ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥

វៀតណាម ពង្រឹងការនាំចេញគ្រឿងសមុទ្រទៅកាន់ទីផ្សារពិភពលោក

២៧ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

សហគមន៍ និងអាជីវកម្មគ្រឿងសមុទ្រវៀតណាម បានបង្ហាញគោលបំណងធ្វើទំនើបកម្ម និងការអភិវឌ្ឍវិស័យប្រកបដោយនិរន្តរភាព ធ្វើឱ្យ ការនាំចេញគ្រឿងសមុទ្រ កាន់តែមានការប្រកួតប្រជែងជាសកល នៅឆ្នាំ ២០៣០។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានឱ្យដឹងថា បច្ចុប្បន្ន វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ លើពិភពលោក សម្រាប់ការនាំចេញអាហារសមុទ្រ ដែលមានចំនួនជាង ៧%នៃចំណែកទីផ្សារពិភពលោក តាមពីក្រោយប្រទេសចិន និងន័រវេស។

 


ទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្មនេះកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន និងការប្រកួតប្រជែងដ៏ខ្លាំងក្លា ចំពេលមានការប្រែប្រួលពាណិជ្ជកម្មសកល។
ការអភិវឌ្ឍន៍របស់វិស័យមួយនេះ មិនត្រឹមតែផ្អែកលើតួលេខនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការកែលម្អប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងប្រាក់ចំណេញក្នុងខ្សែសង្វាក់តម្លៃទាំងមូលផងដែរ។

 


បញ្ហាសំខាន់មួយដែលឧស្សាហកម្មគ្រឿងសមុទ្រវៀតណាម ត្រូវដោះស្រាយគឺ ការនាំចេញនៅទ្រឹងដែលខ្លួនបានជួបប្រទះក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ដោយមានទំហំប្រហែល ៨ ទៅ ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈតួលេខនេះ គឺនៅឆ្ងាយពីគោលដៅ ១៤ ទៅ ១៦ពាន់លានដុល្លារ ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃវិស័យអាហារសមុទ្រសម្រាប់ឆ្នាំ ២០៣០។អនុប្រធាន VASEP លោក Truong Thi Lê Khanh បានមានប្រសាសន៍ថា ឧស្សាហកម្មគ្រឿងសមុទ្រកំពុងប្រឈមមុខនឹងបញ្ហាទាំងខាងក្រៅ និងខាងក្នុង។

 


គួរជម្រាបថា ទីផ្សារអាហារសមុទ្រសំខាន់ៗ ក៏កំពុងអនុវត្តស្តង់ដារតឹងរ៉ឹងកាន់តែខ្លាំងឡើង ទាក់ទងនឹងគុណភាព សុវត្ថិភាពចំណីអាហារ និងនិរន្តរភាពបរិស្ថាន ដោយដាក់កម្រិតលើសមត្ថភាពរបស់អាជីវកម្មវៀតណាម ក្នុងការចូលទៅកាន់ទីផ្សារទាំងនេះ ហើយការប្រកួតប្រជែងអន្តរជាតិកាន់តែខ្លាំង មកពីប្រទេសមួយចំនួនដូចជា ឥណ្ឌា អេក្វាឌ័រ ថៃ និងចិន ដែលពួកគេ កំពុងបន្តធ្វើឱ្យប្រសើរឡើងនូវបរិមាណ និងគុណភាពនៃការនាំចេញអាហារសមុទ្ររបស់ពួកគេ៕ 
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025