ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤
ជំនាញធុរកិច្ចភេសជ្ជៈ មានទីផ្សារខ្ពស់ នាពេលបច្ចុប្បន្ន និងមានយុវជនចុះឈ្មោះចូលរៀនច្រើន។ ជាក់ស្តែង លោកស្រី សៀង រ៉ាវីន ជាគ្រូបង្រៀនផ្នែកធុរកិច្ចភេសជ្ជៈ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ លើកឡើងថា យុវជន ងាកមកចាប់អារម្មណ៍ជំនាញនេះ ច្រើន ខណៈវិស័យនេះ មានការរីកដុះដាលច្រើន ទាំងការលក់នៅតាមហាង តាមតូបតូចៗ រហូតឈានដល់មានការបើកលក់តាមម៉ូតូចល័ត ថែមទៀត។
ជំនាញធុរកិច្ចភេស្ជជៈទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់យុវជននាពេលបច្ចុប្បន្ន ខណៈជំនាញនេះកំពុងមានទីផ្សារខ្ពស់ និងងាយស្រួលប្រកបរបរខ្លួនឯង។ ជំនាញមួយនេះ ក៏ត្រូវបានគេចាត់ទុកថាជា ជំនាញចាក់ទឹកយកលុយផងដែរ។ លោកស្រី សៀង រ៉ាវីន ជាគ្រូបង្រៀនផ្នែកធុរកិច្ចភេស្ជជៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានឱ្យដឹងថា បច្ចុប្បន្នវិស័យមួយនេះមានការរីកដុះដាលខ្លាំង នឹងអាចកាន់តែមានទីផ្សារខ្លាំងនាពេលអនាគត ដែលដូចពាក្យចាស់លោកពោលថា ជំនាញមួយនេះ គឺជាជំនាញចាក់ទឹកយកលុយ។
ចំណែកកញ្ញា ចិត្រ សុវណ្ណេត ជាសិស្សរៀនផ្នែកធុរកិច្ចភេស្ជជៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១លាន ៥សែននាក់របស់រាជរដ្ឋាភិបាល ក៏បានសម្តែងភាពរីករាយដែលមានឱកាសចូលរៀនជំនាញនេះ ខណៈកញ្ញាមើលឃើញពីទីផ្សារបច្ចុប្បន្ន គឺមានតម្រូវការខ្ពស់ និងពេលរៀនចប់ពីវគ្គបណ្តុះបណ្តាលនេះ ខ្លួនមិនទាន់មានលទ្ធភាពបើកអាជីវកម្មខ្លួនឯង ក៏អាចចូលធ្វើការនៅតាមហាងកាហ្វេណាមួយដើម្បីយកបទពិសោធន៍សិនក៏បាន។
កញ្ញា ក៏បានបន្ថែមដែរថា ការជ្រើសរើសយកជំនាញមួយនេះ ក៏ដោយសារខ្លួនសង្កេតឃើញថា នៅកម្ពុជានាពេលបច្ចុប្បន្ន កាហ្វេ និងភេស្ជជៈគ្រប់ប្រភេទ គឺពេញនិយមសម្រាប់ពលរដ្ឋកម្ពុជា និងមានទីផ្សារល្អ ហើយកញ្ញាក៏សង្ឃឹមថាខ្លួន នឹងអាចមានការងារមួយច្បាស់លាស់ និងប្រាក់ចំណូលសមរម្យដែលធ្វើឱ្យជីវភាពគ្រួសារបានប្រសើជាងនេះនៅពេលអនាគត៕
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា