ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

សមាគមអ្នកចិញ្ចឹមសត្វ ស្វាគមន៍ចំពោះការកំណត់ច្រកព្រំដែន សម្រាប់នាំចូលសាច់បង្កក

២៤ មេសា ២០២៤ | ព័ត៌មានជាតិ


កាលពីដើមខែមេសា ឆ្នាំ២០២៤ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកំណត់ច្រកព្រំដែនតែ ៥ប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យនាំចូលសាច់បង្កកពីបរទេស។ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានស្វាគមន៍ និងសាទរចំពោះវិធានការនេះ ដោយចាត់ទុកថា ជាវិធានការ ដើម្បីចៀសវាងការចូលសាច់បង្កក តាមតែទំនើងចិត្ត។

 


សមាគអ្នកចិញ្ចឹមសត្វកម្ពុជា សូមស្វាគមន៍ និងសាទរចំពោះវិធានការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានកំណត់ច្រកព្រំដែនជាក់លាក់សម្រាប់នាំចូលសាច់បង្កក ។

 

 

សូមស្វាគមន៍ និងសាទរ ដោយហេតុថា តាមរយៈវិធានការនេះ នឹងផ្ដល់លទ្ធភាពបន្ថែមទៀតដល់ស្ថាប័នមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យគុណភាពសាច់ និងភាពស្របច្បាប់ ដែលប្រការនេះក៏ជាការរួមចំណែកមួយកម្រិតទៀតក្នុងពង្រឹងគុណភាពម្ហូបអាហារ ហើយក៏ជាការរួមចំណែកពង្រឹងវិស័យចិញ្ចឹមសត្វនៅក្នុងស្រុកដែរ ។ នេះគឺជាការលើកឡើងរបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តាមតេឡេហ្ក្រាម របស់ PNN នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ ។

 


សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយដល់វិស័យឯកជននូវវិធានការមួយចំនួនរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិ និងការកំណត់មាត់ច្រកសម្រាប់នាំចូលមុខទំនិញសាច់បង្កកមានតែមាត់ច្រកព្រំដែនចំនួន ៥ ប៉ុណ្ណោះ គឺ ១. កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ , ២. កំពង់ផែអន្តរជាតិរាជធានីភ្នំពេញ , ៣.ព្រំដែនអន្តរជាតិប៉ោយប៉ែត ,៤.ព្រំដែនអន្តរជាតិបាវិត និង ៥. ព្រំដែនអន្តរជាតិដូង ហើយនេះ គឺជាវិធានការបន្ថែមលើវិធានការនានាផ្សេងទៀត ជាពិសេសពាក់ព័ន្ធនឹងប្រព្រឹត្តកម្មហាមឃាត់ ឬជាប់កម្រិតកំណត់ តាមច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន ។

 

 

ចំពោះការនាំចូលតាមច្រកផ្សេងពីនេះ ត្រូវស្នើសុំការអនុញ្ញាតជាមុនពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ មានក្រុមហ៊ុនចំនួន ២០ ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនមានគុណវុឌ្ឍិក្នុងការនាំចូលមុខទំនិញសាច់បង្កក។

 

 

ចំពោះក្រុមហ៊ុនទាំងឡាយណាដែលមានបំណងនាំចូលមុខទំនិញនេះដែរ ត្រូវរៀបចំឃ្លាំងរក្សាសាច់បង្កករបស់ខ្លួនឱ្យបានសមស្របតាមលក្ខណៈបច្ចេកទេស និងត្រូវរួសរាន់ស្នើសុំទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចុះពិនិត្យវាយតម្លៃលើគុណវុឌ្ឍិ ។

 

 

គួរជម្រាបជូនផងដែរថា ដើម្បីពង្រឹគុណម្ហូបអាហារ ក៏ដូចជា ដើម្បីសង្គ្រោះអាយុជីវិតវិស័យចិញ្ចឹមសត្វនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានផ្អាកការនាំចូលគ្រឿងក្នុងសត្វ និងបំណែកសាច់បង្កករយៈពេល៦ខែ ដែលបានចូលជាធរមានកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នេះ ៕

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024