ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ម៉ាដូណា ជាពិធីករ និងជាតារាកំប្លែងម្នាក់ដែលនិយមតែងខ្លួនស្ទីលចម្លែកៗ ដើម្បីពញ្ញាក់អារម្មណ៍ទស្សនិកជន អ្នកគាំទ្រ មិនថាកម្មវិធីណាជាកម្មវិធីណានោះទេ លោកតែងតែបង្ហាញភាពថ្មីជានិច្ចទៅកាន់មហាជន។
ជាក់ស្តែង ដ្បិតប៉ុន្មានខែនេះកម្មវិធី និងព្រឹត្តិការណ៍ជាច្រើនបានបិទ និងផ្អាកការរៀបចំបន្តកន្ទុយគ្នាក្តី ក៏ ម៉ាដូណា នៅតែមានការងារក្នុងដៃជារឿយៗមិនដាច់ឡើយ ដូចជា ការងារពិធីករតាមកម្មវិធីទូរទស្សន៍ និងជាតារាកត្តិយសតាមកម្មវិធី ផ្សេងៗជាដើម។ ប៉ុន្តែកម្មវិធីទាំងនោះសុទ្ធសឹងជាកម្មវិធីដែលមានការថតទុក តែមិនមានទស្សនិកជនចូលរួមទស្សនានោះឡើយ។
បើនិយាយពីជីវិតឯកជនរបស់ ម៉ាដូណា វិញនោះ គឺលោកមានជីវភាពធូធារ ដោយមានផ្ទះ មានឡានជាកម្មសិទ្ធផ្ទាល់ខ្លួន ហើយលោកក៏កំពុងចំណាយថវិកាច្រើនម៉ឺនដុល្លារ សាងសង់ផ្ទះថ្មីមួយទៀតផងដែរ ដោយតាមការគ្រោងផ្ទះថ្មីនេះនឹងរួចរាល់នាពេលដ៏ខ្លីខាងមុខ តែកាលបរិច្ឆេទជាក់លាក់ពេលណាលោកនៅមិនអាចបញ្ជាក់នោះឡើយ ព្រោះត្រូវមើលតាមជាក់ស្តែង។
តាមរយៈកិច្ចសម្ភាសន៍របស់លោកជាមួយអ្នកសារពត៌មាន ភីអិនអិន កាលពីពេលថ្មីៗនេះ ពិធីករសម្តីអណ្តែតដូចចកក្នុងបឹងថា ក្នុងថ្ងៃឡើងផ្ទះថ្មីរបស់លោកនាពេលខាងមុខ លោកនឹងទម្លាយប្រវត្តិជូរចត់ និងរឿងរ៉ាវនៃខ្សែជីវិតរបស់លោក មុននិងក្រោយពេលចូលប្រឡូកសិល្បៈ រួមទាំងប្រវត្តិស្នេហាជាមួយគូរស្នេហ៍ភេទដូចគ្នារបស់លោក ដែលបានអត់ធ្មត់ តស៊ូ ចាប់ដៃគ្នាតាំងពីបាតដៃទទេទម្រាំមានថ្ងៃនេះ។
លើសពីនេះ ពិធីករ រហ័សនាម កំពូលកូររង្គឺឆាកនេះ ក៏បានបង្ហើបឲ្យដឹងពីតម្រុយពិធីជ័យ របស់ខ្លួននិងគូរស្នេហ៍ឈ្មោះ ហេង ផងដែរ ដោយកម្លោះសង្ហា សំណព្វចិត្ត ម៉ាដូណា បានបញ្ជាក់ថា ដំណឹងល្អរបស់ពួកគេអាចនឹងកើតឡើងបន្តបន្ទាប់គ្នា ក្រោយចប់បញ្ហាជម្ងឺកូវីដ និងរួចរាល់ធុរៈការងារដែលកំពុងមានក្នុងដៃនៅពេលនេះ។
គួររំលឹកថា ម៉ាដូណាជាតារាកំប្លែងម្នាក់ដ៏មានប្រជាប្រិយភាព ដោយលោកបំបែកបានទីផ្សារសិល្បៈជាច្រើនឆ្នាំមកហើយ។ ស្ទើរតែគ្មាននរណាម្នាក់មិនស្គាល់លោកនោះទេ ដោយសារលោកតែងតែតុបតែងលម្អខ្លួនចម្លែកៗប្លែកគេឯង។
មិនត្រឹមតែមានកេរ្តិ៍ឈ្មោះបោះសម្លេងមានគេស្គាល់តាមកម្មវិធីកម្សាន្ត លើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះទេ ម៉ាដូណា ថែមទាំងល្បីរន្ទឺលើហ្វេសប៊ុក និងកម្មវិធី Tik Tok ថ្មីទៀតផង ដោយជារឿយៗលោកតែបង្ហាញសមត្ថភាពកំប្លុកកំប្លែងធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើចក្អាកក្អាយ រាល់ពេលទស្សនាម្តងៗ។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា