ម៉ូដែលវ័យក្មេងកម្ពុជា ៣រូបឈ្នះមកុដ៣ផ្សេងគ្នាពីកម្មវិធីអន្តរជាតិតែមួយនៅបរទេស ឡាវ
តារាម៉ូដែលវ័យក្មេងកម្ពុជា ៣រូបពោរពេញដោយសមត្ថភាព និងភាពជឿជាក់ គឺ ដូមីនិច អូនលី , ហាមមើឡិត វ៉េណេសា និង អាសាន ចាវីឌ ដែលបានឈ្នះមកុដ ៣ ផ្សេងគ្នាពីកម្មវិធីអន្តរជាតិ នៅឡាវ។ក្រោមការបង្ហាត់បង្ហាញ និងការតម្រង់ទិញពី The RAMP Academy របស់គ្រូបង្វឹកជនជាតិហ្វីលីពីន លោក Mathew Tan (ម៉ាតសៀវ តាន់) តារាម៉ូដែលវ័យក្មេងកម្ពុជា ៣រូប (ប្រុស ១ ស្រី ២) បានឈ្នះមកុដ ៣ ផ្សេងគ្នាពីកម្មវិធីអន្តរជាតិ 2nd Edition BEAUTY POWER INTERNATIONAL FASHION WEEK 2025 ដែលប្រទេសឡាវជាម្ចាស់ផ្ទះរៀបចំការប្រកួត។ គួរឱ្យកោតសរសើរស្ងប់ស្ងែង និងមោទនភាពជាទីបំផុត គឺតារាម៉ូដែលវ័យក្មេងទាំង ៣រូប បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជាយើង ដោយបានឈ្នះមកុដម្នាក់មួយពីកម្មវិធីអន្តរជាតិដ៏ធំសម្បើមនេះ សរុបទាំងអស់ ៣ មកុដផ្សេងគ្នា។ ក្នុងនោះ កូនកាត់ខ្មែរ-ឥណ្ឌូនេស៊ី កុមារី ដូមីនិច អូនលី អាយុ ៨ឆ្នាំ បានឈ្នះជយលាភី Mini Miss Beauty Power Tourism Model 2025 , កូនកាត់ខ្មែរ-បារាំង កុមារី ហាមមើឡិត វ៉េណេសា អាយុ៨ឆ្នាំ បានឈ្នះជយលាភី Little Miss Beauty Power International Model 2025 រីឯ កូនកាត់ខ្មែរ-ប៉ាគីស្ថាន កុមារា អាសាន ចាវីឌ បានឈ្នះជយលាភី Little Mister Beauty Power International Model 2025។ ដើម្បីអបអរការឈ្នះជយលាភីមកុដ ៣ ផ្សេងគ្នាពីកម្មវិធី 2nd Edition BEAUTY POWER INTERNATIONAL FASHION WEEK 2025 ក្រុមគ្រួសារម៉ូដែលវ័យក្មេងទាំង ៣រូប និងស្ថាបនិក The RAMP Academy បានរៀបចំពិធីជប់លៀងទ្រង់ទ្រាយធំមួយ ជាការស្វាគមន៍ការត្រឡប់មកមាតុភូមិវិញជាមួយភាពជោគជ័យពីឆាកអន្តរជាតិដ៏ធំនេះ។ ពិធីស្វាគមន៍យ៉ាងកក់ក្តៅនេះ ត្រូវបានរៀបចំឡើង កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា កន្លងទៅ នៅ The Bay បឹងកក់ ដើម្បីអបអរសាទរភាពជោគជ័យរបស់ ដូមីនិច , វ៉េណេសា និង អាសាន ដែលបានបញ្ចេញសមត្ថភាពដើរម៉ូដដ៏ពូកែ ប្រកបដោយភាពអង់អាចក្លាហាន ក្នុងការប្រកួតប្រជែងជាមួយម៉ូដែលវ័យក្មេងចំនួន១២០នាក់ មកពី២២ប្រទេសជុំវិញពិភពលោក។ អាយុទើបតែ ៨ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ ដូមីនិច , វ៉េណេសា និង អាសាន ធ្វើឱ្យលោកគ្រូអ្នកគ្រូ ក្រុមគ្រួសារ និងញាតិមិត្តបងប្អូនមានមោទនភាពយ៉ាងខ្លាំង ខណៈដែលសាម៉ីខ្លួន ៣ ក៏រំភើបហើយសប្បាយចិត្តចំពោះលទ្ធផលដែលទទួលបាននាពេលនេះ។រំភើបលើសពីអ្វីដែលអាចរៀបរាប់បាន ស្ថាបនិក The RAMP Academy និងជាគ្រូវបង្វឹកផ្ទាល់របស់ប្អូនៗកុមារទាំង ៣រូប លោក Mathew Tan (ម៉ាតសៀវ តាន់) ចាត់ទុកថា ការប្រកួតអន្តរជាតិនៅឡាវ ជាការ challenge ធំបំផុតសម្រាប់លោក។ ប៉ុន្តែ គ្រប់យ៉ាងល្អលើសការរំពឹងទុករបស់លោក និងអាណាព្យាបាលកុមារទាំង ៣ ទៅទៀត។ បកប្រែសម្លេង៖ «នេះជាលើកទី១ហើយដែលខ្ញុំមានអារម្មណ៍ខ្លាច ខ្ញុំពិតជាខ្លាច ព្រោះបេក្ខភាពប្រកួតប្រមាណ១២០នាក់ឯណោះ អីចឹង ខ្ញុំគិតពីយុទ្ធសាស្រ្តថា ខ្ញុំគួរតែធ្វើអ្វី ធ្វើយ៉ាងមិច ... ក្នុងការប្រកួត យើងត្រូវសិក្សាពីក្រឡាដើរ និងចំនុចដែលធ្វើឱ្យយើងលេចធ្លោ ចឹងយើងគ្រាន់តែបង្រៀនហើយក៏ដល់ពេលប្រកួតតែម្តង។ ខ្ញុំត្រូវនិយាយ និងបង្វឹកពួកគាត់តែម្តង។ ដឹងអត់ថា ខ្ញុំបង្វឹកពួកគាត់ដល់ ១-២ភ្លឺ ព្រោះស្អែកជាការប្រកួតផ្តាច់ព្រ័ត្រ ខ្ញុំត្រូវរៀបចំគ្រប់យ៉ាង ... អ្វីដែលជាភាពអស្ចារ្យរបស់ក្មេងទាំង ៣ គឺពួកគេធ្វើអស់ពីសមត្ថភាព បញ្ចេញអស់នូវអ្វីដែលបានរៀនជាមួយ The RAMP Academy ពួកគេស្តាប់ហើយធ្វើតាមគ្រប់យ៉ាងតាមអ្វីដែលបានបង្រៀន។ ចំនុចល្អមួយទៀត គឺ ពួកគេមិនចាត់ទុកគ្នាជាដៃគូប្រកួតប្រជែង ពួកគេរីករាយជាមួយការប្រកួត ហើយពេញចិត្តនិងអ្វីដែលខ្លួនឯងបានបង្ហាញ ហើយខ្ញុំក៏មិនដាក់សម្ពាធលើកូនសិស្សគ្រប់គ្នាឡើយ»។មិនបន្ធូរបន្ថយដៃនោះឡើយ ក្រោយឈ្នះមកុដអន្តរជាតិពីឡាវ កូនឈាមផ្សំ២សាសន៍ ទាំង៣រូប ដូមីនិច , វ៉េណេសា និង អាសាន បន្តពង្រឹងសមត្ថភាពសិល្បៈរបស់ពួកគេ ទាំងការដើរបង្ហាញម៉ូដ រាំ ច្រៀង និងការសម្តែងជាដើម។ ដូច្នេះ ប្រសិនបើផលិតករតាមបណ្តាផលិតកម្មនានា និងក្រុមហ៊ុនឯកជនផ្សេងៗចាប់អារម្មណ៍សមត្ថភាព និងទេពកោសល្យសិល្បៈរបស់ប្អូនៗ លោកអ្នកអាចទំនាក់ទំនងទៅកាន់ផេកផ្លូវការសាលាបង្រៀនដើរម៉ូដ និងម៉ូដែល The RAMP Academy ឬផេកផ្លូវការរបស់ប្អូនទាំង ៣នាក់ ឈ្មោះថា Azan Javed , Hamelet Vanessa និង Dominique OunLee ដូមីនិច អូនលី៕ អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច