ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
ក្នុងខែឧសភា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៤ម៉ឺន ៤ពាន់កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ក្នុងខែឧសភា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារអាម៉េរិក មានការកើនឡើងខ្ពស់ បើធៀបនឹងខែឧសភា ឆ្នាំ ២០២៤ ដែលមានគម្រោងវិនិយោគ ត្រូវបានចុះបញ្ជីចំនួន ២៥គម្រោង គិតជាដើមទុនសរុប ២៤៦លានដុល្លារអាមេរិក។
ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន ៥៩គម្រោង គឺមានគម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៨គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២១គម្រោង។
ការវិនិយោគក្នុងខែឧសភា បានគ្របដណ្តប់លើវិស័យឧស្សាហកម្មប្រមាណ ៥៧៩លានដុល្លារ បន្ទាប់មកគឺ វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗប្រមាណ ២៣៧លានដុល្លារ។ចំពោះប្រភពទុនវិនិយោគឈានមុខ គឺប្រទេសចិន មានចំណែក ៨៤%, សិង្ហបុរី មានចំណែក ៣% ខណៈកម្ពុជា មានចំណែក ៨% នៃទុនវិនិយោគសរុប។
ទន្ទឹមគ្នានេះ រយៈពេល ៥ខែ ដើមឆ្នាំ ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ២៩០គម្រោង ដោយគម្រោងទាំងអស់ មានទុនវិនិយោគសរុបប្រមាណ ៤ពាន់ ២រយលានដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ៤១៤គម្រោង គិតជាទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារអាមេរិក ដោយវិស័យឧស្សាហកម្ម ជាវិស័យលេចធ្លោជាងគេក្នុងការស្រូបទាញវិនិយោគក្នុងឆ្នាំ ២០២៤៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ