ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥
យោធាហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំនៅថ្ងៃច័ន្ទ(១កក្កដា)នេះ ដែលមានឈ្មោះថា«ប្រតិបត្តិការរន្ទះបាញ់» នៅជិតទីក្រុងPalayan ខេត្តNueva Ecija។ សមយុទ្ធនេះជាចំណែកនៃសមយុទ្ធយោធា «Salaknib» ដែលមានបំណងជួយពង្រឹងសមត្ថភាពប្រតិបត្តិការ, អន្តរប្រតិបត្តិការរួម និងការត្រៀមលក្ខណៈរួចរាល់ជាស្រេចសម្រាប់កិច្ចការពារសន្តិសុខក្នុងតំបន់។
ក្នុងសមយុទ្ធនេះ មានប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់(HIMARS)ចំនួន២គ្រឿង និងឧទ្ធម្ភាចក្រវាយប្រហារ AH-64 ចំនួន៤គ្រឿងពីយោធាអាមេរិក។
វរសេនីយ៍ទោយោធាអាមេរិក Alex Mulin បានរៀបរាប់ថា យោធាកាំភ្លើងធំហ្វីលីពីន បានចូលរួមជាមួយយោធាអាមេរិក បាញ់រ៉ុកកែតសរុបចំនួន២១គ្រាប់ ទៅលើតំបន់គោលដៅដែលមានចម្ងាយ១០,៨គីឡូម៉ែត្រ។ ទីតាំង ត្រូវបានជ្រើសរើសជាតំបន់ហ្វឹកហ្វឺនមានសុវត្ថិភាព និងប្រសិទ្ធិភាព សម្រាប់សមយុទ្ធបាញ់គ្រាប់ពិត។
យោធាអាមេរិករូបនេះបន្ថែមថា«យើងពង្រឹងភាពជាដៃគូរបស់យើងជាមួយយោធាហ្វីលីពីន ហើយគ្រោងនឹងបន្តសមយុទ្ធរួម និងមានការដាក់ចេញនូវការហ្វឹកហ្វឺនសំខាន់បន្ថែមទៀត រួមនិងការប្រើប្រាស់គ្រាប់កាំភ្លើងចម្រុះ»។
ពាក្យ Salaknib មានន័យថា «ខែល» នៅក្នុងភាសាIlocano របស់ប្រទេសហ្វីលីពីន ប្រើអំឡុងពេលសង្គ្រាមលោកលើកទី២នៅពេលប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិកប្រយុទ្ធរួមគ្នា។
ប្រែសម្រួល៖ណាវ័ន្ត