ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥

Donald Trump៖នឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀតប្រសិនបើចាំបាច់

២៨ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

លោកប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃសុក្រ(២៧មិថុនា) និយាយថា លោកនឹងពិចារណាទម្លាក់គ្រាប់បែកលើប្រទេសអ៊ឺរ៉ង់ជាថ្មីម្តងទៀត ប្រសិនបើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញូមដល់កម្រិតខ្ពស់ដែលធ្វើឱ្យអាមេរិកព្រួយបារម្ភ។

 

ស្របគ្នាប្រធានាធិបតីអាមេរិករូបនេះក៏បានលើកឡើងផងដែរថា លោកគាំទ្រការត្រួតពិនិត្យរបស់ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ IAEA ទៅលើទីតាំងនុយក្លេអ៊ែរអ៊ឺរ៉ង់ដែលអាមេរិកបានទម្លាក់គ្រាប់បែក។ 

 

«ច្បាស់ណាស់,មិនបាច់ឆ្ងល់ឡើយ,ពិតប្រាកដហើយ»។ នេះជាចម្លើយរបស់លោកប្រធានាធិបតីTrump នៅពេលសួរអំពីលទ្ធភាពនៃការទម្លាក់គ្រាប់បែកសារជាថ្មីទៅលើទីតាំងនុយក្លេអ៊ែរអ៊ឺរ៉ង់ប្រសិនបើមានការចាំបាច់នៅពេលណាមួយ។ 

 

ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានលោកTrump និយាយថា លោកគ្រោងនឹងឆ្លើយតបឆាប់ៗទៅនឹងការអត្ថាធិប្បាយរបស់មេដឹកនាំកំពូលរបស់ប្រទេសអ៊ឺរ៉ង់លោកAli Khamanei ដែលនិយាយថា អ៊ឺរ៉ង់បានទះកំផ្លៀងសហរដ្ឋអាមេរិក ដោយបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពដ៏សំខាន់របស់អាមេរិកនៅប្រទេសកាតាក្រោយអាមេរិកទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ឺរ៉ង់។ 

 

លោកប្រធានាធិបតីTrump និយាយថា លោកជឿជាក់ទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ឺរ៉ង់ត្រូវបានបំផ្លាញចោល។ ប្រធានាធិបតីអាមេរិករូបនេះ បានបដិសេធចំពោះការលើកឡើងផ្សេងៗដែលថា ការខូចខាតនៅទីតាំងនុយក្លេអ៊ែរ មិនដូចអ្វីដែលលោកអះអាង។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025