ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា បង្ហាញបំណងស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក

២៥ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា កូកា កូឡា បានបង្ហាញការប្តេជ្ញាចិត្តស្វែងរកដៃគូផ្គត់ផ្គង់វត្ថុធាតុដើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជា។ 

 

 

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការស្វែងរក ដៃគូផ្គត់ផ្គង់វត្ថុធាតុដើមនៅក្នុងស្រុក ដែលមានគុណភាព និងកម្លាំងផលិតភាពស្របទៅតាមតម្រូវការផលិតកម្មរបស់ក្រុមហ៊ុន។ 

 


ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាកត្តាដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងនោះ ការទិញធាតុចូល ឬប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក វិនិយោគិន នឹងទទួលបានការលើកចិត្តបន្ថែម ដែលនេះគឺជាការលើកទឹកចិត្តមួយក្នុងចំណោមយន្តការលើកទឹកចិត្តជាច្រើនដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីទាក់ទាញ និងជំរុញការវិនិយោគប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព។ 

 


ជាការឆ្លើយតប លោក Paulo Gaspar Rodrigues នាយកប្រតិបត្តិក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹង និងពង្រីកប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា សំដៅជាចំណែកដល់ការចូលរួម អភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

 


ទន្ទឹមនឹងនេះ ផលិតភាព ពិពិធកម្ម និងការវិនិយោគក្នុងស្រុក ជាកត្តាគន្លឹះសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។ សូមជម្រាបថា ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សា អំពីបច្ចុប្បន្នភាពនៃដំណើរការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងចំណុចគន្លឹះពាក់ព័ន្ធនានា សំដៅលើកកម្ពស់កិច្ចសហការឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត រវាងផ្នែករដ្ឋ និងក្រុមហ៊ុនផ្ទាល់៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា  រូបភាព៖ ឯកសារ 
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025