ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤

ក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងត្រីមាសទី១ ឆ្នាំនេះ មានសភាពល្អប្រសើរ

០៤ មេសា ២០២៤ | ព័ត៌មានជាតិ


រយៈពេល ៣ខែកន្លងមកនេះ ក្រសួងបរិស្ថាន បានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ ទាំងនៅរាជធានីភ្នំពេញ និងទាំងនៅតាមបណ្តាខេត្តទូទាំងប្រទេស។ ក្រសួង បានលើកឡើងថា គុណភាពខ្យល់នៅភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងត្រីមាសទី១ ឆ្នាំនេះ មានសភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងស្តង់ដារគុណភាពខ្យល់សាធារណៈ។

 


ថ្វីត្បិតគុណភាពខ្យល់នៅទូទាំងប្រទេសកម្ពុជា មានភាពល្អប្រសើរ ប៉ុន្តែក្រសួងបរិស្ថាន នៅតែបន្តចាត់មន្ត្រីជំនាញត្រួតពិនិត្យគុណភាពខ្យល់ជាប់ជាប្រចាំ និងបានបើកយុទ្ធនាការពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់នៅតាមបណ្តាខេត្តនៅភាគពាយ័ព្យនៃប្រទេស។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០១ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅសាលាខេត្តបាត់ដំបង។  

 


ក្រសួងបរិស្ថានបានឲ្យដឹងថា ដើម្បីពង្រឹងការត្រួតពិនិត្យការបំពុលបរិយាកាសឆ្លងដែន ក្រុមមន្រ្តីជំនាញក្រសួងបរិស្ថាន បានកំពុងចុះត្រួតពិនិត្យគុណភាពខ្យល់ តាមរយៈការដាក់រថយន្តចល័យ«វណ្ណុ» បន្ថែមទៀតនៅក្នុងសប្តាហ៍ទី១ ដើមខែមេសា ឆ្នាំ២០២៤នេះ នៅតាមទីតាំងមួយចំនួនជាប់ព្រំដែនកម្ពុជា-ថៃ និងបានចុះផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព ក្នុងខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យជាដើម។ 

 


បើតាមសន្ទទស្សន៍គុណភាពខ្យល់ នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅដើមខែមេសានេះ បានបង្ហាញ ប្រទេសកម្ពុជា មិនទាន់មានការកត់សម្គាល់ពីការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យព្រួយបារម្ភនៅឡើយទេ ពោលគឺកំហាប់ភាគល្អិតនិចល PM2.5 មានកំហាប់ ទាបជាងស្តង់ដាកំណត់គឺ ៥០µg/m3 (មីក្រូក្រាមក្នុងមួយម៉ែត្រគូប) ជាមធ្យមក្នុង ២៤ម៉ោង។

 


ក្រសួងបរិស្ថាន បានឲ្យដឹងទៀតថា ក្នុងរយៈពេល៣ខែកន្លងមកនេះ ក្រសួងបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ នៅរាជធានីភ្នំពេញចំនួន១៧តីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៣៧ ទីតាំង និងបានបំពាក់ឧបករណ៍ត្រួតពិនិត្យថ្មី ១២ទីតាំង នៅតាមបណ្តាខេត្ត។

 

 

លើសពីនេះ ក្រសួងបានបញ្ជូនរថយន្តត្រួតពិនិត្យគុណភាពខ្យល់ «វិណ្ណុ» ចល័តទូទាំងប្រទេស។ ក្នុងនោះ បានបង្ហាញឱ្យឃើញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានសភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងស្តង់ដារគុណភាពខ្យល់សាធារណ ដោយកម្រិតភាគល្អិតនិចល់ PM 2.5 ជាមធ្យមក្នុងរយៈពេល៣(បី) ខែនេះ ស្មើនឹង២៣,៦០ µg/m3(មីក្រូក្រាមក្នុងមួយម៉ែត្រគូប)៕
 

 

អត្ថបទ៖ អឿនភារ៉ា  រូបភាព៖ ក្រសួងបរិស្ថាន 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024