ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

បោះបង់អាជីពសិល្បៈច្រើនឆ្នាំ  នី មុនីនាថ ត្រៀមត្រឡប់ជាថ្មីក្រោយមើលឃើញចំណុចសំខាន់ៗទាំងនេះ ! 

០៨ ឧសភា ២០២៥ | កម្សាន្ដ

 

 

តារាសម្ដែងល្បីឈ្មោះកញ្ញា នី មុនីនាថ បានប្រកាសវិលមកកាន់វិថីសិល្បៈជាថ្មី ក្រោយពីបោះបង់ច្រើនឆ្នាំ។ ការវិលជាថ្មីព្រោះតែកញ្ញាមើលឃើញពីចំណុចសំខាន់ៗក្នុងវិស័យភាពយន្តបច្ចុប្បន្នបែបនេះ។

 

 

ស្ងាត់ពីឆាកសម្តែងអស់ពេលជាច្រើនឆ្នាំ ស្រាប់តែ តារាសម្តែង នី មុន្នីនាថ កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍បន្ទាប់ពីបានបង្ហោះរូបភាពតុបតែងការហាក់បីដូចជាកំពុងស្ថិតនៅក្នុងពិធីពិសេសរបស់ខ្លួន ។ 

 

 

 ជាតារាសម្តែងល្បីឈ្មោះមួយរូបនៅក្នុងសិល្បៈជំនាន់ជាមួយ សារ៉ាយ សក្ខណា ប៉ុន្តែច្រើនឆ្នាំមកនេះនាងបានបោះបង់ការសម្តែងចោលទាំងស្រុង ដើម្បីយកពេលវេលាទៅរកស៊ីជំនួសវិញ ។ សម្រាប់ឆ្នាំ២០២៥នេះ តារាសម្តែងរូបនេះ បានប្រកាសថា នឹងវិលត្រឡប់មកកាន់វិស័យសម្តែងឡើងវិញ ព្រោះវិស័យនេះហើយដែលបានធ្វើឱ្យនាងមានការកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃនេះ ។

 

 

កញ្ញា បានបញ្ជាក់ប្រាប់ថា ការងាររកស៊ីខាងផ្នែកសាឡនរបស់នាងពេលនេះគឺល្អប្រសើរនិងជោគជ័យខ្លាំង ត្រៀមនឹងពង្រើកហាងបន្ថែមទៀត ដូច្នេះហើយនាងមានពេលវេលាច្រើនដើម្បីងាកមកពង្រឹងការងារសម្តែងឡើងវិញ ។ ជាមួយនិងការត្រៀមខ្លួនវិលចូលសម្តែងនេះ នី មុនីនាថ ក៏បានបង្ហោះរូបភាពក្នុងឈុតរៀបការឱ្យអ្នកគាំទ្របានឃើញរហូតធ្វើឱ្យគ្រប់គ្នាគិតថានាងរៀបការយ៉ាងពិតប្រាកដ ។

 

 

ចំពោះរឿងនេះផងដែរកញ្ញា បានប្រាប់ថា នាងមិនទាន់រៀបការទេ ហើយឈុតដែលនាងតុបតែងខ្លួននេះគ្រាន់តែជាការសម្តែងក្នុងឈុតសម្តែងរឿងខ្លីប៉ុណ្ណោះ សូមមហាជនឈប់យល់ច្រឡំ ។ រឿងរៀបការចំពោះនាងគឺនៅវែងឆ្ងាយណាស់ ពីព្រោះនាងមានបន្ទុកធំនៅក្នុងគ្រួសារ ដែលពិបាករកបុរសណាមកទទួលខុសត្រូវ ដូច្នេះហើយទើបនាងសុខចិត្តនៅម្នាក់ឯងសិន ។   

 

 

ក្រៅពីការងារសិល្បៈនិងការងាររកស៊ី ជិត៥ឆ្នាំមកហើយដែលតារាសម្តែង នី មុនីនាថ បានបង្កើតមូលនិធិឈាម និងបានគៀងគរសប្បុរសជនដើម្បីបរិចាគឈាមទុកជួយដល់ជងរងគ្រោះដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ បើទោះបីជានាងមិនទទួលបានប្រាក់កម្រៃពីការងារនេះតែនាងរីករាយនិងចូលរួម ហើយធ្វើការងារនេះដោយការពេញចិត្ត ៕   
 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025