ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

មន្ត្រីថា កម្ពុជា តែងតែយកចិត្តទុកដាក់ជានិច្ច ចំពោះមនុស្សវ័យចាស់

២៩ មីនា ២០២៤ | ព័ត៌មានជាតិ

 


នៅថ្ងៃនេះ ក្រសួងស្ថាប័នពាក់ព័ន្ធជាតិ-អន្តរជាតិ បានជួបជុំគ្នា ដើម្បីផ្សព្វផ្សាយ និងកសាងភាពជាដៃគូលើវិស័យមនុស្សចាស់ ហើយមន្ត្រីជាន់ខ្ពស់ថា នេះស្ដែងចេញពីការយកចិត្តទុកដាក់ ចំពោះមនុស្សវ័យចាស់ ដែលកម្ពុជា តែងតែបានធ្វើ ដ្បិតមនុស្សចាស់ គឺជាអ្នកមានឧបការៈ មិនអាចកាត់ថ្លៃបាន។រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ដ្រស្ដីពីការអភិវឌ្ឍប្រព័ន្ធសុខុមាលភាពសង្គម និងគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ដែលបង្ហាញយ៉ាងច្បាស់ពីការយកចិត្ដទុកដាក់ខ្ពស់ចំពោះមនុស្សវ័យចាស់ ជាពិសេសមនុស្សវ័យចាស់ក្រីក្រ ឱ្យមានលក្ខណៈកាន់តែល្អប្រសើរឡើងជាលំដាប់ ។

 

 

ដោយឡែកវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន ក្នុងនោះការងារសុខុមាលភាពមនុស្សវ័យចាស់ ត្រូវបានលើកកម្ពស់ជាបន្ដបន្ទាប់ស្របតាមស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយលិខិតបទដ្ឋានគតិយុត្ដ និងបានបង្កើតយន្ដការជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់របបគោលនយោបាយសម្រាប់សេវាសង្គមកិច្ចចំពោះមនុស្សវ័យចាស់ ។

 

 

នេះគឺជាការលើកឡើងរបស់ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ និងជាតំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងកសាងភាពជាដៃគូលើវិស័យមនុស្សចាស់ ដែលប្រព្រឹត្តទៅនៅថ្ងៃ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។

 


គួររំឭកជូនថា លទ្ធផលជំរឿនទូទៅប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ឱ្យដឹងថា ចំនួនប្រជាជនវ័យចាស់ សរុប ១ លាន ៣ សែន ៩ ម៉ឺន ៤ ១៤៦ នាក់ ស្មើនឹងប្រមាណជា ៨,៩ ភាគរយ នៃចំនួនប្រជាជនសរុបជាង ១៥ លាននាក់ ដែលនោះគឺជាការប្រែប្រួលក្នុងប្រជាសាស្ត្រគួរឱ្យកត់សម្គាល់ ហើយមូលហេតុ នៃការប្រែប្រួលនោះ គឺដោយសារតែអត្រា នៃលទ្ធភាពបង្កើតកូនបានថយចុះ និងភាពប្រសើរឡើង នៃអាយុសង្ឃឹមរស់ បានកើនឡើង គឺលទ្ធភាពមានកូនសរុបថយចុះពី ៥,៧ ភាគរយ នៅឆ្នាំ១៩៩០ មកនៅត្រឹមតែ ២,៥ ភាគរយប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៩ ។ ចំណែកអាយុសង្ឃឹមរស់បានកើនឡើងពី ៥៤ឆ្នាំសម្រាប់បុរស និង៥៨ឆ្នាំសម្រាប់ស្ដ្រី នៅឆ្នាំ១៩៩៨ មកដល់ ៧៤,៣ ឆ្នាំសម្រាប់បុរស និង៧៦,៨ឆ្នាំសម្រាប់ស្ដ្រីនៅឆ្នាំ២០១៩។

 


ទន្ទឹមនឹងភាពប្រសើរឡើង នៃអាយុខេយ្យរបស់មនុស្សចាស់នេះ មនុស្សចាស់ក៏ប្រឈមនឹងបញ្ហាច្រើនណាស់ដែរ ដូចជាករណីដោយសារមនុស្សពេញវ័យត្រូវធ្វើចំណាកស្រុកជាដើម ដ្បិតនៅក្នុងវប្បធម៌ប្រពៃណីខ្មែរ មនុស្សវ័យចាស់ មានតួនាទីយ៉ាងសំខាន់ក្នុងការកសាងគ្រួសារ សហគមន៍ អប់រំមនុស្សជំនាន់ក្រោយអំពីទំនៀមទម្លាប់ ប្រពៃណី សាសនា និងការអភិវឌ្ឍ មានប្រពៃណី វប្បធម៌ផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវចំពោះមនុស្សវ័យចាស់ ហើយគ្រួសារខ្មែរ មានទម្លាប់រស់នៅជួបជុំគ្រួសារកូនចៅមានកតញ្ញុតាធម៌ចំពោះមាតាបិតា អ្នកមានគុណដែលបានចិញ្ចឹមបីបាច់ថែរក្សា និងផ្ចុងផ្ដើមឱ្យពួកគេមានអនាគតល្អ ។

 


អាស្រ័យហេតុនេះ ឯកឧត្តម មុំ ប៊ុនថន បានស្នើអង្គសិក្ខាសាលាទាំងមូល យកចិត្ដទុកដាក់ស្ដាប់នូវបទបង្ហាញរបស់វិគ្មិន ដើម្បីឱ្យបន្ទាប់ពីសិក្ខាសាលានេះទៅ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បរទេស និងវិស័យឯកជន នឹងកាន់តែយកចិត្ដទុកដាក់បន្ថែមទៀតក្នុងការចូលរួមចំណែកឧបត្ថម្ភគាំទ្រលើវិស័យមនុស្សចាស់ ដូចមានចែងក្នុងផែនការសកម្មភាពឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ សែត ប៊ុនថាន់ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024