ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

 គណៈប្រតិភូក្រុមហ៊ុនធំៗ មកពីសាធារណរដ្ឋកូរ៉េ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

២៧ មីនា ២០២៤ | ព័ត៌មានជាតិ


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅព្រឹកថ្ងៃទី២៦មីនានេះ បានជួបជាមួយប្រតិភូក្រុមហ៊ុនធំៗ មកពីសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាលើឱកាសវិនិយោគនៅកម្ពុជា។ តាមរយៈជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា នឹងមានការវិនិយោគពីក្រុមហ៊ុនទាំងនេះ នៅកម្ពុជា នាពេលខាងមុខ។ 

 


ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបជាមួយគណៈប្រតិភូក្រុមហ៊ុនធំៗមកពីសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីពិភាក្សាលើឱកាសវិនិយោគនៅកម្ពុជា ដែលជំនួបនេះ ធ្វើឡើងនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ 

 


ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពី មូលហេតុ និងកត្តាមួយចំនួនដែលអ្នកវិនិយោគគប្បីមកវិនិយោគនៅកម្ពុជា ហើយតាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនធំៗមកពីសាធារណរដ្ឋកូរ៉េនៅពេលនេះ ឯកឧត្តម ឧនាយករដ្ឋមន្ត្រីជឿជាក់ថា នឹងមានការវិនិយោគពីក្រុមហ៊ុនធំៗទាំងនេះនាពេលខាងមុខ។

 


សូមជម្រាបដែរថា ក្រុមហ៊ុនធំៗ មកពីសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមនៅក្នុងជំនួបនេះ មានចំនួន ១៣ ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុន Maekyung Media Group ក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន Hyundai Motor ក្រុមហ៊ុន LG Electronics ក្រុមហ៊ុន CJ Group ក្រុមហ៊ុន LX International ក្រុមហ៊ុន Daejoo KC Group សម្ព័ន្ធសហគ្រាសធុនតូចនិងមធ្យមKBIZ ក្រុមហ៊ុន Booyoung Group ក្រុមហ៊ុន Hanshin Engineering & Construction ក្រុមហ៊ុន KORINDO Group ក្រុមហ៊ុន Kolao Group និងសហព័ន្ធពិភពលោកនៃសមាគមពាណិជ្ជកម្មកូរ៉េនៅក្រៅប្រទេស៕

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024