ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់សិទ្ធិឲ្យគណៈគ្រប់គ្រងសាលា អាចផ្អាកការសិក្សា ក្នុងករណីសីតុណ្ហភាពក្តៅលើសពី ៤០អង្សារ

០២ ឧសភា ២០២៤ | ព័ត៌មានជាតិ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឲ្យគណៈគ្រប់គ្រងសាលា អាចកែម៉ោងសិក្សា ឬផ្អាកការសិក្សាតែម្តង ប្រសិនបើសីតុណ្ហភាពក្តៅ លើសពី ៤០អង្សារ។ ប្រមុខរាជរដ្ឋាភិបាល ក៏ណែនាំឲ្យមានការប្រុងប្រយ័ត្នករណីគ្រោះអគ្គិភ័យ និងបញ្ហាខ្វះទឹកប្រើប្រាស់ ក្នុងរដូវប្រាំង ដោយសារតែមិនមានភ្លៀងយូរជាងនេះ។  

 


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់សិទ្ធិឲ្យគណៈគ្រប់គ្រងសាលាអាចកែម៉ោងសិក្សា ឬផ្អាកការសិក្សាតែម្តង ប្រសិនបើសីតុណ្ហភាពក្តៅលើសពី៤០អង្សារ ដើម្បីការពារចំពោះសុខភាព សិស្សានុសិស្ស ជាពិសេសកុមារតូចៗ ។ ការណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងនៅក្នុង“ ពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ឧសភា ២០២៤។

 


ដោយឡែក ក្នុងករណីរដូវប្រាំងមិនមានភ្លៀងយូរជាងនេះ សម្តេចធិបតី ហ៊ុន ណែត ក៏ណែនាំឲ្យ ក្រសួងស្ងាប័នពាក់ព័ន្ធ អាជ្ញាមូលដ្ឋាន កងកម្លាំងនគរបាល និងកងយោធពលខេមរភូមិន្ទ ត្រៀមអន្តរាគមន៍បន្ទាន់ ដោះស្រាយទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋ  ជាពិសេស ប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យផងដែរ។គួរបញ្ជាក់ថា ក្នុងរដូវប្រាំងឆ្នាំ២០២៤ អាកាសធាតុក្តៅហួតហែងខ្លាំង ហើយមានថ្ងៃខ្លះ សីតុណ្ហភាពបានឡើងលើសពី ៤០ អង្សារ ជាពិសេស នៅចន្លោះពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ១៤:០០ រសៀល ។

 

 

ស្ថានភាពនេះ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៣០ មេសា បានណែនាំ មន្ទីរអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ឲ្យពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែងម៉ោងសិក្សា ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់ សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ។

 


ក្នុងនោះក្រសួងឲ្យពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែងម៉ោងសិក្សាពេលព្រឹកចូលរៀននៅម៉ោង៧:ព្រឹក ចេញម៉ោង ១០ព្រឹក , ពេលរសៀល ចូលរៀននៅម៉ោង២រសៀលចេញម៉ោង៥ល្ងាច ,ក្នុងមួយម៉ោងសិក្សា លោកគ្រូ អ្នកគ្រូ ត្រូវឱ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥ នាទី ។គ្រឹះស្ថានសិក្សាត្រូវត្រៀមទឹកសម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ និងណែនាំសិស្សឱ្យយកទឹកឆ្អិន ពីផ្ទះមកទទួលទាន។ ក្នុងករណីសីតុណ្ហភាពឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្តែង អនុវត្តតាមគោលការណ៍ដែលមានស្រាប់វិញ នៅពេលផុតរដូវក្តៅ៕

 

 

អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ញិល សុជា 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024