ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥

អ្នកជំនាញ និងកសិករខ្មែរ៖ ការបិទព្រំដែនកម្ពុជា-ថៃ ជាឱកាសល្អ សម្រាប់កសិករចាប់ផ្តើមពង្រឹងសមត្ថភាពក្នុងការផលិតបន្លែ និងជំនួសបានទាំងស្រុងដោយផលិតផលក្នុងស្រុក 

២៨ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

អ្នកជំនាញក្នុងវិស័យកសិកម្ម នៅខេត្តសៀមរាប និងកសិករខ្មែរ នៅខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្រោយការបិទព្រំដែនមិនឲ្យនាំចូលបន្លែ កសិករមិនមានការព្រួយបារម្មណ៍ឡើយ ព្រោះអាចនិយាយបានថា វាអាចជាឱកាសល្អ សម្រាប់ឲ្យកសិករចាប់ផ្តើមពង្រឹងសមត្ថភាពក្នុងការផលិត ខណៈរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអះអាងថា បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តរភាពនៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាព នៃខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេស។

 

 

ស្របពេលដែលមានការបិទការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ ក្រសួងកសិកម្ម បានបញ្ជាក់ថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀតបាន។ កសិករ និងអ្នកជំនាញកសិកម្ម បានលើកឡើងថា មុខរបរដាំបន្លែរបស់កសិករនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ នឹងជួយជំរុញជីវភាពរស់នៅរបស់កសិករឲ្យមានភាពល្អប្រសើរ កាត់បន្ថយការនាំចូល និងបំពេញតម្រូវការក្នុងស្រុក លើកទឹកចិត្តឲ្យអ្នកប្រើប្រាស់ងាកមកគាំទ្រនូវបន្លែ ដែលដាំតាមស្តង់ដារសុវត្ថិភាព មិនប្រើប្រាស់សារធាតុគីមី។ 

 


លោកស្រី ប៊ូ សៅឌី រស់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានបទពិសោធន៍ដាំបន្លែចម្រុះរយៈពេល ២៥ឆ្នាំ លោកស្រី បានឲ្យក្រុមការងារសេដ្ឋកិច្ច ភីអិនអិនដឹងថា បច្ចុប្បន្ន លោកស្រីជាកសិករដាំបន្លែនៅលើទំហំដី ៦ពាន់៤រយ ម៉ែត្រការ៉េ រួមមានបន្លែ ៤ប្រភេទ ដូចជា ប៉េងបោះឈើរី ខាត់ណាផ្កា ប៉េងបោះហាវៃ និងត្រសក់ផ្អែម។ ក្នុងនោះ ចំណាយដើមទុន ៥លានរៀល ដោយចំណាយពេលវេលា ៣ខែ ចាប់តាំងពីការដាំដុះរហូតដល់ការប្រមូលផល ខណៈក្នុងឆ្នាំ ២០២៥នេះ លោកស្រី ទទួលបានទិន្នផល និងតម្លៃជាទីគាប់ប្រសើរ។  

 


លោកស្រី ប៊ូ សៅឌី បានបន្តថា បច្ចុប្បន្ន លោកស្រី និងកសិករដាំបន្លែដទៃទៀត នៅខេត្តបន្ទាយមានជ័យ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីស្ថាប័នពាក់ព័ន្ធ មានរាជរដ្ឋាភិបាល មន្ទីរកសិកម្ម អង្គការនានា ដែលបានគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងមន្ទីរពាណិជ្ជកម្ម តាមរយៈគម្រោង អេមស៍ អង្គការ IDE និងគម្រោង ណែតឆ័រ ជាដើម។ ដោយសារ តែមានការគាំទ្រផ្នែកទីផ្សារទាំងនេះ បានធ្វើឲ្យការដាំដុះរបស់កសិករ កាន់តែមានប្រសិទ្ធភាព កាត់បន្ថយហានិភ័យ។ កត្តាទាំងអស់នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព ការសិក្សារបស់កូន និងមិនចាំចាច់ឲ្យកសិករទៅរកការងាធ្វើឆ្ងាយពីស្រុកកំណើត។ 

 


លើសពីនេះ កសិករ មិនមានការព្រួយបារម្មណ៍ទៅលើការបិទច្រកព្រំដែនឡើយ ព្រោះកសិករយល់ឃើញថា ការបិទច្រក គឺជាការបិទមិនឲ្យមានការហូរចូលបន្លែ។ ផ្ទុយទៅវិញកសិករមានក្តីសប្បាយរីករាយ និងបាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រ ប្រើសប្រាស់ផលិតផលរបស់ខ្មែរ កាលណាមានទីផ្សារ ច្បាស់ណាស់នឹងមានការដាំដុះ ថែមទាំងអាចកាត់បន្តយនូវការចំណាយថ្លៃផ្នែកសេដ្ឋកិច្ចបន្លែផ្លែឈើពីប្រទេសកម្ពុជា ទៅប្រទេសថៃផងដែរ។ដូច្នេះ បន្លែដែលកសិករដាំ អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កសិករ ក៏ទទួលបានតម្លៃសមរម្យ មិនព្រួយរឿងបន្លែជន់ ខណៈកសិរកនៅខេត្តបន្ទាយមានជ័យ ប្រមូលផលបន្លែចម្រុះ និងបន្លែស្លឹក ១តោនជាងជារៀងរាល់ថ្ងៃ បោះលក់ទៅខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។

 

 

ចំណែក លោក ទួត សេងហ័ង ជាអ្នកគ្រប់គ្រងផលិតកម្មសាកវប្បកម្មធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ នៃគម្រោងស៊ីស្មាត អង្គការ អាយ ឌី អ៊ី នៅខេត្តសៀមរាប បានលើកឡើងថា ប្រភពនៃការនាំចូលបន្លែមិនមែនមានតែប្រទេសថៃតែមួយនោះទេ បើទោះបីជាមានការបិទខ្ទប់មិនឲ្យមានការហូរចូលពីប្រទេសថៃ តែក៏នៅតែមានលំហូរចូលបន្លែពីខាងវៀតណាម និងចិន នៅតែបន្តចរាចរណ៍ជាធម្មតា ខណៈនៃការហូរចូលបន្លែពីវៀតណាម មានលំហូរច្រើនជាងថៃ។ លោក ទួត សេងហ័ង បន្តថា លោក និង កសិករមួយចំនួនដូចគ្នាដែរ មិនមានការព្រួយបារម្មណ៍ចំពោះការបិទព្រំដែននៅពេលនេះនោះទេ ព្រោះអាចនិយាយបានថា វាអាចជាឱកាសល្អ សម្រាប់ឲ្យកសិករចាប់ផ្តើមពង្រឹងសមត្ថភាពក្នុងការផលិត ហើយក៏ជាឱកាសរបស់កសិករខ្មែរក្នុងការពង្រីកផ្ទៃដីដាំដុះ បន្លែ និងផ្លែឈើ ដើម្បីបំពេញតម្រូវការក្នុងស្រុកជំនួសឲ្យការនាំចូល ខណៈនៅពេលនេះបន្លែផ្លែឈើខ្មែរ ចាប់ផ្ដើមមានទីផ្សារ ហើយបានធ្វើឲ្យកសិករខ្មែរមានកម្លាំងចិត្តនៅក្នុងការផលិតដំណាំកសិកម្មរបស់ខ្លួន។ 

 

ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានគូសបញ្ជាក់លើហ្វេសប៊ុករបស់ ឯកឧត្តម នៅថ្ងៃទី១៧ ខែមិថុនាថា ស្របពេលដែលមានការបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង រាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀត។ ក្រសួង បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តរភាពនៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាពនៃការផ្គត់ផ្គង់នៅក្នុងប្រទេស។

 


គួររម្លឹកថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរបន្លែ និងផ្លែឈើ កុំឆ្លៀតឱកាសតម្លើងថ្លៃទំនិញ ដោយយកចំណេញហួសប្រមាណ ដែលនាំឲ្យមានការលំបាកដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ក្នុងស្រុកខ្លួនឯង ពោលត្រូវរួមគ្នា សាមគ្គីគ្នា បន្ទាប់ពីកម្ពុជាមានការប្រមាថនិងគំរាមគំហែងពីភាគីយោធាថៃ ខណៈសម្តេចមហាបវរធីបតី មានការជឿជាក់ថា អាជីវករខ្មែរមិនតម្លើងថ្លៃទំនិញនៅពេលនេះឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានងាកមកជំរុញឲ្យមានការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុកជំនួសវិញ ខណៈកម្ពុជាមានលទ្ធភាពម្ចាស់ការណ៍គ្រប់គ្រាន់ និងឯករាជ្យក្នុងការរស់នៅ ដោយមិនពឹងដង្ហើមប្រទេសជិតខាងដើម្បីដកនោះឡើយ ពោល បើទោះបីមិនមានទំនិញមួយចំនួននាំចូល តែអាចផ្គត់ផ្គង់បាននៅក្នុងស្រុក។


គួរជម្រាបថា យោងតាមក្រសួងកសិកម្ម បានបង្ហាញថា កម្ពុជា មានតម្រូវការបន្លែជាង ១លានតោន ក្នុងនោះ ផលិតខ្លួនឯងបានជាង ៧០ម៉ឺនតោន និងនាំចូលជាង ៣០ម៉ឺនតោន។ ការផ្គត់ផ្គង់បន្លែ អាចប្រែប្រួលតាមរដូវកាល ពោល គឺនៅរដូវប្រាំងកម្ពុជាអាចផ្គត់ផ្គង់បន្លែបានក្រោម ៧០% តែនៅរដូវរំហើយ កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់បាន ៨០%៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025