ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

រទេះគោ និងរទេះក្របី កំពុងចូលរួមយ៉ាងសកម្ម ក្នុងសហគមន៍ទេសចរណ៍ នៅព្រះដាក់

២៦ មីនា ២០២៤ | ព័ត៌មានជាតិ


ប្រជាពលរដ្ឋ នៅភូមិព្រះដាក់ ក្នុងខេត្តសៀមរាប ប្រមាណជា ៩០ភាគរយ នៅតែប្រើប្រាស់រទេះគោ និងរទេះក្របី ហើយសំខាន់បំផុត រទេះគោ និងរទេះក្របី នៅទីនោះ ថែមទាំងបានចូលរួមយ៉ាងសកម្ម និងយ៉ាងមានកិត្តិយស ក្នុងការដឹកជញ្ជូនភ្ញៀវទេចរជាតិ-អន្តរជាតិ និងបង្ហាញមុខមាត់ ទៅកាន់ពិភពលោក។

 


ទេចរណ៍រទេះគោ និងរទេះក្របី គឺជាផ្នែកមួយ នៃសហគមន៍ទេចរណ៍ព្រះដាក់ នៃខេត្តសៀមរាប ដែលនៅទីនោះ មានផលិតផលទេចរណ៍ជាច្រើនត្រូវបានប្រជាពលរដ្ឋប្រកបជាប្រចាំថ្ងៃដូចជាផលិតស្ករត្នោត នំបញ្ចុក នំអាកោត្នោត ទឹកត្នោត ធ្វើធូប ធ្វើច្រម កន្ត្រក ក្រមា និងខ្លុយជាដើម បន្ថែមដោយអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់ពីដើមភូមិដល់ចុងភូមិ ដែលជាអាហារលក្ខណៈជីវភាពគ្រួសារភូមិស្រុក ។

 

 

ដោយឡែកចំពោះរទេះគោ និងរទេះក្របី បានរួមចំណែកយ៉ាងសកម្មក្នុងការដឹកភ្ញៀវទេចរជាតិ និងបរទេស ដែលបានផ្ដល់បទពិសោធន៍យ៉ាងភ្ញាក់ផ្អើលដល់ភ្ញៀវ និងបង្កើតបានជាអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំ ។ លោក យស់ សា មគ្គុទេសក៍ទេចរថ្នាក់ជាតិ ប្រចាំខេត្តសៀមរាប និងប្រចាំសហគមន៍ទេសចរណ៍ភូមិព្រះដាក់ បានរៀបយ៉ាងមោទនភាពចំពោះរទេះគោ និងរទេះក្របី យ៉ាងដូច្នេះថា ។

 


លោក យស សា បន្ថែមថា សហគមន៍ទេសចរណ៍រទេះគោ បានចាប់ផ្ដើមកាលពីឆ្នាំ២០០៩ ហើយនៅភូមិព្រះដាក់ នេះ មានប្រជាពលរដ្ឋប្រមាណជា ៣ ២៥០ គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋនៅតែប្រើរទេះគោ និងរទេះក្របី ប្រមាណជា ៩០ ភាគរយ ចំណែកតម្រូវការបច្ចុប្បន្ននេះ មានរទេះគោ និងរទេះក្របី ប្រមាណជា ៥០ គ្រឿង កំពុងប្រតិបត្តិការបម្រើសេវាដឹកភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ជាលក្ខណៈវិលជុំឆ្លាស់ ឬ ចែកវេនគ្នា ហើយចំនួននេះ សង្ឃឹមថានឹងកើនឡើងថែមទៀតជាបន្តបន្ទាប់ ទៅតាមស្ថានភាពវិស័យទេចរណ៍ ។ 

 


ដើម្បីបានទៅជិះរទេះគោ ឬ រទេះក្របីនៅសហគមន៍ទេចរណ៍ព្រះដាក់ នេះ លោកអ្នកអាចធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួន ឬតាមមធ្យោបាយណាក៏បាន ប៉ុន្តែមធ្យោបាយដ៏ស្រស់ស្រាយបំផុតមួយ គឺលោកអ្នកគួរតែទទួលយកបទពិសោធន៍ដ៏ស្រស់ស្រាយ ពីការធ្វើដំណើរទៅទីនោះ ដោយជិះរថយន្ត Jeep ទេចរណ៍ ពីក្រុមសៀមរាប ដែលតាមរយៈនេះ លោកអ្នកក៏មានជម្រើសផ្សេងៗទៀត ដូចជាឱ្យមានអ្នកបើកបរម្នាក់ក៏បាន លោកអ្នកអាចបើកបរខ្លួនឯងក៏បាន ឬ យកអ្នកបើកបរទៅជាមួយគ្រាន់ជួយលោកអ្នកពេលត្រូវការក៏បាន ហើយគាត់ក៏អាចរៀបរាប់ជូនលោកអ្នកនូវរឿងរ៉ាវល្អៗមួយចំនួន ពោលគឺគាត់ហាក់ដូចជាអ្នកបើកបរផង ជាជំនួយការរបស់លោកអ្នកផង ហើយក៏ហាក់ដូចជាមគ្គុទ្ទេសក៍ទេចរណ៍ជូនលោកអ្នកបានមួយផ្នែកដែរ ៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ សែត ប៊ុនថាន់ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024