ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤

អាជ្ញាធររាជធានីភ្នំពេញ លាងសម្អាតបរិវេណវត្តភ្នំ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ បញ្ចប់ទៅដោយរលូន

១៨ មេសា ២០២៤ | ព័ត៌មានជាតិ



បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីជាតិរយៈពេល ៤ថ្ងៃ បានបញ្ចប់ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការលាងសម្អាតបរិវេណវត្តភ្នំ ក្រោយការរៀបចំសង្រ្កាន្តវត្តភ្នំ ដែលមានអ្នកមកកម្សាន្តរាប់សែននាក់ ក្នុង ១ថ្ងៃៗ។ ក្រុមអាជ្ញាធរ បានបាញ់ទឹកលាងសម្អាតតាមផ្លូវ និងតាមសួនរមណីយដ្ឋាន ព្រមទាំងប្រមូលសំរាម ដែលបន្សល់ពីកម្មវិធី ធ្វើយ៉ាងណា ឱ្យបរិស្ថានស្អាត ដើម្បីផ្តល់ផាសុកភាពដល់ភ្ញៀវទេសចរ មកកម្សាន្ត នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ បន្តទៀត។ 

 


បន្ទាប់ពីសង្រ្កាន្តវត្តភ្នំរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៤ បានបញ្ចប់ដោយរលូន អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការសម្អាតបរិវេណវត្តភ្នំ ក៏ដូចជាសម្អាតតាមសួន ដើម្បីរក្សាសោភ័ណភាពទីក្រុងឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយ។ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការបាញ់ទឹកលាងសម្អាតតាមដងផ្លូវ និងធ្វើការសម្អាតតាមសួនឱ្យបានស្អាត ដោយមិនបន្សល់នូវសំរាមនៅក្នុងបរិវេណនេះទេ ដើម្បីផ្តល់ជូនភ្ញៀវទេសចរមកទស្សនារមនីយដ្ឋានវត្តភ្នំប្រកបដោយផាសុកភាព។ 

 


ស្របជាមួយគ្នានេះដែរ រយៈពេល ៤ ថ្ងៃនេះនៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ ១លាន ៣ សែននាក់ នេះបើតាមការឱ្យដឹងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ លោកបានឱ្យដឹងដែរថា ថ្ងៃទី១ នៃសង្រ្កាន្តវត្តភ្នំ ដែលត្រូវបានចាប់ផ្តើមកាលពីថ្ងៃ ទី១៣ ខែមេសា ទទួលបានភ្ញៀវជាតិ និងអន្តរជាតិជាង ២៣ម៉ឺននាក់ ថ្ងៃទី២ ប្រមាណ ២៥ម៉ឺននាក់ ថ្ងៃទី៣ ប្រមាណ ៣០ ម៉ឺននាក់ និងថ្ងៃចុងក្រោយដែលត្រូវនឹងថ្ងៃទី១៦ មេសា ទទួលបានភ្ញៀវទេសចរ រហូត ដល់ ៥២ ម៉ឺននាក់ ។

 


លោកបន្តទៀតថា រយៈពេល ៤ថ្ងៃនៃសង្រ្កាន្តវត្តភ្នំ គឺប្រកបទៅដោយរលូន និងមិនមានបញ្ហាមិនប្រក្រតីណាមួយឡើយ ដោយឡែកការងារសន្តិសុខ សណ្តាប់ធ្នាប់ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ មានកម្លាំងសមត្ថកិច្ចយាមល្បាតតាមទីតាំងត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពជូនអ្នកមកកម្សាន្ត ព្រមទាំងបង្កភាពសប្បាយរីករាយដល់គ្រប់ៗគ្នា។

 


ទន្ទឹមនឹងការរៀបចំសង្រ្កាន្តនៅតាមបណ្តារាជធានី ខេត្តនីមួយៗប្រកបដោយភាពជោគជ័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្ញើរសារអរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួង-ស្ថាប័ន កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការ ទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកំសាន្តសប្បាយដល់ប្រជាពលរដ្ឋ ព្រមទាំងបានញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយ រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទនភាពជាតិ៕
 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024