោកនៅព្រឹកថ្ងៃអង្គារដើម្បីពិភាក្សាការស្រាវជ្រាវAI រួម និងការអភិវឌ្ឍន៍ទេពកោសល្យ។ យោងលោកBudi Arie Setiadi រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ថ្លែងប្រាប់អ្នកសារព័ត៌មាន។ 

 

លោក Widodo ស្នើក្រុមហ៊ុនMicrosoft ដាក់មជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួននៅលើកោះBali ឬនៅទីក្រុងថ្មី Nusantara។ 

 

ក្រុមហ៊ុន Microsoft នឹងហ្វឹកហ្វឺនមនុស្ស២,៥លាននាក់នៅអាស៊ីអាគ្នេយ៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) នៅត្រឹមឆ្នាំ២០២៥។ នេះបើតាមការលើកឡើងរបស់លោកNadella ក្នុងនោះរួមមានពលរដ្ឋនៅឥណ្ឌូនេស៊ី៨៤០,០០០នាក់។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024