ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥

សហរដ្ឋអាមេរិកផ្អាកបញ្ជូនមីស៊ីលមួយចំនួនទៅប្រទេសអ៊ុយក្រែនបារម្ភថាអាវុធអស់ពីស្តុក

០៣ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

មន្ទីរបញ្ចកោណនៃសហរដ្ឋអាមេរិក បានផ្អាកបញ្ជូនមីស៊ីលការពារដែនអាកាសមួយចំនួន និងអាវុធដទៃផ្សេងទៀត ទៅប្រទេសអ៊ុយក្រែន ដោយបារម្ភថា សហរដ្ឋអាមេរិក មិនមានអាវុធទាំងអស់នេះគ្រប់គ្រាន់នៅក្នុងស្តុកអាវុធរបស់អាមេរិក។ យោងសារព័ត៌មានរ៉យទ័រផ្សាយនៅថ្ងៃអង្គារ(១កក្កដា)ដកស្រង់ប្រភពដែលស្និទ្ធិពីបញ្ហា។ 

 

ការផ្អាកការបញ្ជូនអាវុធមួយចំនួនទៅឱ្យរដ្ឋាភិបាលទីក្រៀវទៅតាមការសន្យារបស់រដ្ឋបាលអតីតប្រធានាធិបតីJoe Bidenកើតឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ប្រភពដដែលឱ្យដឹងថា មីស៊ីលការពារដែនអាកាសដែលប្រើបាញ់ទម្លាក់ដ្រូន និងមីស៊ីលរបស់ប្រទេសរុស្ស៊ី និងគ្រាប់ផ្លោងផ្សេងទៀត ស្ថិតនៅក្នុងចំណោមប្រភេទអាវុធដែលអាមេរិកផ្អាកការដឹកជញ្ជូនឱ្យអ៊ុយក្រែន។ 
 

តាមរយៈសារអេឡិចត្រូនិចEmail, មន្ទីរបញ្ចកោណ បានលើកឡើងថា មន្ទីរបញ្ចកោណ បានផ្តល់ជម្រើសផ្សេងៗឱ្យលោកប្រធានាធិបតីអាមេរិក Donald Trump  បន្តផ្តល់ជំនួយយោធាទៅឱ្យប្រទេសអ៊ុយក្រែន ដែលជម្រើសទាំងអស់នោះត្រូវធ្វើឡើងស្របតាមគោលបំណងបញ្ចប់សង្គ្រាមរុស្ស៊ីនៅប្រទេសអ៊ុយក្រែន។ 
 

ហើយនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រុស្ស៊ីដណ្តើមបានទឹកដីបន្ថែមទៀតជាពិសេស នៅតំបន់ Donetsk និងតំបន់Dnipropetrovskភាគខាងអាគ្នេយ៍ប្រទេសអ៊ុយក្រែន ហើយបានបង្កើនការវាយប្រហារដែនអាកាសនៅទូទាំងប្រទេសអ៊ុយក្រែន។ 


 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025