ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤

មជ្ឈមណ្ឌលធនធាននៃអ.វ.ត.ក គ្រោងនឹងរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ «សវនាការប្រឌិតនៅកម្ពុជា» ក្នុងពេលឆាប់ៗខាងមុខនេះ

៣០ មេសា ២០២៤ | ព័ត៌មានជាតិ


អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)  បានផ្តួចផ្តើមគំនិត រៀបចំការប្រកួត      សវនាការប្រឌិតនៅកម្ពុជា ដែលជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ។ ការប្រកួតប្រជែងនេះ នឹងមានការចូលរួមពីសំណាក់និស្សិត នៅសាកលវិទ្យាល័យជាច្រើន នៅទូទាំងប្រទេស។

 


អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)  បានផ្តួចផ្តើមគំនិត រៀបចំការប្រកួត      សវនាការប្រឌិតនៅព្រះរាជាណាចក្រកម្ពុជា ដែលជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ ខណៈដែលការប្រកួតប្រជែងនេះ នឹងមានវត្តមានចូលរួមពីសំណាក់សាកលវិទ្យាល័យជាច្រើននៅទូទាំងប្រទេស។

 

 


ឯកឧត្តម ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានរដ្ឋបាល អ.វ.ត.ក បានប្រាប់ឱ្យដឹងថា ក្នុងគោលដៅផ្សព្វផ្សាយ ឬបើនិយាយឱ្យចំ គឺបណ្តុះបណ្តាលសមត្ថភាព យើងរៀបចំឱ្យមានសកម្មភាពប្រកួតប្រជែងតាមរយៈតុលាការប្រឌិត ដែលជាមធ្យោបាយ បណ្តុះបណ្តាលដ៏ខ្លាំងមួយ។

 


ឯកឧត្តម បានបន្ថែមថា កន្លងមក អ.វ.ត.ក. បានសហការរៀបចំ ការប្រកួតសវនាការប្រឌិត ដូចជា ការប្រកួតសវនាការប្រឌិតពាក់ព័ន្ធនឹងនីតិមនុស្សធម៌អន្តរជាតិ (IHL Moot Court Competition) ដែលមានការសហការរៀបចំដោយ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) អ.វ.ត.ក. និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)។   ការប្រកួតប្រជែងនោះបានរៀបចំឡើងចំនួន ២ថ្ងៃ គឺនៅថ្ងៃទី២ និងទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងបន្ទប់សវនាការរបស់ អ.វ.ត.ក. និងនៅសាកលវិទ្យាល័យ AUPP។

 


ជាមួយគ្នានោះដែរ កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ អ.វ.ត.ក. បានសហការរៀបចំផ្តល់ទីតាំងអោយការប្រកួតសវនាការប្រឌិតច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO Moot Court Competition/John H. Jackson Moot Court Competition) ថ្នាក់តំបន់អាស៊ី អូសេអានី តាមការស្នើសុំរបស់សកលវិទ្យាល័យជាតិគ្រប់គ្រង។ កម្មវិធីនេះមានការចូលរួមពីនិស្សិតច្បាប់ និងសាស្ត្រាចារ្យជាតិ និងអន្តរជាតិចូលរួមពីប្រមាណ១០ប្រទេស នៅតំបន់អាស៊ី អូសេអានី។

 


បើតាមឯកឧត្តម ក្រាញ់ តូនី ការរៀបចំការប្រកួតសវនាការប្រឌិត ទោះជាថ្នាក់ជាតិក្តី អន្តរជាតិក្តី ព្រមទាំងសកម្មភាពពាក់ព័ន្ធនានា មានគោលដៅ ដើម្បីពង្រីកនិងពង្រឹងចំណេះដឹងនិស្សិត ក៏ដូចជាអ្នកវិជ្ជាជីវៈនានាឱ្យកាន់តែប្រសើរ សម្រាប់ការអភិវឌ្ឈន៍ផង សម្រាប់ការលុបបំបាត់និទណ្ឌភាពផង និងសម្រាប់បង្ការឧក្រិដ្ឋកម្មធ្ងន់ធ្ងរនានា នៅពេលខាងមុខផង៕
 

 

 

អត្ថបទ៖ ហំ ផានិត  រូបភាព៖ ឆិល សុភ័ស្ត 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024